ផ្ទុយពីនោះ អ្នកប្រកបរបរដឹកទឹកលក់ បែរជាសប្បាយចិត្ត ដោយសាររកបានចំណូលគួរសមពីការលក់ទឹកនោះនៅរដូវប្រាំង។
ទឹកស្អាត និងទឹកប្រើប្រាស់ ត្រូវប្រជាពលរដ្ឋនៅក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ត្អូញថា លំបាកច្រើនក្នុងការស្វែងរកទឹកមកបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។
អ្នកភូមិថ្មី ឃុំស្រែរនោង លោកស្រី ធន ទ្រល អាយុ ៤៦ឆ្នាំ ថ្លែងថា ក្នុង១អាទិត្យ គាត់ទិញទឹក ៣ដង តម្រូវការសំរាប់សត្វបោកគក់ជាដើម។ ទឹកលក់ក្នុង១រទេះតម្លៃ ៥ពាន់រៀល បានទឹកតែ ១ពាងកន្លះប៉ុណ្ណោះ។ អ្នកស្រីអះអាងថា កាលពីមុនស្រះក្បែរភូមិមិនទាន់បង្ហូរទឹកចេញដើម្បីស្តារ ទឹកមិនខ្វះប្រើទេ ប៉ុន្តែច្រើនឆ្នាំមកហើយ ក្រុមការងារគណបក្សប្រជាជនកម្ពុជា សន្យាស្តារស្រះនោះ ហើយមិនស្តារដដែល ទើបអ្នកភូមិខ្វះទឹកប្រើនៅរដូវប្រាំង។
លោកស្រី ធន ទ្រល៖ «ខ្ញុំទិញទឹកពិបាកមាំណាស់រាល់ថ្ងៃ ២-៣ថ្ងៃមួយដឹកៗ ហើយមួយដឹកសុទ្ធតែ ៥ពាន់។ ប្រជាជនរកស៊ីអី ក្រចង់ងាប់ហើយ ទិញតែទឹក។ ទិញម្ហូបស៊ីតិចៗ ចាំតែទិញទឹក។ គោក៏ពិបាក ជ្រូកក៏ពិបាក គិតមើលពិបាកមាំណាស់ ទឹកបឹងអស់រលីងអ៊ីចឹងដឹងធ្វើម៉េច។ ឥឡូវដល់អត់ទឹកភ្លៀងរឹតតែពិបាក ដឹកគោឲ្យទៅផឹកទឹក ហើយដល់គោកអស់អ៊ីចឹងទិញទាំងទឹកឲ្យគោផឹកទៀត ទាំងមនុស្សទៀត។ ទិញទាំងអស់ និយាយរួមទិញទាំងអស់ គោអំពែផឹកទាំងអស់។ ២ ទៅ ៣ថ្ងៃ ១ដឹកៗ គិតមើលលំបាកមាំណាស់»។
អ្នកភូមិថ្មី ឃុំស្រែរនោង អះអាងថា កង្វះទឹកស្រះប្រើប្រាស់បានធ្វើឲ្យគាត់ចាយលុយទិញទឹកយកមកប្រើច្រើនជាងសព្វមួយដង ព្រោះតែការសន្យាហើយមិនព្រមគោរពការស្តារតាមពេលវេលាពិតប្រាកដ៖ «ហើយបឹងមួយប៉ុនទន្លេមេគង្គ បង្ហូរទឹកចោលអស់រលីង ឥឡូវគេអត់ធ្វើវិញ។ សួរអាជ្ញាធរដែនដីគេថាធ្វើខែ២ ប៉ុន្តែមិនដឹងខែ២ ប៉ុន្មានដងទៀតនរណាដឹង។ ដល់តែឥឡូវមិនធ្វើ តែបន្តិចទៀតភ្លៀងទៀតហើយ គេថា ទេធ្វើមិនកើត គេថាចាំឆ្នាំក្រោយទៀតទៅ វាងាប់យើងគ្រប់គ្នា។ គោរកទឹកផឹកក៏គ្មានដែរឥឡូវហ្នឹង»។
បុរសឈ្មោះ វណ្ណៈ អះអាងថា គាត់បានចំណូលពីការដឹកទឹកលក់ក្នុងឃុំបានគួរសមនៅរដូវប្រាំងនេះ នៅគ្រាដែលស្រះទឹកក្នុងឃុំនេះមិនទាន់ស្តា។ លោកថា ក្រោយពីមានមនុស្សច្រើនត្រូវការទិញទឹកប្រើ អ្នកភូមិផ្សេងបាននាំគ្នាទិញម៉ាស៊ីនបូមទឹក និងធុងសាំងដឹកទឹកលក់ប្រកួតប្រជែងគ្នាចំនួន ៦នាក់ នាំឲ្យតម្លៃលក់ទឹកមិនអាចឡើងថ្លៃបាន។
លោក វណ្ណៈ៖ «កាលមុនទឹកបឹងវានៅច្រើន យើងអត់សូវដឹកទេ ដល់ពេលឥឡូវទឹកវាអស់ទៅ ចំណូលពីទឹកដឹកបានច្រើនបន្តិច។ ដឹកទឹកហ្នឹងឆ្ងាយ គេអត់សម្ភារៈដឹក គេហៅយើងទៅ។ កើនអ្នកដែលត្រូវការទឹក ដោយសារបឹងនេះវាគោក»។
មេឃុំស្រែរនោង លោក ស្រី សាម ថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុន ២ គឺជាក្រុមហ៊ុននៅក្នុងស្រុក កំពុងលើកតម្លៃដេញថ្លៃដើម្បីស្តារស្រះទំហំ ២២ហិកតារ នៅក្នុងឃុំស្រែរនោងនេះ៖ «ក្រុមហ៊ុនហ្នឹងវាមិនទាន់ពិតប្រាកដទេ។ ទី១ ឈ្មោះ ប៉ាង សុខុម ទី២ ឈ្មោះ ធឿន ដែលខ្ញុំភ្លេចនាមត្រកូលហើយ។ ស្រះនេះ បើផែនការក្រុមការងារគណបក្សប្រជាជនដែលចុះជួយឃុំស្រែរនោង បានកំណត់ពេលវេលាក្នុងអំឡុងខែ២ នេះ គឺខែកុម្ភៈ នឹងបានចុះបើកការដ្ឋានស្តារ»។
ប្រជាពលរដ្ឋឃុំស្រែរនោង ១៧ភូមិ និងពលរដ្ឋក្នុងស្រុកត្រាំកក់ ដែលរំពឹងទឹកស្រះស្រែរនោង ប្រើ កំពុងរង់ចាំមើលសកម្មភាពស្តារស្រះនោះ ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា បានសន្យាស្តារស្រះនោះនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៣ ឲ្យបាន ១០០% ថានឹងគោរពតាមការសន្យាកន្លងមក ឬអត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
