ក្រុមយុវជនពុទ្ធសាសនិកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៥០០នាក់ នៅព្រឹកថ្ងៃទី៨ ខែមីនា នាំគ្នាដង្ហែផ្កាប្រាក់ដ៏ធំមួយដែលបានពីការរៃអង្គាសគ្នា សរុបជិត ៣ម៉ឺនដុល្លារអាមេរិក យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដែលជាអំណោយមនុស្សធម៌សម្រាប់ប្រើប្រាស់ក្នុងការពិនិត្យ និងព្យាបាលជំងឺដល់កុមារប្រចាំថ្ងៃ។
តំណាងយុវជនម្នាក់ គឺលោក ឆាយ សុភាព រៀបរាប់ឲ្យដឹងថា ថវិកាទាំងអស់នេះមួយចំនួនធំពួកគេបានពីការរៃអង្គាសពីប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត និងមួយចំនួនទៀតបានពីពុទ្ធសាសនិកនៅតាមបណ្ដាខេត្តផ្សេងទៀត។
លោកបន្តថា បំណងសំខាន់ក្នុងការហែផ្កាប្រាក់នេះ ដើម្បីរកថវិកាផ្ដល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយពិនិត្យ និងព្យាបាលជំងឺដល់កុមារដោយមិនយកថ្លៃសេវា និងជាការជួយមន្ទីរពេទ្យនេះ ឲ្យដំណើររបស់ខ្លួនទៅមុខទៀត៖ «ពួកខ្ញុំធ្វើផ្កាប្រាក់នេះ ដោយសារតែកន្លងមក ខ្ញុំមើលឃើញមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា ឃើញថា មន្ទីរពេទ្យគន្ធបុប្ផា ខ្វះខាតថវិកាសម្រាប់ព្យាបាលដល់ជំងឺ»។
លោកបន្ថែមថា កម្មវិធីមនុស្សធម៌នេះ ធ្វើដំណើរតាមរថយន្តក្រុងចំនួន ៦គ្រឿង និងអ្នកខ្លះធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ដង្ហែចេញពីវត្តបាលេលិយ្យ ក្រុងប៉ោយប៉ែត ឆ្ពោះទៅខេត្តសៀមរាប។
អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ឈុន លាងឈុន មានប្រសាសន៍ថា ថវិកាដែលបានទទួលពីក្រុមយុវជនពុទ្ធសាសនិកក្រុងប៉ោយប៉ែត សរុបជិត ២៨.០០០ពាន់ដុល្លារសហរដ្ឋអាមេរិក (២៧,៩៦៧)។
លោកបន្ថែមថា សកម្មភាពមនុស្សធម៌របស់ក្រុមយុវជននេះ ពិតជាមានសារសំខាន់ណាស់សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីយកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺកុមារជារៀងរាល់ថ្ងៃ៖ «បាទ! ខាងមន្ទីរពេទ្យរបស់យើង នៅតែត្រូវការជំនួសសប្បុរសធម៌ពីប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនគិតថា តិច ឬច្រើននោះទេ»។
មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានប្រជាពលរដ្ឋខ្មែរទទួលស្គាល់ថា ជាមន្ទីរព្យាបាលអ្នកជំងឺយកចិត្តទុកដាក់ជាងគេនៅកម្ពុជា។ មន្ទីរពេទ្យមួយនេះព្យាបាលជំងឺកុមារមិនគិតថ្លៃសេវា។
របាយការណ៍មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា នៅខែកក្កដា ឆ្នាំ២០១៥ មានកុមារឈឺជិត ៧ម៉ឺននាក់ បានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺខាងក្រៅ។ មានការវះកាត់ទូទៅជិត ២ម៉ឺននាក់។
ឆ្នាំ២០១៥ ថវិកាចំណាយមន្ទីរពេទ្យមានចំនួន ៤៣លានដុល្លារសហរដ្ឋអាមេរិក។
មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការតាំងពីឆ្នាំ១៩៩២ មក។ រៀងរាល់ឆ្នាំរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយទឹកប្រាក់ចំនួន ២លានដុល្លារ និងរដ្ឋាភិបាលប្រទេសស្វីស (Switzerland) ចំនួន ៣លានដុល្លារ។ ក្រៅពីនោះប្រធានមន្ទីរពេទ្យ គឺលោក ប៊េត រីច្ឆនឺរ (Beat Richner) ជនជាតិស្វីស ជាអ្នកស្វែងរកថវិកាពីសប្បុរសជន តាមរយៈការប្រគំតន្ត្រីសប្បុរសធម៌ផ្ទាល់ខ្លួនរបស់លោកដើម្បីស្វែងរកថវិកា។
លោកបណ្ឌិត ឈុន លាងឈុន ឲ្យដឹងទៀតថា ក្នុងមួយថ្ងៃមានកុមារប្រមាណ ៥.០០០នាក់ ទៅពិគ្រោះ និងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយចំណាយថវិកាអស់ប្រមាណ ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
