ក្រុមអ្នកអភិរក្សមត៌កដូនតាខ្មែរយល់ឃើញថា នៅខេត្តសៀមរាប ក្នុងពេលភ្ញៀវទេសចរបរទេសចេះតែកើនឡើងនោះ គឺអ្នកស្វែងរកចំណូលពីវិស័យទេសចរណ៍ខ្លះ តែងយកវត្ថុអនុស្សាវរីយ៍ពីប្រទេសដទៃមកលក់ឱ្យបរទេស ហើយបន្លំធ្វើជារបស់ខ្មែរ។
ក្នុងចំណោមវត្ថុប្រើប្រាស់មួយចំនួន គឺអាចបញ្ជាក់ឱ្យគេស្គាល់ថា ជារបស់ខ្មែរ ដូចជាមួកស្លឹកត្នោត ជាដើម។ ក៏ប៉ុន្តែពេលបច្ចុប្បន្ន វត្ថុប្រើប្រាស់ទាំងនេះគឺកំពុងបាត់បង់បន្តិចម្ដងៗ។
ក្រុមយុវវ័យស្រីប្រុសជានិស្សិតប្រមាណ ១០០នាក់ បាននាំគ្នាធ្វើមួកស្លឹកត្នោតដ៏ធំមួយដាក់លើរថយន្តនាំមុខ ១គ្រឿង ហើយពួកគេក៏ពាក់មួកស្លឹកត្នោត ជិះកង់ពីក្រោយទាំងអស់គ្នា ដើម្បីធ្វើយុទ្ធនាការចែកមួយស្លឹកត្នោតជាច្រើនរយទៀតទៅឱ្យអ្នកទេសចរបរទេសតាមដងផ្លូវ និងនៅតំបន់អង្គរ។ យុទ្ធនាការនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី៤ ខែឧសភា កន្លងទៅ។
ក្រុមនិស្សិតទាំងនោះមកពីសកលវិទ្យាល័យបញ្ញាសាស្ត្រ និងសកលវិទ្យាល័យ បៀលប្រាយ (BBU) សាខាខេត្តសៀមរាប និងខ្លះមកពីទីក្រុងភ្នំពេញ ដោយសារតែពួកគេទាក់ទងគ្នាតាមរយៈបណ្ដាញសង្គម ឬហៅថា ហ្វេសប៊ុក (Facebook)។
កញ្ញា ស្រ៊ី រដ្ឋា គឺជានិស្សិតសកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាខេត្តសៀមរាប ម្នាក់ក្នុងចំណោមនិស្សិតជាច្រើនទៀត ដែលចាប់អារម្មណ៍អំពីមួកស្លឹកត្នោតខ្មែរ។ នាងបានមានប្រសាសន៍ក្នុងពេលធ្វើពិធីដង្ហែមួកស្លឹកត្នោតនោះថា មូលហេតុដែលរូបនាងនិងនិស្សិតដទៃទៀតនាំគ្នាធ្វើពិធីដង្ហែមួកស្លឹកត្នោត គឺចង់បញ្ជាក់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ថា មួកដែលបញ្ជាក់អត្តសញ្ញាណរបស់ខ្មែរ គឺជាមួកដែលធ្វើពីស្លឹកត្នោត។ និស្សិតដដែលបានបញ្ជាក់ទៀតថា មួយរយៈមកនេះ មានអ្នកស្វែងរកចំណូលខ្លះ បានយកមួកបរទេសទៅលក់ឱ្យអ្នកទេសចរណ៍ដោយបន្លំថា ជារបស់ខ្មែរ ហើយទន្ទឹមនឹងនេះ មួកស្លឹកត្នោតខ្មែរក៏កំពុងបាត់បង់ទៅៗ។
