សមាជិករដ្ឋសភា និងព្រឹទ្ធសភា សកម្មជន និងពលរដ្ឋប្រមាណជិត ១០០នាក់ នាំគ្នាចុះពិនិត្យភាពជាក់ស្ដែងលើបញ្ហាដែលជនជាតិវៀតណាម និងកងកម្លាំងសមត្ថកិច្ចវៀតណាម នាំគ្នាមកបាញ់ថ្នាំពុលបំផ្លាញផលដំណាំប្រជាកសិករខ្មែរនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ។
អ្នកតំណាងរាស្ត្រអះអាងថា ក្រោយពេលពិនិត្យភាពជាក់ស្តែងហើយ ពួកគាត់នឹងអាចបញ្ជូនលិខិតមួយទៅនាយករដ្ឋមន្ត្រីដើម្បីសុំឲ្យដោះស្រាយពីបញ្ហានេះ។
ការចុះទៅពិនិត្យនេះ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានប្ដឹងពីការបំផ្លាញផលដំណាំរបស់ពលរដ្ឋខ្មែរពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋវៀតណាម កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ។
អនុប្រធានទី២នៃគណៈកម្មការទី៩ គឺគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា គោលបំណងដែលលោកដឹកនាំគណៈប្រតិភូ មានទាំងសមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត ស្រុកចុះទៅកន្លែងកើតហេតុ គឺដើម្បីពិនិត្យឱ្យច្បាស់ពីហេតុការណ៍កើតឡើង។
លោកបន្តថា ក្រោយពីចុះពិនិត្យជាក់ស្ដែងបានលទ្ធផលច្បាស់យ៉ាងណាហើយនោះ លោកនឹងសរសេរលិខិតជាផ្លូវការ ដើម្បីសុំឲ្យធ្វើការអន្តរាគមន៍៖ «បើបានព័ត៌មានជាក់ស្ដែងនឹងភ្នែកហើយ ខ្ញុំនឹងធ្វើលិខិតស្នាមទៅនាយករដ្ឋមន្ត្រីឱ្យបកស្រាយបញ្ហានេះ និងជំរុញការដោះស្រាយបញ្ហានេះ ព្រោះតំបន់នេះជាតំបន់មួយដែលបោះបង្គោលព្រំដែនរួចហើយ»។
លោក ម៉ៅ មុនីវណ្ណ បន្ថែមថា បញ្ហានេះជាបញ្ហារបស់រាស្ត្រ ដែលតួនាទីតំណាងរាស្ត្រត្រូវជួយដោះស្រាយ ហើយក៏មិនមែនជារឿងនយោបាយអ្វីដែរ ប៉ុន្តែករណីនេះជារឿងបូរណភាពដែនដីរបស់កម្ពុជា ទាំងមូល។
ទាក់ទងនឹងករណីនេះ កាលពីថ្ងៃទី២០ មេសា មេឃុំជាំ បានផ្ញើរបាយការណ៍មួយច្បាប់មកអាជ្ញាធរស្រុកមេមត់ ដោយរៀបរាប់ពីហេតុការណ៍ដែលកងកម្លាំងវៀតណាម ៨នាក់ រួមនឹងពលរដ្ឋវៀតណាម ៣នាក់ទៀត នាំគ្នាយកឧបករណ៍ និងថ្នាំពុលមកបាញ់លើដំណាំរបស់ពលរដ្ឋខ្មែរ លើទំហំដីប្រហែល ១០ហិកតារ កាលថ្ងៃទី១៩ មេសា នៅតំបន់ជាំប្រាំល្វែង ចន្លោះបង្គោលព្រំដែនលេខ ៩៤ និង ៩៥។ ក្នុងលិខិតបញ្ជាក់ថា