តំណាង​បក្ស​សមរង្ស៊ី​នៅ​អាមេរិក​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​សភា​ខ្មែរ

តំណាង​គណបក្ស​សមរង្ស៊ី​នៅ​ទ្វីប​អាមេរិក​ខាង​ជើង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថ្កោល​ទោស​សភា​ជាតិ​ខ្មែរ ដែល​បាន​ព្យួរ​អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី។

ក្នុង​អ៊ីមែល​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​អំពាវ​នាវ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហមុនី និង​អតីត​ព្រះ​មហាក្សត្រ សម្តេច​នរោត្តម សីហនុ ព្រះអង្គ​ធ្វើ​ព្រះ​រាជ​អន្តរាគមន៍​ដើម្បី​ឲ្យ​លោក សម រង្ស៊ី ទទួល​បាន​នូវ​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​ឡើង​វិញ។

ក្នុង​អ៊ីមែល​ដដែល​នោះ ក៏​បាន​ជូន​ដំណឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​អហិង្សា តវ៉ា​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​វិច្ឆិកា ខាង​មុខ​នេះ នៅ​ក្រុង​អូតាវ៉ា នៃ​ប្រទេស​កាណាដា និង​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក ដើម្បី​សម្ដែង​ការ​ព្រួយ​បារម្ភ និង​គាំទ្រ​ចំពោះ​ប្រជា​កសិករ​ដែល​បាត់​បង់​ដី​ស្រែ​ចម្ការ​នៅ​តាម​ព្រំដែន​ខ្មែរ-​វៀតណាម៕