ក្រុមហ៊ុន៖ យុវជន​កម្ពុជា​ពុំ​សូវ​ចាប់​យក​ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន

0:00 / 0:00

តំណាង​ក្រុមហ៊ុន​ជប៉ុន ប្រចាំ​កម្ពុជា ត្អូញត្អែរ​ថា ពិបាក​ស្វែង​រក​យុវជន​មក​បម្រើ​ការងារ។ តំណាង​ក្រុមហ៊ុន​ជប៉ុន ឲ្យ​ដឹង​ថា បញ្ហា​នេះ​ភាគ​ច្រើន​យុវជន​កម្ពុជា ដែល​បញ្ចប់​ការសិក្សា មិន​សូវ​ចាប់​យក​ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដោយសារ​កត្តា​២ គឺ​ប្រាក់ខែ និង​ជំនាញ​ភាសា។

តំណាង​ក្រុមហ៊ុន​ជប៉ុន ប្រចាំ​កម្ពុជា ចង់​ឃើញ​យុវជន​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ចាប់​យក​ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ឲ្យ​ច្រើន។

ការ​លើក​ឡើង​របស់​តំណាង​ក្រុមហ៊ុន​ជប៉ុន ប្រចាំ​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិព័រណ៍​ការងារ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ដែល​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្ដល់​ឱកាស​ការងារ​ល្អៗ​ពី​ក្រុមហ៊ុន​ជប៉ុន ផ្ដល់​ការ​ណាត់​ជួប​ដោយ​ផ្ទាល់​រវាង​ក្រុមហ៊ុន និង​យុវជន នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន ហៅ​កាត់​ថា ស៊ី.ជេ.ស៊ី.ស៊ី (CJCC) កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

​ជា​អ្នក​សម្របសម្រួល​ជាមួយ​ភាគី​ជប៉ុន និង​ជា​អ្នក​តំណាង​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ជប៉ុន ដែល​ចូល​រួម​ពិព័រណ៍​ការងារ​ទាំង​អស់ អ្នកស្រី ណាំ សុធៀង បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​រឿង​រាល់​ឆ្នាំ​បណ្ដា​ក្រុមហ៊ុន​ជប៉ុន ប្រចាំ​កម្ពុជា តែង​ប្រារព្ធ​ពិព័រណ៍​ការងារ​យ៉ាង​ណា​ក៏ដោយ ក៏​បណ្ដា​ក្រុមហ៊ុន​ជប៉ុន នៅ​តែ​ពិបាក​ស្វែង​រក​យុវជន​ឲ្យ​បម្រើ​ការងារ។

អ្នកស្រី​លើក​ឡើង​ថា បញ្ហា​នេះ​មិន​មែន​មាន​ន័យ​ថា បណ្ដា​ក្រុមហ៊ុន​ជប៉ុន មិន​បាន​ផ្ដល់​ឱកាស​ដល់​យុវជន​នោះ​ទេ តែ​ភាគ​ច្រើន​យុវជន​ច្រើន​តែ​គិត​ថា ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ទទួល​បាន​ប្រាក់ខែ​ទាប ពិសេស​យុវជន​ដែល​បញ្ចប់​ការ​សិក្សា​មួយ​ចំនួន​តែង​រារែក​លើ​ភាសា និង​ជំនាញ​របស់​ពួកគេ៖ «យុវជន​គាត់​អត​សូវ​ចាប់​អារម្មណ៍​ជាមួយ​ការងារ​ជប៉ុន តែ​ទោះ​ជា​យ៉ាង​ណា យើង​នឹង​ព្យាយាម​ឲ្យ​ពូក​គាត់​ងាក​មក​ចាប់​អារម្មណ៍​បន្តិច​ម្តងៗ។ ដូច្នេះ​សូម​ឲ្យ​យុវជន​កុំ​គិត​ថា ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន បាន​ប្រាក់ខែ​ទាប តែ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​យុវជន​អាច​ទទួល​យក​បាន»

