និស្សិតដែលសុំមិនចេញឈ្មោះបានថ្លែងថា ករណីដែលបានវិលចូលរៀនវិញនេះគឺដោយសារតែមានការជួបប្រជុំគ្នាមួយរវាងមន្ត្រីតំណាងក្រសួងអប់រំ យុវជននិងកីឡា និងតំណាងសាកលវិទ្យាល័យដោះស្រាយបញ្ហាដែលកើតមានឡើងនេះ។
ការធ្វើបាតុកម្មរបស់ក្រុមនិស្សិតប្រមាណជា២០០នាក់ទាមទារឲ្យរកដំណោះស្រាយ គឺដោយសារតែសាស្រ្តាចារ្យមហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង បានធ្វើពហិការមិនចូលបង្រៀននិស្សិតរៀនបង់ថ្លៃឡើយ ដោយចោទប្រកាន់ថា សាកលវិទ្យាល័យមិនដែលបើកប្រាក់ថ្លៃបង្រៀនអស់រយៈពេល១០ឆ្នាំហើយ ដោយគិតតែប្រាក់ខែរដ្ឋសម្រាប់បង្រៀនតែនិស្សិតអាហារូបករណ៍ប៉ុណ្ណោះ។ ចំពោះប្រាក់ដែលបានមកពីការបង់ថ្លៃរបស់និស្សិតមិនមែនជាប់អាហារូបករណ៍នោះសាលាមិនបានបែងចែកឲ្យសាស្ត្រាចារ្យឡើយ។ សកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង មាននិស្សិតពីរក្រុមរៀនជាមួយគ្នា។ មួយក្រុមជានិស្សិតជាប់អាហារូបករណ៍និងមួយក្រុមទៀតជានិស្សិតរៀនបង់ថ្លៃ៕
