"យុវជន​ជា​ភ្នាក់ងារ​សំខាន់​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា"

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើក​ឡើង​ថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​កម្ពុជា ភាគ​ច្រើន​លើសលប់​ជា​បុរស​ដែល​មាន​វ័យ​ក្មេង ជាពិសេស​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី។ កត្តា​នេះ​ជា​ផ្នែក​មួយ ដែល​រាំង​ស្ទះ​ដល់​ការ​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​កម្ពុជា។ ទាំង​មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល យល់​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ យុវជន​គឺ​ជា​ចលករ​សំខាន់​ក្នុង​ការ​ចូលរួម​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។

ក្នុង​វេទិកា​ជជែក​ពិភាក្សា​យុវជន​ស្ដីពី "ទស្សនៈ​យេនឌ័រ និង​ការ​ចូលរួម​របស់​យុវជន​ជា​បុរស ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី" នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ចាត់​ទុក​ថា អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ក្តៅ ជា​បញ្ហា​អាទិភាព តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​សង្គម និង​ប្រទេស​ជាតិ​ប្រកប​ដោយ​សមធម៌។

ថ្លែង​ទៅ​កាន់​វេទិកា​ជជែក​ពិភាក្សា​យុវជន អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​លើ​ស្ត្រី គឺ​ជា​ការ​រំលោភ​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ ដែល​កើត​ឡើង​ដោយ​វិសមភាព​យេនឌ័រ​រវាង​បុរស និង​ស្ត្រី​នៅ​ក្នុង​សង្គម។ អ្នកស្រី​ថា វេទិកា​ជជែក​ពិភាក្សា​យុវជន​នៅ​ពេល​នេះ គឺ​ជា​សកម្មភាព​ច្នៃប្រឌិត ក្នុង​ការ​កៀរគរ​ក្រុម​បុរស​វ័យ​ក្មេង​ឲ្យ​បាន​ចូលរួម​ពិភាក្សា និង​ធ្វើ​សកម្មភាព​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​កាន់​តែ​ខ្លាំង​ឡើង៖ «យើង​បាន​ឃើញ​ថា អ្នក​ប្រព្រឹត្តិ​អំពើ​ហិង្សា ភាគ​ច្រើន​ជា​បុរស ចឹង​យើង​ត្រូវ​ផ្ដោត​យុទ្ធនាការ​របស់​ទៅ​លើ​បុរស ពិសេស​បុរស​វ័យ​ក្មេង​ដើម្បី​ជា​អ្នក​នាំ​សារ​ទៅ​កាន់​យុវវ័យ​ដទៃ​ទៀត ឲ្យ​ក្លាយ​ទៅ​ជា​បុរស​ល្អ ដើម្បី​អនាគត​ខ្លួន​គាត់ គ្រួសារ និង​សង្គម​ជាតិ»

ជាមួយ​គ្នា​នេះ​ដែរ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ណុះ ស្លេះ មាន​ប្រសាសន៍​ថា ការ​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី ចាំបាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ពិសេស​បុរស និង​យុវជន​ប្រកប​ដោយ​ឆន្ទៈ ទើប​មាន​ប្រសិទ្ធភាព។ លោក​បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ បាន​ដាក់​បញ្ចូល​ការ​សិក្សា​អំពី​យេនឌ័រ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​យុវជន ក្លាយ​ជា​ភ្នាក់ងារ​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់ និង​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី៖ «ក្នុង​នាម​ជា​បុរស​ត្រូវ​តែ​ដើរ​តួនាទី​សំខាន់ ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​សង្គម ចំពោះ​សកម្មភាព​ដែល​បុរស​តែងតែ​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី»

ចំណែក​ឯ​តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) លោក ម៉ាក ដឺវ៉ូ បាន​ឲ្យ​ដឹង​ថា យុវជន​បាន​ដើរ​តួនាទី​សកម្ម​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា ដូច្នេះ​ទើប​អង្គការ​លោក​ចាប់​អារម្មណ៍ និង​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​យុវជន ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា។ លោក​សង្ឃឹម​ថា រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​លើ​យុវជន​វ័យ​ក្មេង ដែល​ជា​ភាគី​មិន​អាច​ខ្វះ​បាន​ឈាន​ទៅ​រក​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង និង​អំពើ​ហិង្សា​លើ​ស្ត្រី៖ «ខ្ញុំ​យល់​ថា អ្វី​ដែល​យើង​ត្រូវ​តែ​ចាប់​អារម្មណ៍​ទៅ​លើ​យុទ្ធនាការ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ឥរិយាបថ​បុរស គឺ​ត្រូវ​ចាប់​ផ្តើម​ពី​បុរស​វ័យ​ក្មេង ទើប​អាច​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​បាន»

របាយការណ៍​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បួន​រួម​គ្នា (P4P) កាល​ពី​ចុង​ឆ្នាំ​២០១៣ បង្ហាញ​ថា ជាង​ពាក់​កណ្ដាល​នៃ​បុរស​កម្ពុជា ដែល​បាន​សារភាព​ថា​ធ្លាប់​មាន​បទពិសោធន៍​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី ហើយ​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​រំលោភ​តាំង​ពី​ខ្លួន​នៅ​ជា​យុវវ័យ​នៅ​ឡើយ ហើយ ១៦​ភាគរយ បាន​ប្រព្រឹត្ត​តាំង​ពី​មុន​អាយុ ១៥​ឆ្នាំ។

លើស​ពី​នេះ របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី និង​យោង​តាម​ការ​អង្កេត​នៃ​គម្រោង​ភាព​ជា​ដៃគូ ឆ្នាំ​២០១៣ ឲ្យ​ដឹង​ដែរ​ថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ភាគ​ច្រើន​លើសលប់​ជា​បុរស ហើយ​មាន​ស្ត្រី ២៥​ភាគរយ ធ្លាប់​ទទួល​នូវ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​រាងកាយ​ពី​សំណាក់​បុរស​ជា​ដៃគូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។