អ្នក​ថតរូប​ជនជាតិ​ស៊ុយអែដ​សោកស្ដាយ​ដោយ​ធ្លាប់​គាំទ្រ​របប​ខ្មែរ​ក្រហម

ទីភ្នាក់ងារ​ព័ត៌មាន​អេ.ភី. រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ពេល​ដែល​លោក Gunnar Bergstrom ជន​ជាតិ​ស៊ុយអែដ ជា​ភ្ញៀវ​នៃ​របប​ខ្មែរ​ក្រហម ក្នុង​ខែ​សីហា ១៩៧៨ លោក​បាន​ចូលរួម​ពិសា​អាហារ​ពេល​ល្ងាច រៀប​ចំ​ទទួល​ដោយ​របប​ប៉ុលពត ដោយ​មាន​ម្ហូប​ងាវ​និង​ត្រី​ផង។

យុវជន​អីរ៉ុប​ឆ្វេង​និយម ៤​រូប ដែល​ជា​សមាជិក​នៃ​គណៈប្រតិភូ​មិត្តភាព​ក្រៅ​ផ្លូវការ​ពេល​នោះ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ជាមួយ​ប៉ុលពត ដោយ​ឃើញ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នោះ​ថា ជា​ការ​បដិវត្ត​មួយ​ដើម្បី​កែប្រែ​កម្ពុជា​ទៅ​ជា​សង្គម​មួយ​យុត្តិធម៌​មាន​គុណ​ប្រយោជន៍​ដល់​អ្នក​ក្រ។

បន្ទាប់​ពី​នោះ​មក លោក Bergstrom បាន​យល់​ថា លោក​បាន​យល់​ច្រឡំ​ពី​របប​ប៉ុលពត​ដ៏​ឃោរឃៅ ហើយ​លោក​ចង់​ធ្វើការ​កែ​តម្រូវ​វិញ។

លោក Bergstromបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី. ថ្ងៃ​នេះ​ថា លោក​បាន​ត្រូវ​បញ្ឆោត​បំភ័ន្ត​ដោយ​ប៉ុលពត​នឹង​ពួក​ខ្មែរ​ក្រហម។ លោក​បាន​គាំទ្រ​ពួក​ឧក្រិដ្ឋករ​កាល​នោះ។

ព័ត៌មាន​បន្ត​ថា ជន​ជាតិ​ស៊ុយអែដ អាយុ​៥៧​ឆ្នាំ​នេះ បាន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ។ ហើយ​នេះ​គឺ​ជា​លើក​ទី​១ ក្នុង​រយៈពេល​៣០​ឆ្នាំ គឺ​ដើម្បី​ប្រគល់​ឯកសារ​របស់​លោក​ស្តីពី​ដំណើរ​ទស្សនកិច្ច​កាល​នោះ ហើយ​និង​ផ្សព្វផ្សាយ​សៀវភៅ​រូប​ថត​ដែល​រំឭក​ឡើង​វិញ​អំពី​ដំណើរ​នៅ​កម្ពុជា កាល​ក្នុង​របប​ខ្មែរ​ក្រហម៕