យុវជន​ស្វែង​យល់​អំពី​មូលហេតុ​និង​ផល​ប៉ះពាល់​នៃ​វប្បធម៌​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម

0:00 / 0:00

យុវជន​ប្រមាណ ៣០០​នាក់ បាន​ជួប​ជុំ​គ្នា​ស្វែង​យល់​អំពី​មូលហេតុ និង​ផល​ប៉ះពាល់​នៃ​វប្បធម៌​គ្មាន​ទំនួល​ខុស​ត្រូវ​នៅ​ក្នុង​សង្គម​ខ្មែរ។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​យុវជន បាន​បើក​វេទិកា​នេះ​នៅ​ថ្ងៃ​ទី​២៤ មេសា ដើម្បី​ឲ្យ​យុវជន​ងាក​មក​ចាប់​អារម្មណ៍ និង​ចេះ​វិភាគ ហើយ​ស្វែង​យល់​ពី​ផល​ប៉ះពាល់​នៃ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង​ពី​បទពិសោធន៍​អតីតកាល​ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​កែលំអ​សង្គម​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​យុវជន ស្នើ​ឲ្យ​យុវជន​ចាប់​ផ្ដើម​ស្វែង​យល់ និង​ផ្លាស់ប្ដូរ​នូវ​ផ្នត់​គំនិត​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម ស្រប​ពេល​ដែល​ប្រទេស​នេះ​ខ្វះ​មនុស្ស​គំរូ​ដើម្បី​អនុវត្ត​តាម។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វាយ.អ.ឌី.ភី (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ករណី​ជាច្រើន​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម ដែល​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ។ លោក​ថា បើ​សិន​ជា​រឿង​ទាំង​នេះ​នៅ​តែ​បន្ត​កើត​មាន វា​នឹង​ក្លាយ​ទៅ​ជា​មរកត​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ នឹង​ប្រើប្រាស់​វប្បធម៌​ដដែល​នេះ​ត​ទៅ​ទៀត បើ​សិន​ជា​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ៖ «ខ្ញុំ​មើល​ទៅ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សង្គម​ហាក់​បី​ដូចជា​ខ្វះ​គំរូ​ភាព​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​នេះ មាន​តែ​យុវជន គាត់​ត្រូវ​ស្វែង​យល់​ ខ្លួន​ឯង ចាប់​ផ្ដើម ​ផ្លាស់ប្ដូរ​ នូវ​ផ្នត់ ​គំនិត​ ខ្លួន​ឯង បើ​ចាំ​ឲ្យ​មាន​ឥទ្ធិពល​នៃ​គំរូ​ភាព​ផ្សេងៗ​នៅ​ក្នុង​សង្គម ប្រហែល​ជា​មិន​មាន​ច្រើន​ទេ»។

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​យុវជន ស្ដីពី​វប្បធម៌​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​ខ្មែរ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ មេសា នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ស៊ី.ជេ.ស៊ី.ស៊ី (CJCC)។ នៅ​ក្នុង​វេទិកា​នោះ គេ​ក៏​បាន​លើក​ឡើង​នូវ​ប្រព្រឹត្តិការណ៍​មួយ​ចំនួន​ពី​ទម្លាប់​នៃ​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​ប្រទេស មាន​ជាអាទិ៍ ការ​គប់​គ្រាប់​បែក​មុខ​រដ្ឋសភា បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ក្នុង​ពេល​ដែល លោក សម រង្ស៊ី ដឹក​នាំ​ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​នៅ​ឆ្នាំ​១៩៩៧ ការ​បាញ់​សម្លាប់​សិល្បករ​នៅ​កណ្ដាល​ទីក្រុង អំពើ​ឃាតកម្ម​លើ​សកម្មជន​កម្មករ សកម្មជន​បរិស្ថាន ការ​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១០។ ការ​បាញ់​កាំជ្រួច​ខុស​បច្ចេកទេស​នៅ​ថ្ងៃ​គ្រងរាជ្យ​សម្បត្តិ​ព្រះមហាក្សត្រ បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​ករណី​ពលរដ្ឋ​ស្លាប់ និង​របួស​ដោយ​គ្រាប់​កាំភ្លើង ដោយ​ការ​បង្ក្រាប​ពី​កង​កម្លាំង​សមត្ថកិច្ច​ក្នុង​ពេល​តវ៉ា ជាដើម។ រហូត​មក​ទល់​ពេល​នេះ ទាំង​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ នៅ​តែ​ដង្ហោយ​ហៅ​រក​យុត្តិធម៌​នៅ​ឡើយ។

