គណបក្ស​សម​រង្ស៊ី​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​បង្ហាញ​ជំហរ​បក្ស​ប្រឆាំង

គណបក្ស​សម​រង្ស៊ី​បន្ត​ស្នើសុំ​ការចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ដើម្បី​បង្ហាញ​ជំហរ​បក្ស​ប្រឆាំង​ចំពោះ​ការរៀបចំ​រដ្ឋសភា​ថ្មី។

ក្នុង​លិខិត​របស់​គណបក្ស​សម​រង្ស៊ី ដែល​ចុះ​ថ្ងៃ​ទី​២ ខែ​កញ្ញា​នេះ បាន​ស្នើសុំ​ការចូល​គាល់​ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សូម​ឲ្យ​ព្រះអង្គ​អនុញ្ញាត​ឲ្យ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សមរង្ស៊ី ដែល​ទើប​ជាប់​ឆ្នោត តាម​ការប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) អាច​ធ្វើ​ពិធី​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ដោយ​ឡែក គឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ ដើម្បី​សម្ដែង​ពី​ជំហរ​របស់​គណបក្ស​សមរង្ស៊ី ដែល​មិន​អាច​ទទួល​យក​បាន​នូវ​ការរំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ និង​ការលួច​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​តាម​សេចក្តី​ប្រកាស​ជា​ផ្លូវការ​របស់ គ.ជ.ប. កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា​នេះ បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន ៩០​អាសនៈ គណបក្ស​សមរង្ស៊ី​បាន ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​បាន ៣​អាសនៈ គណបក្ស​នរោត្តម រណឫទ្ធិ បាន ២​អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន ២​អាសនៈ ពី​ក្នុង​ចំណោម​អាសនៈ​សភា​ជាតិ ដែល​មាន​ទាំង​អស់ ១២៣​អាសនៈ។

សភាជាតិ​ថ្មី​គ្រោង​នឹង​បើក​កិច្ចប្រជុំ​ដំបូង នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​នេះ​ដែរ៕