កម្ពុជា​កាត់​ទោស​ចិន​តៃវ៉ាន់​ម្នាក់​ឲ្យ​ជាប់​គុក ២២​ឆ្នាំ​ពីបទ​ជួញដូរ​គ្រឿង​ញៀន

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា.អេហ្វ.ប៉េ. បាន​ស្រង់​ប្រសាសន៍​លោក​ចៅក្រម ឆាយ គង់ កាលពី​ម្សិលមិញ​នេះ​ថា លោក​បាន​កាត់ទោស​ពាណិជ្ជករ​ចិន​តៃវ៉ាន់ ឈ្មោះ លិន គួជិះ អាយុ ៤១​ឆ្នាំ ឲ្យ​ជាប់​គុក ២២​ឆ្នាំ ក្រោយ​ដែល​បាន​រកឃើញ​ថា ជន​រូប​នេះ មាន​កំហុស​ពីបទ​ថា បាន​ព្យាយាម​លួច​នាំ​គ្រឿងញៀន​ហេរ៉ូអ៊ីន ៨០០​ក្រាម ចេញ​ពី​ប្រទេស ។

ក្រៅពី​ឲ្យ​ជាប់​គុក ២២​ឆ្នាំ​ហើយ លោក​ចៅក្រម​ក៏បង្គាប់​ឲ្យ​ឧក្រិដ្ឋជន បង់​ពិន័យ​ជា​ប្រាក់ ៦០​លាន​រៀល ស្មើ​នឹង​ប្រមាណ ១៥.០០០​ដុល្លារ​អាមេរិក​ថែម​ទៀត ។

ខណៈដែល​ប្រុងប្រៀប​នឹង​ឡើង​យន្តហោះ​ទៅកាន់​ក្រុង​តៃប៉ិ កាលពី​ខែ​តុលា ឆ្នាំ​ទៅ​មិញ លិន គួជិះ បាន​ត្រូវ​ប៉ូលិស​ចាប់ ហើយ​គេ​ក៏​រកឃើញ​ហេរ៉ូអ៊ីន​ជិត ១​គីឡូ លាក់​ក្នុង​ហោប៉ៅ​ខោ​របស់​ជន​រូប​នេះ ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា លិន គួជិះ ជា​អាជីវករ​ដែល​តែង​តែ​ធ្វើ​ដំណើរ​ចេញ​ចូល​កម្ពុជា​ ជា​ញឹក​ញាប់ ៕