ពលរដ្ឋ​នៅ​ស្វាយរៀង​រិះគន់​ប៉ូលិស​ធ្វើ​អត្តសញ្ញាណប័ណ្ណ

0:00 / 0:00

ពលរដ្ឋ​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង​ អះអាង​ថា មន្ត្រី​ប៉ូលិស​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខេត្ត​នេះ​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវាកម្ម​​ដិត​ដល់​ជួន​របស់​ប្រជាពលរដ្ឋ​​នោះ​ទេ​ គឺ​​រហ័សរហួន​តែ​ចំពោះ​អ្នក​ដែល​បាន​បង់​លុយ​ឲ្យ​ប៉ូលិស​ប៉ុណ្ណោះ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​ខ្លះ​រង​ទុក្ខ​លំបាក​ ខាត​បង់​ពេល​វេលា​ និង​ថវិកា​ជា​ច្រើន​ឆ្នាំ​ ក៏​នៅ​តែ​ពុំ​ទាន់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​បាន​នៅ​ឡើយ។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ដោយ​សារ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ បាន​រៀបរាប់​បញ្ជាក់​​ថា មាន​​ការ​ខកចិត្ត និង​ចាត់​ទុក​​សកម្មភាព​របស់​អាជ្ញាធរ​ប៉ូលិស​ថា​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​មិន​បាន​គិតគូរ​ពី​ផល​លំបាក​​របស់​​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ។

ប្រជាពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​រស់​នៅ​ភូមិ​ថ្មី នៃ​ឃុំ​ស្វាយចេក ស្រុក​រំដួល ថ្លែង​បញ្ជាក់​​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ថា កញ្ញា​ខាត​បង់​ទាំង​ពេល​វេលា និង​ថវិកា​ដោយសារ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ​ ជា​ច្រើន​លើក​មក​​ហើយ ជាពិសេស​នៅ​​​ពេល​ដែល​ខ្លួន​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៤ កន្លង​ទៅ។

កញ្ញា​បញ្ជាក់​ថា ពេល​នោះ​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​ត្អូញត្អែរ​ពី​​សកម្មភាព​របស់​ប៉ូលិស​ថា គិតគូរ​តែ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​បង់​ប្រាក់​ថ្លៃ​សេវាកម្ម​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ទៅ​ឲ្យ​មន្ត្រី​ប៉ូលិស​ទេ។ ចំពោះ​អ្នក​ដែល​ពុំ​បាន​បង់​ថ្លៃ​សេវា​វិញ អាជ្ញាធរ​ប៉ូលិស​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ឡើយ៖ «ធម្មតា​ខ្ញុំ​សិស្ស​សាលា​អ៊ីចឹង​ខ្ញុំ​ត្រូវ​ការ​អត្តសញ្ញាណប័ណ្ណ​អី ហើយ​ខ្ញុំ​សុខ​ចិត្ត​ព្យាយាម​ខាន​រៀន​ខាន​សូត្រ​ទៅ​ធ្វើ ហើយ​ធ្វើ​ឡើង ៣ អត់​បាន​ទេ​ ហើយ​ពេល​មក​ធ្វើ​ម្ដង​ទៀត​អត់​បាន ខ្ញុំ​មាន​អារម្មណ៍​លែង​ចង់​ធ្វើ​ហើយ មិន​ដឹង​យ៉ាង​ម៉េច ខ្ញុំ​មិន​ដឹង​ថា មូលហេតុ​អី​បាន​ធ្វើ​អត់​បាន។ ខ្ញុំ​សួរ​គាត់​ដែរ​ ខ្ញុំ​សួរ​ថា​បង! អើ​ខ្ញុំ​ធ្វើ​ម៉េច​បាន​អត្តសញ្ញាណប័ណ្ណ​ខ្ញុំ ៣​ដង​ហើយ​ ប៉ុន្តែ​ដូច​គេ​ធ្វើ​អត់​កើត​អ៊ីចឹង​បង។ ហើយ​អ្នក​កន្លែង​ថត​គេ​ថា​ឲ្យ​​ខ្ញុំ​វិញ​ដែរ ​គេ​ពេល​ខ្លះ​ទៅ​អ្នក​វាយៗ​ខ្វះ​អី​មួយ​ភ្លេច​អី​មួយ​អ៊ីចឹង​គេ​អត់​បញ្ជូន​ឲ្យ​ទេ អា​ហ្នឹង​វា​បញ្ហា​តិចតួច​អ៊ីចឹង​វា​អត់​គ្រប់​លក្ខណៈ​របស់​យើង​អី​អ៊ីចឹង»

