តំណាងនិស្សិតមួយរូប បានប្រាប់ពីមូលហេតុត្រួសៗដែលពួកគេបានធ្វើការតវ៉ានេះថា ៖ «៣សំខាន់ៗ ទី១ សុំឲ្យខ្ញុំប្រឡងថ្នាក់ជាតិបានម្ដងទៀត ឬបើមិនអ៊ីចឹងទេឲ្យខ្ញុំចូលឆ្នាំទី២ ឲ្យមានសមតុល្យភាពរវាងឆ្នាំមុន ដូចជាឆ្នាំមុន មានសិស្សចំនួន១.០០០នាក់ ប្រឡងជាប់ ៩០០នាក់ជាង ដល់ពេលឆ្នាំនេះ សិស្សខាងផ្នែកវេជ្ជសាស្រ្ដ ១.៤៤២នាក់ ដល់ពេលប្រឡងជាប់តែ ៥០០នាក់ទេ អ៊ីចឹងសូមធ្វើយ៉ាងណាឲ្យមានតុល្យភាពស្មើឆ្នាំមុន។ ហើយទី២ បើមិនឲ្យចូលប្រឡងឆ្នាំទី២ ទេ ឲ្យចូលឆ្នាំទី១ដដែលក៏បានដែរ តែសុំមិនអាចប្រឡងអ្វីទាំងអស់ សុំចូលដោយស្វ័យប្រវត្តិ បង់ថ្លៃពាក់កណ្ដាល។ ទី៣ ខ្ញុំសូមឲ្យដោះស្រាយបញ្ហាពិន្ទុប្រឡងនិស្សិតអត់សុក្រឹតទេ កំណត់ពេលវេលាប្រឡងម៉ោង ១កន្លះ ដល់ប្រឡងៗម៉ោង ៤កន្លះ»។
និស្សិតមួយរូបទៀត បាននិយាយផងដែរថា គេបានឃើញភស្តុតាងខ្លះៗដែលមានភាពមិនប្រក្រតីក្នុងការប្រឡងលើកនេះ។
ស្តីពីបញ្ហានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការប្រឡងរបស់និស្សិតវេជ្ជសាស្រ្តនេះគឺមានការរៀបចំនិងត្រួតពិនិត្យត្រឹមត្រូវដោយគណៈកម្មាធិការជាតិមួយ ដូច្នេះលទ្ធផលនៃការប្រឡងនោះ គឺមិនអាចកែប្រែបានទេ។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅពេលនេះមិនមានគោលការណ៍ណាមួយដើម្បីដោះស្រាយតាមការទាមទាររបស់និស្សិតដែលប្រឡងធ្លាក់នោះឡើយ៕
