ក្នុងលិខិតរបស់គណបក្សសមរង្ស៊ី ដែលចុះថ្ងៃទី២ ខែកញ្ញានេះ បានស្នើសុំការចូលគាល់ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សូមឲ្យព្រះអង្គអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី ដែលទើបជាប់ឆ្នោត តាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អាចធ្វើពិធីសច្ចាប្រណិធានចូលកាន់តំណែងដោយឡែក គឺនៅថ្ងៃទី២៥ ខែកញ្ញានេះ ដើម្បីសម្ដែងពីជំហររបស់គណបក្សសមរង្ស៊ី ដែលមិនអាចទទួលយកបាននូវការរំលោភសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ និងការលួចបន្លំសន្លឹកឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ ដោយគណបក្សប្រជាជនកម្ពុជា។
បើតាមសេចក្តីប្រកាសជាផ្លូវការរបស់ គ.ជ.ប. កាលពីថ្ងៃទី២ ខែកញ្ញានេះ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ឈ្នះបាន ៩០អាសនៈ គណបក្សសមរង្ស៊ីបាន ២៦អាសនៈ គណបក្សសិទ្ធិមនុស្សបាន ៣អាសនៈ គណបក្សនរោត្តម រណឫទ្ធិ បាន ២អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច បាន ២អាសនៈ ពីក្នុងចំណោមអាសនៈសភាជាតិ ដែលមានទាំងអស់ ១២៣អាសនៈ។
សភាជាតិថ្មីគ្រោងនឹងបើកកិច្ចប្រជុំដំបូង នៅថ្ងៃទី២៤ ខែកញ្ញានេះដែរ៕