​តំណាង​ក្រុមហ៊ុន​ជប៉ុន រូប​នេះ បាន​លើក​ឡើង​ទៀត​ថា ភាគច្រើន​យុវជន សិក្សា​ជំនាញ​ចម្រុះ​មិន​សូវ​មាន​អ្នក​សិក្សា​ត្រូវ​ជំនាញ​នោះ​ទេ កត្តា​នេះ​ហើយ​ដែល​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យុវជន​មាន​គម្លាត​កាន់​តែ​ឆ្ងាយ មិន​អាច​ឈាន​ចូល​ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន បាន។

អ្នកស្រី​ថា បញ្ហា​នេះ​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ទាំង​អស់ កំពុង​យក​ចិត្ត​ទុក​ដាក់​ជំរុញ​យុវជន​កម្ពុជា ប្រឡូក​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ឲ្យ​បាន​ច្រើន ដើម្បី​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

​ចំណែក​យុវជន នង ផល្លី និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​ចូលរួម​ពិធី​ពិព័រណ៍​ការងារ​នេះ បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា កញ្ញា​ចង់​បម្រើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ប៉ុន្តែ​កញ្ញា​នៅ​ព្រួយ​បារម្ភ​ជំនាញ​ភាសា ព្រោះ​ភាគ​ច្រើន​បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ ច្រើន​តែ​រើស​យក​អ្នក​មាន​ជំនាញ​ភាសា​ច្រើន​ជាង។ កញ្ញា​បន្ត​ថា បច្ចុប្បន្ន​កញ្ញា​កំពុង​ត្រៀម​ខ្លួន​រៀន​ភាសា​ជប៉ុន ដើម្បី​ទទួល​បាន​ឱកាស​នេះ។

​ទន្ទឹម​គ្នា​នេះ ជា​យុវជន​ដែល​ចូល​រួម​ពិធី​ពិព័រណ៍​ការងារ​ម្នាក់​ទៀត លោក ឆេង ដា លើក​ឡើង​ដែរ​ថា មាន​យុវជន​កម្ពុជា ច្រើន​ដែល​បញ្ចប់​ការ​សិក្សា​តែ​គ្មាន​ការងារ​ធ្វើ។ លោក​ថា មិន​មែន​មាន​ន័យ​ថា យុវជន​ទាំង​នោះ​គ្មាន​សមត្ថភាព​នោះ​ទេ តែ​ដោយសារ​ពួកគេ​កង្វះ​ព័ត៌មាន​ពី​ទីផ្សារ​ការងារ ហើយ​លោក​សង្ឃឹម​ថា ពិព័រណ៍​ការងារ​នេះ នឹង​ជួយ​តម្រង់​ផ្លូវ​យុវជន​អាច​ទទួល​ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន៖ «ខ្ញុំ​យល់​ថា យុវជន​ចាប់​អារម្មណ៍​ជាមួយ​ការងារ​ជប៉ុន តែ​ដោយសារ​ពួកគេ​ខ្វះ​ព័ត៌មាន​ការងារ»

​ពិធី​ពិព័រណ៍​ការងារ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ប្រចាំ​កម្ពុជា បាន​តាំង​បង្ហាញ​តំណែង​ជាង ៦០ មក​ពី​ក្រុមហ៊ុន​ជប៉ុន ចំនួន ១២។ អ្នក​រៀបចំ​កម្មវិធី​រំពឹង​ថា នឹង​មាន​យុវជន​ជាង ៧០០​នាក់ ចាប់​យក​ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន។ ទោះ​ជា​​យ៉ាង​ណា បណ្ដា​ក្រុមហ៊ុន​ជប៉ុន ទាំង​នោះ មិន​ទាន​បាន​បង្ហាញ​ច្បាស់​នៅ​ឡើយ​ពី​ចំនួន​យុវជន​ដែល​បាន​ចាប់​យក​ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។