យុវជន​ប្រមាណ​២០០​នាក់​នៅ​កំពង់ចាម​ជិះ​កង់​ឃោសនា​ពី​វិធី​ការពារ​ធនធាន​ជលផល

0:00 / 0:00

សមាគម​យុវជន​ខ្មែរ​ហៅ​កាត់​ថា ខេ.វ៉ាយ.អេ (KYA) នៅ​ខេត្ត​កំពង់ចាម បាន​ដឹក​នាំ​យុវជន​ប្រមាណ​ជាង ២០០​នាក់ នៅ​ថ្ងៃ​ទី​១០ ធ្នូ ដើម្បី​ជិះ​កង់​ឃោសនា​ពី​វិធានការ និង​វិធី​ការពារ​ធនធាន​ជលផល​នៅ​ស្រុក​ព្រៃឈរ។

ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​ដាស់​ស្មារតី​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្រប​ច្បាប់ និង​ដាស់​ស្មារតី​អាជ្ញាធរ​ឱ្យ​ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​លើ​អ្នក​ប្រព្រឹត្តិ ឬ​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់។

ក្បួន​ដង្ហែ​របស់​យុវជន​ប្រមាណ​ជាង ២០០​នាក់ ដោយ​ជិះ​កង់​ចេញ​ដំណើរ​ពី​មុខ​សាលា​ស្រុក​ព្រៃឈរ ឆ្ពោះ​មក​កាន់​បឹង​ជង្រុក​ត្រី​ដ៏​ធំ គឺ​បឹង​ធំ។ ជង្រុក​ត្រី​ដ៏​ធំ​មួយ​នេះ គ្រប​ដណ្ដប់​លើ​ស្រុក​ចំនួន​បី គឺ​ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ ក៏ប៉ុន្តែ​ជង្រុក​ត្រី​មួយ​នេះ ហាក់​រង​ការ​គំរាម​កំហែង​ពី​សំណាក់​អ្នក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នានា​នៅ​ទីនោះ។ ស្រប​ពេល​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មាន​ច្រើន ចំណែក​ការ​បង្ក្រាប​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ ធ្វើ​ឲ្យ​យុវជន​បារម្ភ​ពី​វាសនា​មច្ឆជាតិ​នៅ​ពេល​ខាង​មុខ។ យុវជន​នាំ​គ្នា​ស្រែក​នូវ​សារ​សំខាន់ៗ​តាម​ឧគ្ឃោសនស័ព្ទ ដើម្បី​ផ្ញើ​ជូន​ដល់​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ ឱ្យ​ដឹង​យល់​ពី​សារសំខាន់​នៃ​មច្ឆជាតិ។

«សំឡេង​ស្រែក​ប្រកាស»

ក្រៅ​ពី​មាន​ការ​ស្រែក​ប្រកាស ក៏​មាន​រូបភាព និង​បដា​ផ្សេងៗ​ជាច្រើន​ទៀត​ដាក់​ផ្សព្វផ្សាយ និង​បិទ​ប្រកាស​ជាប់​កង់ ឬ​ម៉ូតូ ដើម្បី​ទាមទារ​ការ​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​ជុំវិញ ទាំង​ពលរដ្ឋ និង​អាជ្ញាធរ ឱ្យ​ចូលរួម​ការពារ​ធនធាន​មច្ឆជាតិ​ទាំងអស់​គ្នា។

យុវជន​ម្នាក់​ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង លោក ធួក សុវណ្ណឧត្តម ឱ្យ​ដឹង​ថា លោក​ចូលរួម​យុទ្ធនាការ​ការពារ​ធនធាន​ជលផល​នៅ​បឹង​ធំ​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ពី​ការ​វិវឌ្ឍ​នៃ​ធនធាន​ជលផល​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន៖ «ព្រោះ​ខ្ញុំ​ឮ​គេ​ថា​ធនធាន​មច្ឆជាតិ​កាន់​តែ​ហិនហោច​ទៅៗ ដោយសារ​តែ​ការ​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​កើត​ឡើង​ឥត​ឈប់​ឈរ។ ហើយ​យុទ្ធនាការ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​នេសាទ​ខុស​ច្បាប់​ផ្សេងៗ ក៏ដូចជា​ផល​ប្រយោជន៍​នៃ​ការ​រាយការណ៍​ពី​បទល្មើស​ផ្សេងៗ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ»

យុវ​សិស្ស​ដដែល​ចង់​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​មួយ​នេះ ពីព្រោះ​មច្ឆជាតិ គឺ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រជាជន​ខ្មែរ។

ចំណែក​ឯ​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ នរោត្តម គន្ធបុប្ពា យុវតី ហេង ឆេងលាង ឱ្យ​ដឹង​ថា យុទ្ធនាការ​ពេល​នេះ​ក៏​បាន​ផ្សារភ្ជាប់​ទៅ​នឹង​មេរៀន​របស់​សាលា​នៅ​ពេល​កន្លង​មក ប៉ុន្តែ​មេរៀន​ទាំង​នោះ​បាន​បញ្ជាក់​ថា ធនធាន​មច្ឆជាតិ​កាន់​តែ​បាត់​បង់​ទៅៗ ហើយ​យុវតី​រូប​នេះ​ថែម​ទាំង​សង្កេត​ឃើញ​ថា ទិន្នផល​ត្រី​នៅ​ពេល​បច្ចុប្បន្ន ក៏​ធ្លាក់​ចុះ​ដែរ ទើប​ធ្វើ​ឱ្យ​កញ្ញា​ខិតខំ​កៀរគរ​យុវជន​ឯ​ទៀត​នៅ​ស្រុក​ព្រៃឈរ ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​លើ​បញ្ហា​នេះ៖ «ក្នុង​នាម​ខ្ញុំ​ជា​សិស្ស​ហ្នឹង ចង់​ឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​យុវជន​ហ្នឹង ចូលរួម​ទាំងអស់​ថែ​រក្សា​នូវ​ធនធាន​ត្រី ដោយ​ពួក​គាត់​ទាំងអស់​គ្នា​កុំ​នេសាទ​ដោយ​ខុស​ច្បាប់។ បើ​ពួក​គាត់​កុំ​នេសាទ ហើយ​ពួក​គាត់​ខាង​លើ​ក៏​គ្មាន​អី​ចាត់​ការ​ទៀត​ដែរ»

