និស្សិត​ថ្នាក់​ត្រៀម​ផ្នែក​ពេទ្យ​ធ្វើ​បាតុកម្ម​ពី​បញ្ហា​ប្រឡង

និស្សិត​ថ្នាក់​ត្រៀម​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ប្រមាណ ៩០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កញ្ញា​នេះ ដើម្បី​សុំ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​បង្ហាញ​ពិន្ទុ​សម្រាប់​ការ​ប្រឡង​ចូល​រៀន​ពេញ​សិទ្ធិ​ឆ្នាំ​ទី​២ និង​ចង់​ឲ្យ​ទទួល​និស្សិត​ដែល​បាន​ប្រឡង​ទាំង​អស់​ចូល​រៀន​តែ​ម្តង។

តំណាង​និស្សិត​មួយ​រូប បាន​ប្រាប់​ពី​មូលហេតុ​ត្រួសៗ​ដែល​ពួក​គេ​បាន​ធ្វើការ​តវ៉ា​នេះ​ថា ៖ «៣​សំខាន់ៗ ទី​១ សុំ​ឲ្យ​ខ្ញុំ​ប្រឡង​ថ្នាក់​ជាតិ​បាន​ម្ដង​ទៀត ឬ​បើ​មិន​អ៊ីចឹង​ទេ​ឲ្យ​ខ្ញុំ​ចូល​ឆ្នាំ​ទី​២ ឲ្យ​មាន​សមតុល្យភាព​រវាង​ឆ្នាំ​មុន ដូច​ជា​ឆ្នាំ​មុន មាន​សិស្ស​ចំនួន​១.០០០​នាក់ ប្រឡង​ជាប់ ៩០០​នាក់​ជាង ដល់​ពេល​ឆ្នាំ​នេះ សិស្ស​ខាង​ផ្នែក​វេជ្ជសាស្រ្ដ ១.៤៤២​នាក់ ដល់​ពេល​ប្រឡង​ជាប់​តែ ៥០០​នាក់​ទេ អ៊ីចឹង​សូម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​ស្មើ​ឆ្នាំ​មុន។ ហើយ​ទី​២ បើ​មិន​ឲ្យ​ចូល​ប្រឡង​ឆ្នាំ​ទី​២ ទេ ឲ្យ​ចូល​ឆ្នាំ​ទី​១​ដដែល​ក៏​បាន​ដែរ តែ​សុំ​មិន​អាច​ប្រឡង​អ្វី​ទាំង​អស់ សុំ​ចូល​ដោយ​ស្វ័យ​ប្រវត្តិ បង់​ថ្លៃ​ពាក់​កណ្ដាល។ ទី​៣ ខ្ញុំ​សូម​ឲ្យ​ដោះស្រាយ​បញ្ហា​ពិន្ទុ​ប្រឡង​និស្សិត​អត់​សុក្រឹត​ទេ កំណត់​ពេល​វេលា​ប្រឡង​ម៉ោង ១​កន្លះ ដល់​ប្រឡងៗ​ម៉ោង ៤​កន្លះ»

និស្សិត​មួយ​រូប​ទៀត បាន​និយាយ​ផង​ដែរ​ថា គេ​បាន​ឃើញ​ភស្តុតាង​ខ្លះៗ​ដែល​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រឡង​លើក​នេះ។

ស្តីពី​បញ្ហា​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ប្រឡង​របស់​និស្សិត​វេជ្ជសាស្រ្ត​នេះ​គឺ​មាន​ការ​រៀបចំ​និង​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ដោយ​គណៈកម្មាធិការ​ជាតិ​មួយ ដូច្នេះ​លទ្ធផល​នៃ​ការ​ប្រឡង​នោះ គឺ​មិន​អាច​កែប្រែ​បាន​ទេ។

លោក​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​មិន​មាន​គោល​ការណ៍​ណា​មួយ​ដើម្បី​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​និស្សិត​ដែល​ប្រឡង​ធ្លាក់​នោះ​ឡើយ៕