បុរស​តៃវ៉ាន់​ម្នាក់​ជាប់​គុក​៣៧​ឆ្នាំ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន

តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ កាល​ពី​ថ្ងៃ​៣០ តុលា សប្តាហ៍​កន្លង​មក​នេះ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៧​ឆ្នាំ ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​និង​កាន់កាប់​អាវុធ​ខុស​ច្បាប់។

ប្រភព​ព័ត៌មាន​បារាំង អាអេហ្វប៉េ (AFP) ដែល​បាន​ដកស្រង់​ប្រសាសន៍​ចៅក្រម ឆាយ គង់ នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​តៃវ៉ាន់​នោះ​ឈ្មោះ សៅអ៊ួ គួលាង (Hsiao Kuo-leang) អាយុ​២១​ឆ្នាំ បាន​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៧​ឆ្នាំ និង​បង់​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​២​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក ក្រោយ​ពី​ចាប់​បាន​អាភៀន​ចំនួន​១​គីឡូក្រាម​និង​កាំភ្លើង​ខ្លី​ចំនួន​២​ដើម​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​២០០៨។

លោក​ចៅក្រម ឆាយ គង់ មាន​ប្រសាសន៍​បន្ត​ថា ឧក្រិដ្ឋ​ជន សៅអ៊ួ គួលាង បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​តុលាការ​ថា ខ្លួន​បាន​ត្រូវ​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ផ្សេង​ទៀត​ជួល​ធ្វើ​ការ​ឲ្យ​មក​ចាត់ចែង​បង្កើត​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​និង​រត់ពន្ធ​គ្រឿង​ញៀន​ទាំង​នោះ​ចេញ​ពី​ប្រទេស​កម្ពុជា។

សូម​ជម្រាប​ជូន​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ជនជាតិ​តៃវ៉ាន់​ជា​ច្រើន​នាក់​ដែល​ក្នុង​នោះ​មាន​ទាំង​បុរស​ចំណាស់​ម្នាក់ អាយុ​៩០​ឆ្នាំ​ផងដែរ បាន​ត្រូវ​ចាប់​ខ្លួន​និង​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន​ចេញ​ពី​កម្ពុជា៕