ប្រភពព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ដែលបានដកស្រង់ប្រសាសន៍ចៅក្រម ឆាយ គង់ នៃតុលាការក្រុងភ្នំពេញ បានឲ្យដឹងថា បុរសជនជាតិតៃវ៉ាន់នោះឈ្មោះ សៅអ៊ួ គួលាង (Hsiao Kuo-leang) អាយុ២១ឆ្នាំ បានត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន៣៧ឆ្នាំ និងបង់ផាកពិន័យជាប្រាក់ចំនួន២ម៉ឺន៥ពាន់ដុល្លារអាមេរិក ក្រោយពីចាប់បានអាភៀនចំនួន១គីឡូក្រាមនិងកាំភ្លើងខ្លីចំនួន២ដើមនៅក្នុងរថយន្តរបស់ខ្លួនកាលពីចុងឆ្នាំ២០០៨។
លោកចៅក្រម ឆាយ គង់ មានប្រសាសន៍បន្តថា ឧក្រិដ្ឋជន សៅអ៊ួ គួលាង បានឆ្លើយសារភាពនៅចំពោះមុខតុលាការថា ខ្លួនបានត្រូវបុរសជនជាតិតៃវ៉ាន់ម្នាក់ផ្សេងទៀតជួលធ្វើការឲ្យមកចាត់ចែងបង្កើតជាកន្លែងផលិតគ្រឿងញៀននិងរត់ពន្ធគ្រឿងញៀនទាំងនោះចេញពីប្រទេសកម្ពុជា។
សូមជម្រាបជូនថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជនជាតិតៃវ៉ាន់ជាច្រើននាក់ដែលក្នុងនោះមានទាំងបុរសចំណាស់ម្នាក់ អាយុ៩០ឆ្នាំផងដែរ បានត្រូវចាប់ខ្លួននិងផ្តន្ទាទោសឲ្យជាប់ក្នុងពន្ធនាគារពីបទរត់ពន្ធគ្រឿងញៀនចេញពីកម្ពុជា៕