យុវតី​ដដែល​បញ្ជាក់​ថា ប្រសិន​បើ​មិន​មាន​ការ​ចូលរួម​ការពារ​ធនធាន​មច្ឆជាតិ​ទាំងអស់​គ្នា និង​មិន​មាន​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ត្រី​នឹង​អាច​បាត់​បង់​មិន​ខាន ពីព្រោះ ឆេងលាង សង្កេត​ឃើញ​ថា សព្វថ្ងៃ​នេះ​មិន​មាន​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ណា​មួយ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

បុគ្គលិក​ផ្នែក​ធនធាន​ធម្មជាតិ​នៃ​សមាគម​យុវជន​ខ្មែរ ខេ.វ៉ាយ.អេ អ្នកស្រី អ៊ី ស្រីម៉ុច មាន​ប្រសាសន៍​ថា គោល​បំណង​សំខាន់​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​មាន​ឆន្ទៈ​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​នេះ​ឡើង​វិញ បន្ទាប់​ពី​ពួក​គាត់​បាត់​បង់​ជំនឿ​ទុក​ចិត្ត​លើ​វិធានការ​របស់​អាជ្ញាធរ​កន្លង​មក​នោះ៖ «ដោយសារ​តែ​តំបន់​ដែល​យើង​ធ្វើ​ហ្នឹង​គាត់​អស់​ឆន្ទៈ​ទាំង​សហគមន៍​នេសាទ ទាំង​ប្រជាពលរដ្ឋ អ៊ីចឹង​យើង​ចង់​បណ្ដុះ​ឆន្ទៈ​របស់​ពួក​គាត់​ឡើង​វិញ ឱ្យ​ចូលរួម និង​ផ្តល់​ការ​រាយការណ៍​មក​ដល់​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ»

អ្នកស្រី​យល់​ថា យុវជន គឺ​ជា​កម្លាំង​ចលករ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​ចូលរួម​លុប​បំបាត់​នូវ​ទម្រង់​ប្រព្រឹត្ត​បទល្មើស​នេសាទ​ផ្សេងៗ នៅ​ក្នុង​សហគមន៍​ទៀត​ផង។ អ្នកស្រី​បន្ត​ថា ការ​ចូលរួម​របស់​យុវជន​កាន់​តែ​ច្រើន​នោះ អាច​នឹង​ធ្វើ​ឱ្យ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ពិសេស គឺ​មាន​ការ​ខ្លាច​រអា​ចំពោះ​សកម្មភាព​មិន​ប្រក្រតី​របស់​ខ្លួន ដែល​ប្រព្រឹត្ត​នៅ​ពេល​កន្លង​មក។

កម្មវិធី​យុទ្ធនាការ​ការពារ​ធនធាន​ជលផល​នេះ គឺ​មាន​ការ​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​បឹង​ធំ ហើយ​មាន​ការ​លើក​ឡើង​ពី​បញ្ហា​មួយ​នេះ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​នៅ​ទីនោះ និង​មាន​ផ្ញើ​សារ​ទៅ​ដល់​អ្នក​ចូលរួម ឱ្យ​កាន់​តែ​យល់​ដឹង​បន្ថែម​ទៀត​លើ​បញ្ហា​មច្ឆជាតិ។

ប្រធាន​សមាគម​យុវជន​ខ្មែរ​សាខា​ខេត្ត​កំពង់ចាម លោក សុក ស៊ីបូណេ ឱ្យ​ដឹង​ថា មូលហេតុ​សំខាន់​ដែល​ខាង​លោក​ជ្រើស​រើស​បឹង​ធំ​មក​ធ្វើ​យុទ្ធនាការ​នោះ ពីព្រោះ​បឹង​មួយ​នេះ​មាន​ទិន្នផល​ត្រី​ច្រើន ដែល​អាច​ចិញ្ចឹម​ពលរដ្ឋ​នៅ​ជុំវិញ​បាន​មួយ​ចំណែក​ធំ។ លើស​ពី​នេះ លោក​ទទួល​ព័ត៌មាន​ថា ទិន្នផល​ត្រី​យ៉ាង​ច្រើន​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​ឈ្មួញ​ដឹក​ចេញ​ដោយសារ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់៖ «យើង​ឃើញ​ថា ទិន្នផល​ត្រី​សព្វថ្ងៃ​នេះ​មួយ​ចំនួន ក៏​ត្រូវ​បាត់​បង់​នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​គាត់ អស់​ជំនឿ​នឹង​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ផ្សេងៗ»

ចាប់​ពី​ខែ​មិថុនា មក សមាគម​យុវជន​ខ្មែរ​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​សកម្ម ក្នុង​ការ​ចូលរួម​ទាំងអស់​គ្នា។ បន្ថែម​ពី​នេះ​ទៀត ក្រុម​យុវជន​លោក​នឹង​បន្ត​តាម​ដាន​ត​ទៅ​ទៀត​ទៅ​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ លើ​ការ​ទប់ស្កាត់​បទល្មើស​នេសាទ និង​ការ​ចូលរួម​របស់​ពលរដ្ឋ ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ​ប្រកប​ដោយ​និរន្តរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។