ក្រុម​យុវជន​ជាច្រើន​ដែល​បាន​ចូលរួម​វេទិកា​នេះ បាន​ចាប់​អារម្មណ៍​ខ្លាំង​អំពី​ការ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ហេតុការណ៍​ទាំង​នោះ​របស់​រដ្ឋាភិបាល។

យុវតី សួន សុវណ្ណ អាយុ ២៣​ឆ្នាំ ជា​និស្សិត​សិក្សា​មុខវិជ្ជា​ប្រវត្តិវិទ្យា ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​មតិ​ថា ពិត​ជា​ពិបាក​នឹង​រក​អ្នក​ដឹក​នាំ​ល្អ ឬ​អ្នក​នយោបាយ​ណា​សម្រាប់​យក​គំរូ​តាម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ណាស់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​នាង​បាន​ចូលរួម​ក្នុង​សកម្មភាព​នានា​ក្នុង​សង្គម អាច​ឲ្យ​នាង​យល់​ដឹង និង​ប្រើប្រាស់​ធនធាន​ដែល​ខ្លួន​មាន​សម្រាប់​សង្គម៖ « នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូលរួម​រាល់​សិក្ខាសាលា ក៏ដូចជា​បញ្ហា​ទាក់ទង​សង្គម​ដូច​ថ្ងៃ​នេះ អ៊ីចឹង​វា​ ធ្វើ​ឲ្យ ​ខ្ញុំ​ដឹង​ច្រើន។ ខ្ញុំ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សង្គម មិន​ត្រូវ​តែ​ពី​ខ្លួន​ឯង​ទេ ព្រោះ​បើ​គិត​តែ​ខ្លួន​ឯង វា​ធ្វើ​ឲ្យ​សង្គម​គេ​ហៅ​ថា​អត់​ អភិវឌ្ឍ​ទេ វា​ធ្វើ​ឲ្យ​សង្គម​យើង​ធ្លាក់​ចុះ »

និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ខេមរៈ យុវជន សុក ក្ដាត ថ្លែង​ថា គាត់​នឹង​ចាប់​ផ្ដើម​រៀន​ទទួល​ខុស​ត្រូវ​ដោយ​ផ្ដើម​ចេញ​ពី​ខ្លួន​ឯង​ផ្ទាល់៖ « ជាក់ស្ដែង​ក្នុង​សង្គម​ខ្មែរ​យើង យើង​ឃើញ​ថា ពិបាក​រក​អ្នក​ដែល​យក​មក​ធ្វើ​ជា​គំរូ។ សម្រាប់​សិស្ស​និស្សិត​ដូចជា​ខ្ញុំ​ដែរ ទំនួល​ខុស​ត្រូវ​ទី​១ ចំពោះ​ខ្លួន​ឯង គឺ​យើង​ត្រូវ​ចំណាយ​ពេលវេលា​ចំពោះ​ខ្លួន​ឯង​ឲ្យ​មាន​ផល​ប្រយោជន៍​ច្រើន​ជាង​យក​ពេលវេលា​ទៅ​ខ្ជះខ្ជាយ​មិន​មាន​ការ​រីក​ចម្រើន »

សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​វេទិកា​នេះ បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​កាត់​ផ្ដាច់​នូវ​លំហូរ​នៃ​វប្បធម៌​មិន​ទទួល​ខុស​ត្រូវ​នេះ លោក​អំពាវនាវ​ឲ្យ​យុវជន​ចាប់​ផ្ដើម​ស្វែង​យល់ និង​ផ្លាស់ប្ដូរ​នូវ​ផ្នត់​គំនិត​ចេញ​ពី​ខ្លួន​ឯង​ម្នាក់ៗ ឲ្យ​រៀន​ចេះ​ទទួល​ខុស​ត្រូវ​ចាប់​តាំង​ពី​កិច្ចការ​តូចៗ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។