ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​សាធារណជន​ប្រុង​ប្រយ័ត្ន​ចំពោះ​អំពើ​ឆបោក​ប្រាក់

ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​១១ មិថុនា អំពាវនាវ​ចំពោះ​សាធារណជន​កុំ​ឲ្យ​ចាញ់​បោក​ជន​ទុច្ចរិត​ដែល​បោក​ប្រាក់ ដោយ​កុហក​ថា ជា​អ្នក​ធ្វើ​ការ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ដើម្បី​រត់​ការ​ដំឡើង​ឋានន្តរសក្ដិ ឬ​ដំឡើង​ឋានៈ និង​រត់​កិច្ចការ​ផ្សេងៗ ដើម្បី​ឆបោក​ឲ្យ​ជន​រង​គ្រោះ​បញ្ជូន​ប្រាក់កាស​ឲ្យ​ខ្លួន​តាម​ប្រព័ន្ធ​ផ្ញើ​លុយ វីង (WING)។

ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ជម្រាប​ជូន​មន្ត្រី​រាជការ ខេត្ត ក្រុង កងកម្លាំង​ប្រដាប់​អាវុធ ឲ្យ​​ប្រុង​ប្រយ័ត្ន​ចំពោះ​អំពើ​អគតិ​ឆបោក​ប្រាក់​នេះ។

លិខិត​ជូន​ដំណឹង​របស់​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ត្រា និង​ហត្ថលេខា លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​បាន​ប្រកាស​ថា ប្រសិន​បើ​មាន​ការ​ទូរស័ព្ទ​ហៅ​ចូល ហើយ​អះអាង​ពី​សំណាក់​អ្នក​ហៅ​ដើម្បី​សុំ​ឲ្យ​ផ្ទេរ​ប្រាក់ ដើម្បី​កិច្ចការ​អ្វី​មួយ​នោះ សូម​មេត្តា​សួរ​មក​ខុទ្ទកាល័យ​ជា​មុន​សិន តាម​លេខ ០១២ ៦០១ ១១១ ដើម្បី​ជៀសវាង​ចាញ់​បោក​អំពើ​កខ្វក់​ឆបោក​របស់​ជន​អគតិ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។