លោកស្រី កែ សុវណ្ណរតន៍ អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីនឹងពិភាក្សាសេចក្តីព្រាងក្រមព្រហ្មទណ្ឌថ្មីនេះឲ្យបានស៊ីជម្រៅដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
លោកស្រី កែ សុវណ្ណរតន៍ បានមានប្រសាសន៍ថា ៖ «ទោះបីថាមិនអាចមានការផ្លាស់ប្ដូរក៏ដោយ ក៏ប៉ុន្តែយើងនៅតែព្យាយាមខិតខំតវ៉ា ខិតខំជំរុញ ខិតខំជជែក ខិតខំដេញដោលបន្ថែមទៀត។ ហេតុអីបានជាយើងខិតខំបន្តទៀត ទោះបីថាយើងមិនទទួលបានការកែប្រែ ឬការដកចេញ ឬការទទួលយកពីតំណាងរាជរដ្ឋាភិបាលក៏ដោយ ប៉ុន្តែយើងនៅតែខិតខំតស៊ូមតិដើម្បីឲ្យច្បាប់នេះបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ពីព្រោះយើងយល់ឃើញថា ច្បាប់នេះគឺជាមូលដ្ឋានគ្រឹះឈានទៅធ្វើច្បាប់មួយទៀតដែលប្រជាពលរដ្ឋខ្មែរលោកកំពុងតែជួបប្រទះ គឺច្បាប់ប្រឆាំងអំពើពុករលួយ»។
លោកស្រី កែ សុវណ្ណរតន៍ បានថ្លែងទៀតថា សេចក្តីព្រាងក្រមព្រហ្មទណ្ឌថ្មីនេះមានចំនួន៦៧២មាត្រា ហើយសមាជិកសភាជាតិពិភាក្សាមកដល់មាត្រាទី៥២៦ហើយ ចំណែកឯអ្នកតំណាងរាស្ត្រ បក្សប្រឆាំងក៏បានគាំទ្រនូវមាត្រាមួយចំនួនផងដែរដែលបម្រើផលប្រយោជន៍ឲ្យប្រទេសជាតិនិងប្រជាពលរដ្ឋនោះ៕
