កាលពីរសៀលថ្ងៃទី៣ មេសា ព្យុះភ្លៀងបានបង្កឲ្យផ្ទះសម្បែងរបស់ពួកគាត់រាប់រយខ្នងរងការខូចខាត និងរបួសទាំងមនុស្ស ហើយសត្វធាតុមួយចំនួនបានងាប់។
អាជ្ញាធរខេត្តកំពត កំពុងស្រង់ស្ថិតិ ពីការរងគ្រោះរបស់ប្រជាពលរដ្ឋដោយសារព្យុះភ្លៀងដែលបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ១៥៣ខ្នង រងការខូចខាតស្ទើរទាំងស្រុង និងមនុស្ស ៥នាក់បានរងរបួសដោយសាររន្ទះបាញ់។
ហេតុការណ៍នេះបានកើតឡើងរយៈពេលមួយម៉ោងកាលពីរសៀលថ្ងៃអង្គារ ទី៣ ខែមេសា ដោយមានទាំងភ្លៀងនិងខ្យល់ផង បោកបក់ទៅលើភូមិចំនួន៤ គឺភូមិល្អាង ដំណាក់អំពិល ភូមិត្រពាំងសេះ និងភូមិបើន ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
មេឃុំល្អាង លោក ម៉ាន់ ប៊ុនណា ថ្លែងនៅថ្ងៃទី៤ មេសា ថា ក្នុងចំណោមផ្ទះពលរដ្ឋចំនួន ១៥៣ខ្នងនោះ មានផ្ទះចំនួន ១៦ខ្នងបានរលំ និងខូចខាតទាំងស្រុង។
លោកថា ក្នុងហេតុការណ៍នោះ អ្នកភូមិចំនួន ៥នាក់បានរងរបួសដោយសារផ្ទះរលំលើ និងរន្ទះបាញ់ រីឯសត្វគោ និងជ្រូកបានងាប់ចំនួន៥ក្បាលដែរ៖ «មិនដឹងព្យុះអីខ្ញុំអត់ដឹងដែរ ប៉ុន្តែហក់មកចំកណ្ដាលស្រុកកណ្ដាលទេសអ៊ីចឹង។ ធ្លាក់ព្រិលទៀតណា គ្រាប់ប៉ុនមេដៃប៉ុនមេជើង ភ្លៀង និងខ្យល់ប៉ុនគ្នា។ បើនិយាយទៅព្យុះហ្នឹងវាមិនដែលមានវាមិនដែលប៉ះ ដូចតំបន់ហ្នឹងដីប៉ុណ្ណឹងទឹកលើថ្នល់ស្មើជង្គង់វាអត់ដែលមានអត់ដែលយល់ហ្មង»។
ពលរដ្ឋរស់នៅភូមិដំណាក់អំពិល លោក ញ៉ិល រី បានថ្លែងថា ក្នុងភូមិរបស់គាត់មានពលរដ្ឋរងគ្រោះច្រើនជាងគេ។ ចំណែកផ្ទះរបស់គាត់បានរងការខូចខាតទាំងស្រុង៖ «ខ្យល់ព្យុះនោះវាបាក់រលំផ្ទះអស់រលីងតែម្ដង ពាងទឹក ឆ្នាំង ចាន អីខ្ទេចខ្ទីទាំងអស់ហើយ ខូចខាតទាំងអស់តែម្ដង យកបានតែស្រូវវិញ។ ខ្ញុំចង់សំណូមពរឲ្យបានជួយបន្តិចបន្តួចៗ ឲ្យគ្រប់គ្នា ជួយឧបត្ថម្ភប្រជាជនដែលរងគ្រោះដោយសារខ្យល់ព្យុះម្សិលមិញដូចជា សម្ភារៈអ៊ីចឹង»។
ទាក់ទងបញ្ហានេះ អភិបាលស្រុកដងទង់ លោក មួង ឈុត មានប្រសាសន៍ថា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិពលរដ្ឋរងគ្រោះរួចហើយនោះ លោកបានបញ្ជូនរបាយការណ៍ដើម្បីស្វែងរកការជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះទាំងនោះ។
មន្ត្រីអាជ្ញាធរបានឲ្យដឹងថា កាកបាទក្រហមកម្ពុជា ក៏កំពុងចុះផ្ដល់ជំនួយឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះទាំងនោះជាបណ្ដើរៗហើយ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងថា នៅរាជធានីភ្នំពេញ និងខេត្តចំនួន ១៣ ក្នុងប្រទេសកម្ពុជា នឹងរងឥទ្ធិពលខ្យល់ព្យុះប៉ាកណាពីសមុទ្រចិនភាគខាងត្បូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ មេសា ឆ្នាំ២០១២៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