តែ​យ៉ាង​ណា​ប្រធាន​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្វាយចេក ស្រុក​រំដួល លោក ហន សុង មាន​ប្រសាសន៍​បញ្ជាក់​ដោយ​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ ដែល​ថា​ប៉ូលិស​​​មិន​យក​ចិត្ត​ទុក​ដាក់​លើ​​ប្រជាពលរដ្ឋ​ដែល​បាន​បង់​ថ្លៃ​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ។

លោក ហន សុង បញ្ជាក់​បន្ថែម​ថា កន្លង​មក​​អាជ្ញាធរ​ប៉ូលិស​ពុំ​ដែល​ទារ​​ថ្លៃ​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ឡើយ។ លោក​ថា ផ្ទុយ​ទៅ​វិញ​ អាជ្ញាធរ​ប៉ូលិស​តែង​អនុគ្រោះ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ មនុស្ស​​ចាស់​ជរា​ និង​ជន​ពិការ​ទទួល​បាន​​សិទ្ធិ​មុន​គេ​នៅ​​ពេល​ធ្វើ​អត្តសញ្ញាណប័ណ្ណ៖ «ដូច​ជា​គ្មាន​ទេ​លោក ខ្ញុំ​នៅ​ធ្វើ​នេះ គ្រាន់​តែ​ថា​វា​ច្រើន​ច្របូកច្របល់​មនុស្ស​ច្រើន​មែន ប៉ុន្តែ​ដោយ​សម្ដី​ហ្នឹង​ដូច​អត់​មាន​ទេ។ សូម​បញ្ជាក់​បន្តិច​ទៀត ត្រង់​ថា​អ៊ីចេះ ឧបមា​ថា គាត់​មក​អ៊ីចឹង​មនុស្ស​វា​ច្រើន​អ៊ីចឹង​ទៅ គាត់​មក​មួយ​ថ្ងៃ អ៊ីចឹង​ទៅ​មនុស្ស​វា​ច្រើន​វា​គរ។ ដោយសារ​តាម​លេខ​រៀង​ អ៊ីចឹង​ទៅ​គាត់​វា​យូរ​អ៊ីចឹង​ទៅ ស្អែក​គាត់​មក​វា​យូរ​ទៀត គាត់​ថា​លែង​ធ្វើ​ហើយ​ មិន​ដឹង​ធ្វើ​អី​ប្រយោជន៍​អី​ខ្ញុំ​ទេ។ ដល់​អ៊ីចឹង​គាត់​ក៏​លែង​ទៅ​ធ្វើ​ទៀត​ទៅ​ អា​ហ្នឹង​កន្លង​មក​ដែល​ខ្ញុំ​ទទួល​ព័ត៌មាន​ដែល​ខ្ញុំ​នៅ​តាម​​មូលដ្ឋាន​លោក»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​បញ្ជាក់​ថា អ្នក​ដែល​​​បង់​ប្រាក់​ទៅ​ឲ្យ​ប៉ូលិស​ពី​ ៥​ពាន់ ទៅ ២​ម៉ឺន​រៀន និង​ទទួល​បាន​សិទ្ធិ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​មុន​គេ។

អាជ្ញាធរ​ប៉ូលិស​បាន​ចុះ​ដំណើរការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​ជួន​ដល់​ប្រជាពលរដ្ឋ​​ដែល​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ធ្វើ​នៅ​សាលា​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង​ ចំនួន ២​ថ្ងៃ​មក​ហើយ។ មន្ត្រី​ប៉ូលិស​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​នៅ​រយៈ​ពេល​ប្រមាណ ១​ខែ បន្ទាប់​ពី​ថ្ងៃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។