ដីតំបន់នោះគឺពលរដ្ឋខ្មែរនាំគ្នាបង្កបង្កើនផលតាំងពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ២០០៦ ទើបខាងអាជ្ញាធរវៀតណាម មកហាមឃាត់ តែពលរដ្ឋខ្មែរមិនចូលធ្វើចំការលើដីតំបន់នោះ ដោយសំអាងថា ជាតំបន់ស។ រហូតដល់ឆ្នាំ២០០៨ ទើបមានការបោះបង្គោលព្រំដែននៅទីនោះរួច ប៉ុន្តែពលរដ្ឋខ្មែរនៅតែមិនអាចធ្វើអ្វីបាន។ ដោយមិនមានដីសម្រាប់ធ្វើស្រែចម្ការ និងម្យ៉ាងឃើញពលរដ្ឋវៀតណាម អាចចូលធ្វើបាន ទើបពលរដ្ឋខ្មែរនាំគ្នាចូលធ្វើវិញ។
ក្រោយកើតហេតុភ្លាម អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះទៅពិនិត្យដល់ទីតាំងនោះដែរ ហើយពួកគាត់ពន្យល់ប្រាប់ពលរដ្ឋទាំងសងខាងឱ្យរក្សាភាពស្ងប់ស្ងាត់ រង់ចាំអាជ្ញាធរថ្នាក់ជាតិដោះស្រាយ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ ដែលបានចុះទៅដល់ទីតាំងជម្លោះ មានប្រសាសន៍ថា ដីតំបន់នោះ គឺមានប្រហែលជា ១០ហិកតារ ប៉ុន្តែផលដំណាំដែលកម្លាំង និងពលរដ្ឋវៀតណាម បាញ់ថ្នាំ គឺប្រមាណ ២ ឬ ៣ហិកតារ។
លោកបន្តថា តំបន់មានបញ្ហា គឺអាជ្ញាធរតែងហាមឃាត់ពលរដ្ឋទាំងពីរ ទាំងពលរដ្ឋខ្មែរ និងវៀតណាម មិនឱ្យចូលធ្វើស្រែចម្ការទេ រង់ចាំការដោះស្រាយជាមុនសិន ហើយដីដែលមានបញ្ហា គឺពលរដ្ឋខ្មែរទើបតែចូលធ្វើចម្ការក្នុងឆ្នាំនេះ៖ «ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងមូល និងដើម្បីប្រជាពលរដ្ឋរបស់យើង គឺថាវាគ្មិនណាក៏ដោយ គណបក្សនយោបាយណាក៏ដោយ គឺត្រូវនិយាយលើទិដ្ឋភាពជាក់ស្ដែង កុំបម្លែង និងកេងចំណេញរឿងនយោបាយ»។
យ៉ាងនេះក្ដីខាងលោកបានបញ្ជូនរបាយការណ៍នេះទៅអាជ្ញាធរថ្នាក់ជាតិភ្លាមៗដែរ ដើម្បីពន្លឿនការដោះស្រាយ ហើយលោកសង្ឃឹមថា ការដោះស្រាយនឹងមានក្នុងពេលឆាប់ៗ។ ស្របពេលដំណោះស្រាយមិនទាន់មាន លោកសូមឱ្យពលរដ្ឋរក្សាភាពអត់ធ្មត់ និងយោគយល់ដល់អាជ្ញាធរ ជៀសវាងធ្វើឲ្យមានបញ្ហាណាមួយកើតឡើង។
ទាក់ទងបញ្ហានេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត ធ្លាប់មានប្រសាសន៍ថា លោកបារម្ភខ្លាចក្រែងតែមានជម្លោះជាតិសាសន៍កើតឡើង ប្រសិនបើខាងភាគីវៀតណាម ចេះតែបំពានលើប្រជាពលរដ្ឋខ្មែរ ម្យ៉ាងទៀត ប្រសិនបើបញ្ហាព្រំដែននៅតែមិនអាចដោះស្រាយឱ្យបានឆាប់ៗ និងច្បាស់លាស់ទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
