មន្ត្រី​ស.រ.អា.​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា

បន្ទាប់​ពី​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​របស់​លោក ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ិនតុន​មក​កាល​ពី​ថ្ងៃ​២៣ កញ្ញា ២០០៩ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រកាស​ជូន​ព័ត៌មាន​ថា ក្នុង​ការ​ជួប​នា​ថ្ងៃ​២១ កញ្ញា ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក រ៉ូប៊ើត ហ្កេតស៍ (Robert Gates) រដ្ឋមន្ត្រី​អាមេរិក បាន​ថ្លែង​សង្កត់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​ថែ​រក្សា​សន្តិភាព សន្តិសុខ​ដែន​សមុទ្រ​និង​ការ​ប្រឆាំង​ភេរវកម្ម។

លោក​ក៏​បាន​លើក​ពី​ការ​បង្កើត​ឲ្យ​មាន​ការិយាល័យ​អនុ​ព័ន្ធ​យោធា​កម្ពុជា​នៅ​ក្រុង​វ៉ាស៊ិនតុន និង​កម្មវិធី​រដ្ឋ​សម្ព័ន្ធ​មេត្រី ជាមួយ​នឹង​កង​កម្លាំង​ឆ្មាំ​ជាតិ​រដ្ឋ Idaho។

លោក​រដ្ឋមន្ត្រី រ៉ូប៊ើត ហ្កេតស៍ ថែម​ទាំង​បាន​ផ្តល់​ឱកាស​ជូន​លោក​រដ្ឋមន្ត្រី ទៀ បាញ់ ចូលរួម​ក្នុង​ការ​ពិភាក្សា​ស្តីពី​គោល​នយោបាយ​ការពារ​ប្រទេស​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ទៀត​ផង។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ក្នុង​កិច្ចប្រជុំ​ដោយ​ឡែក​មួយ​ទៀត​រវាង​លោក ទៀ បាញ់ ជាមួយ​លោក ជេមស៍ ស្តេនប៊ើក (James Steinberg) អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក គឺ​មាន​ការ​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​អន្តរជាតិ និង​ការ​តាំង​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​រៀបចំ​ការ​ហ្វឹកហាត់​សមយុទ្ធ​កម្រិត​ខ្ពស់ ថ្នាក់​តំបន់​ក្នុង​ឆ្នាំ​២០១០ ស្តីពី​គំនិត​ផ្តួចផ្តើម​សម្រាប់​ប្រតិបត្តិការ​សន្តិភាព​សកលលោក។

កិច្ចប្រជុំ​នោះ​ក៏​មាន​ពិភាក្សា​ផងដែរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​បញ្ហា​មួយចំនួន​ទៀត​ទាក់ទង​នឹង​តួនាទី​របស់​កម្ពុជា​ក្នុង​នាម​ជា​សមាជិក​សមាគម​អាស៊ាន៕