កញ្ញា ស្រ៊ី រដ្ឋា៖ «កេរដូនតារបស់យើង គឺបញ្ជាក់ថា មួកស្លឹកត្នោត គឺអត្តសញ្ញាណជាតិរបស់ខ្មែរ។ដូចយើងបានដឹងស្រាប់ហើយថា ដើមត្នោតគឺមានតែនៅក្នុងស្រុកខ្មែរទេ អ៊ីចឹងផលិតផលធ្វើពីត្នោតគឺជាផលិតផលរបស់ស្រុកខ្មែរ។ បើតាមការសង្កេតមើលរបស់ក្រុមនិស្សិតពួកខ្ញុំហ្នឹង គឺឃើញថា កាលពីឆ្នាំមុន មានការនៅនិយមប្រើប្រាស់មួកស្លឹកត្នោតច្រើន ប៉ុន្តែ១ឆ្នាំចុងក្រោយនេះ គឺបាត់បង់ច្រើនមែនទែន។ ពួកយើងចង់លើកស្ទួយផលិតផល ក៏ដូចជាអភិរក្ស កុំឱ្យបាត់បង់កេរដំណែលជាតិរបស់យើង ទើបបានជាពួកខ្ញុំបង្កើតកម្មវិធីនេះឡើង»។
សាស្ត្រាចារ្យមួយចំនួនក៏សំដែងការគាំទ្រចំពោះគំនិតនិស្សិតដែលចង់អភិរក្សមត៌កដូនតាខ្មែរនេះដែរ។
សាស្ត្រាចារ្យម្នាក់នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ខេត្តសៀមរាប លោក ងិន វីរ៉ាត់ បានមានប្រសាសន៍ថា មិនមែនមានតែនិស្សិតដែលធ្វើពិធីហែក្បួនប៉ុណ្ណោះទេ ដែលចង់លើកតម្កើងមួកស្លឹកត្នោតខ្មែរនោះ សូម្បីតែរូបលោកក៏ចង់លើកស្ទួយប្រជាពលរដ្ឋដែលធ្វើមួកស្លឹកត្នោត ហើយក៏ចង់ជួយជំរុញឱ្យមួកខ្មែរប្រភេទនេះមានប្រជាប្រិយភាពលើទីផ្សារដែរ។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប កញ្ញា ស៊ុន សុវណ្ណនី បានទទួលស្គាល់ថា មួកស្លឹកត្នោតនេះ គឺជាផលិតផលនិងប្រពៃណីរបស់ខ្មែរដ៏យូរលង់ណាស់មកហើយ។ កញ្ញា សុវណ្ណនី បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់តំបន់នៅទូទាំងប្រទេស នៅពេលទំនេរតែងធ្វើមួកស្លឹកត្នោតដើម្បីទុកពាក់ជាម្លប់សម្រាប់ធ្វើការងារកសិកម្ម។
កញ្ញា សុវណ្ណនី ឱ្យដឹងថា ពេលបច្ចុប្បន្នមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តសៀមរាប កំពុងស្រាវជ្រាវរកឧបករណ៍ប្រើប្រាស់របស់ខ្មែរពីសម័យដើម ដែលបាត់បង់ទៅជាច្រើនប្រភេទ ដើម្បីចងក្រងទុកជាឯកសារឡើងវិញ៖ «អ្វីដែលជារបស់របរ ឧបករណ៍ប្រើប្រាស់របស់ខ្មែរយើងពីដើមមក គឺថាយើងកំពុងធ្វើការសិក្សា ចងក្រងពីជំនាន់ដើមរបស់ដូនតាដែលបន្សល់ទុកឱ្យ ហើយយើងផ្សព្វផ្សាយប្រាប់ដល់សិស្សានុសិស្ស ប្រាប់ដល់ចាស់ទុំ វប្បធម៌ទាំងអស់ឱ្យមានការស្រឡាញ់អ្វីជាមត៌ក កេរដំណែលរបស់ដូនតា»។
កាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រជាពលរដ្ឋខ្លះបានចូលរួមកម្លាំងដោយជួយផ្ដល់មួកស្លឹកត្នោតប្រមាណជិត ៧០០ដល់ក្រុមនិស្សិត ដើម្បីយកទៅធ្វើយុទ្ធនាការនិងចែកដោយមិនគិតថ្លៃឱ្យភ្ញៀវទេសចរបរទេសនៅមុខប្រាសាទអង្គរវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
