យុវជន​​​ចូល​រួម​ស្វែង​យល់​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ

យុវជន​មក​ពី​វិទ្យាល័យ​និង​សាកលវិទ្យាល័យ​នានា ប្រមាណ ៧០០​នាក់ មក​ពី​ខេត្ត រាជធានី​ចំនួន ១៨ បាន​ចូលរួម​នៅ​ក្នុង​វេទិកា​មួយ​ដើម្បី​ស្វែង​យល់​ពី​តម្លាភាព និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​កម្ពុជា។

0:00 / 0:00

អង្គការ​តម្លាភាព​កម្ពុជា ហៅ​ជា​ភាសា​អង់គ្លេស​ថា ត្រេនស្ពារិនស៊ី អ៊ិនធឺណេសិនណល ខេមបូឌា (Transparency International Cambodia) បាន​រៀបចំ​វេទិកា​យុវជន​លើក​ទី​១ នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​យុវជន​ងាក​មក​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ នៅ​គ្រា​ដែល​ការ​បោះឆ្នោត​នីតិកាល​ទី​៥ ជិត​ចូល​មក​ដល់។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​ថ្លែង​ថា វេទិកា​នេះ​នឹង​ជំរុញ​ឲ្យ​យុវជន​គិតគូរ​ពី​អនាគត និង​បង្កើត​ការ​ផ្លាស់ប្ដូរ​តាម​ក្រុម​យុវជន សាលារៀន គ្រួសារ និង​សហគមន៍​របស់​ខ្លួន។ លោក​ថា យុវជន​នឹង​ទទួល​បាន​ការ​យល់​ដឹង​ទាក់ទង​ពី​ផល​ប៉ះពាល់​នៃ​អំពើ​ពុករលួយ​លើ​ជីវិត​របស់​ពួកគេ វិធីសាស្ត្រ​លើក​ស្ទួយ​សុចរិត​ភាព និង​របៀប​បង្កើត​សង្គម​មួយ​ដែល​មាន​សមធម៌ ដែល​ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​មនុស្ស​ទាំងឡាយ និង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្នុង​សង្គម​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់។

លោក​ថា ការ​យល់ដឹង​ពី​អំពើ​ពុករលួយ​តាម​រយៈ​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ​ក្នុង​ពេល​បោះឆ្នោត​ជិត​មក​ដល់ ក៏​ជា​បញ្ហា​មួយ​ទាមទារ​ឲ្យ​យុវជន​ត្រូវ​តែ​ចាប់​អារម្មណ៍​ដែរ។

ការ​ថ្លែង​នេះ​នៅ​ក្នុង​វេទិកា​យុវជន​ដើម្បី​លើក​ស្ទួយ​សុចរិត​ភាព និង​ផ្ដល់​ចំណេះដឹង​អំពី​ផល​ប៉ះពាល់​នៃ​អំពើពុករលួយ​ក្នុង​ជីវិត​ដល់​យុវជន នៅ​មហោស្រព​ចតុមុខ នៅ​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៣ ដែល​មាន​យុវជន​ប្រមាណ ៧០០​នាក់​ចូលរួម។

ក្រៅ​ពី​នេះ យុវជន​ទាំង​នេះ​ក៏​បាន​ស្វែង​យល់​នឹង​ទទួល​បាន​បទ​ពិសោធន៍​ពី​វាគ្មិន​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ពី​ការ​ចូលរួម​ទាមទារ​ឲ្យ​មាន​គណនេយ្យ​ភាព​សង្គម និង​អភិបាលកិច្ច​ល្អ។

យុវតី ភាព សុផានី អាយុ ២២​ឆ្នាំ មក​ពី​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​បាន​ចូលរួម​វេទិកា​នេះ​ថ្លែង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​នាង​បាន​ទទួល​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។

ចំណែក​យុវជន ខេន គឹមស៊្រុន ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មាន​មតិ​ថា គាត់​នឹង​យក​ចំណេះដឹង​ដែល​បាន​មក​ពី​កម្មវិធី​នេះ ទៅ​ចែក​រំលែក​មិត្តភ័ក្ដិ និង​យុវជន​ក្នុង​សហគមន៍​ពី​អ្វី​ទៅ​ដែល​ហៅ​ថា អំពើ​ពុករលួយ និង​ការ​ទប់ស្កាត់​អំពើ​ពុករលួយ និង​ពី​ផល​ប៉ះពាល់​ដោយសារ​អំពើ​ពុករលួយ។

នៅ​ក្នុង​វេទិកា​នេះ អ្នក​រៀបចំ​កម្មវិធី​ក៏​បាន​ប្រកាស​ប្រាប់​ទៅ​កាន់​យុវជន​ពី​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ពិសេស ឬ​ហៅ​ថា ហត ឡាញ (Hot line) ដើម្បី​ផ្ដល់​ព័ត៌មាន​ពី​អំពើ​ពុករលួយ​ដោយ​ឥត​គិត​ថ្លៃ ដោយ​ចុច​ទៅ​លេខ ១២ ៨២ សម្រាប់​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រីឯ​លេខ ១២ ៩២ សម្រាប់​ប្រឹក្សា​ផ្នែក​ច្បាប់​ជុំវិញ​បញ្ហា​អំពើ​ពុករលួយ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។