ស្ថាប័ន​រដ្ឋ​និង​គ្រឹះស្ថាន​អប់រំ​ខ្លះ​បិទ​ទ្វារ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​និង​វៀតណាម

គ្រឹះស្ថាន​អប់រំ​និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន បាន​បិទ​ទ្វារ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​​-វៀតណាម ឆ្នាំ​នេះ។ បញ្ហា​នេះ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា រដ្ឋាភិបាល​មិន​បាន​ប្រកាស​ឲ្យ​អ្នក​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ឈប់​សម្រាក​ទេ។ ប៉ុន្តែ​បាន​បើក​ទូលាយ​ដល់​អ្នក​មាន​ជំនឿ​សាសនា​ផ្សេងៗ ដោយ​មិន​មាន​ការ​ហាម​ឃាត់។

0:00 / 0:00

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មករា រិះគន់​ការ​បិទ​ទ្វារ​សាលា ឬ​ក៏​គ្រឹះស្ថាន​អប់រំ និង​ស្ថាប័ន​រដ្ឋ​ខ្លះ មិន​មាន​មនុស្ស​ធ្វើការ។ លោក​ថា បញ្ហា​នេះ​ដោយសារ​តែ​ការ​​​​គ្រប់គ្រង​តាម​ស្ថាប័ន​នានា ឬ​ថ្នាក់ដឹកនាំ​​​រដ្ឋាភិបាល​មិន​មាន​សមត្ថភាព។ លោក​ថា បញ្ហា​នេះ​នឹង​អាច​នាំ​ឲ្យ​​ក្លាយ​​​ជា​ទម្លាប់​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា និង​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​អប់រំ​នៅ​ថ្ងៃ​អនាគត ព្រោះ​រឿង​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ។

លោក រ៉ុង ឈុន ថ្លែង​ថា តាម​ការ​សង្កេត​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ឃើញ​មាន​គ្រឹះស្ថាន​អប់រំ​និង​ស្ថាប័ន​រដ្ឋ​ខ្លះ​បាន​បិទ​ទ្វារ​មិន​ដំណើរ​ការ ដោយសារ​តែ​មិន​មាន​មនុស្ស​មក​ធ្វើ​ការ ឬ​គ្មាន​សិស្ស​មក​រៀន​ជាដើម។

ស្រដៀង​គ្នា​ដែរ សម្រាប់​លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ​និង​ជា​សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​​​ខេមរៈ យល់​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ឆាប់​ទទួល​ឥទ្ធិពល​ពី​បរទេស និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​វប្បធម៌​ហូរ​ចូល​ពី​បរទេស។ លោក​ថ្លែង​ថា សព្វថ្ងៃ​នេះ ទោះ​បី​ស្ថាប័ន​រដ្ឋ ឬ​គ្រឹះស្ថាន​អប់រំ​ និង​ផ្នែក​ឯកជន​ផ្សេង​ទៀត បាន​បើក​ទ្វារ​ដំណើរ​ការ​ជា​ធម្មតា​បែប​ណា​ក្តី ក៏​ប៉ុន្តែ​មិន​មាន​មនុស្ស​មក​ធ្វើ​ការ ឬ​ក៏​សិស្ស​សាលា និង​គ្រូ​មក​បង្រៀន ឬ​រៀន​ទេ។

លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា លំហូរ​ចូល​នៃ​វប្បធម៌​បរទេស​នៅ​ក្នុង​សង្គម​កម្ពុជា សព្វ​ថ្ងៃ​នេះ ទំនង​ជា​មិន​អាច​​ទប់ស្កាត់​បាន​ទេ។ ព្រោះ​ថា សូម្បី​តែ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឯកជន​​ផ្សេងៗ គឺ​ភាគ​ច្រើន អ្នក​ដឹកនាំ​បាន​ជាប់​សែស្រឡាយ​កាត់​ចិន ឬ​វៀតណាម។

​លោក​បណ្ឌិត សុខ ទូច បាន​លើក​យក​សាកលវិទ្យាល័យ​ខេមរៈ ដែល​លោក​គ្រប់គ្រង​សព្វថ្ងៃ គឺ​ថ្នាក់​ដឹកនាំ​សាលា​​​មិន​បាន​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន ឬ​សិស្ស​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម​ទេ ប៉ុន្តែ​គ្រូ​បង្រៀន​និង​សិស្ស មិន​បាន​មក​បង្រៀន ឬ​មក​រៀន​ទេ ជា​ហេតុ​​នាំ​ឲ្យ​សាលា​បិទ​ទ្វារ។

បញ្ហា​នេះ​ដែរ សម្រាប់​សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ឧត្ដម​សិក្សា​ដល់​ថ្នាក់​បឋម ភាគ​ច្រើន​បាន​ថ្លែង​ថា ពួកគេ​បាន​​សុំ​ច្បាប់​សាលា​មិន​ទៅ​រៀន​ទេ ព្រោះ​ជាប់​រវល់​ធ្វើ​ពិធី​សែន​ព្រេន​ដល់​ដូនតា​ក្នុង​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ចិន ឬ​វៀតណាម ជាមួយ​ឪពុក​ម្ដាយ​របស់​ពួកគេ។

ចំណែក​បុគ្គលិក​បម្រើការ​នៅ​តាម​ក្រុមហ៊ុន ឬ​រោងចក្រ​ខ្លះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ត្រូវ​បាន​ថៅកែ ឬ​ប្រធាន​ក្រុមហ៊ុន​របស់​ខ្លួន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម ដោយ​​មិន​ចាំ​បាច់​សុំ​ច្បាប់​ទេ។

​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បិទ​ទ្វារ​គ្រឹះស្ថាន​អប់រំ ទាំង​ឯកជន និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា។ ប៉ុន្តែ​​សម្រាប់​លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​​​​បើក​ទូលាយ​ជូន​ប្រជាពលរដ្ឋ​នូវ​ការ​គោរព ឬ​ប្រតិបត្តិ​ជំនឿ​សាសនា​ផ្សេងៗ។ ទោះ​យ៉ាង​ណា ជា​រៀង​រាល់​ឆ្នាំ​នៅ​​ក្នុង​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ចិន ឬ​វៀតណាម រដ្ឋាភិបាល​មិន​បាន​ប្រកាស​ឲ្យ​ស្ថាប័ន​រដ្ឋ​នានា​ឈប់​សម្រាក​​ទេ។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ខ្លះ​មើល​ឃើញ​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​និង​វៀតណាម ក្នុង​​ទសវត្ស​ចុង​ក្រោយ​នេះ មាន​ស្ថាប័ន​រដ្ឋ ឬ​គ្រឹះស្ថាន​អប់រំ​​ភាគ​ច្រើន​នៅ​រាជធានី​ភ្នំពេញ បាន​បិទ​ទ្វារ​មិន​ដំណើរការ ដោយសារ​តែ​មិន​មាន​មនុស្ស​ទៅ​ធ្វើការ ឬ​មិន​មាន​សិស្ស​ទៅ​រៀន​ជាដើម។ ប៉ុន្តែ​បញ្ហា​នេះ​មិន​មាន​ប្រតិកម្ម​ណា​មួយ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។