នាយក​សាលា​នៅ​ព្រៃវែង​រង​ការ​ចោទ​ថា​កាត់​ប្រាក់ខែ​បុគ្គលិក

គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ព្រៃស្នៀត ក្នុង​ខែត្រ​ព្រៃវែង មួយ​ចំនួន​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​២ មករា ដោយ​ចោទ​ប្រកាន់​នាយក​សាលា​របស់​ខ្លួន​ថា បាន​កាត់​ប្រាក់​ខែ​របស់​ពួកគេ​ជាង​៣​ម៉ីន​រៀល​ក្នុង​មួយ​ខែ​និង​កាត់​ប្រាក់​ឧបត្ថម្ភ​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍។

0:00 / 0:00

គ្រូ​បង្រៀន​មួយ​រូប​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា នាយក​សាលា​របស់​លោក​ឈ្មោះ យី សុខន និង​ជា​ប្រធាន​កម្រង​ផង​នោះ បាន​កាត់​ប្រាក់​ខែ​របស់​លោក រួម​ទាំង​ប្រាក់​បង្រៀន​ត្រួត​ថ្នាក់​សរុប​ជាង​៣​ម៉ឺន​រៀល និង​ប្រាក់​ឧបត្ថម្ភ​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍។

លោក​គ្រូ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ទាំង​សាលា​បឋមសិក្សា​ព្រៃស្នៀត ទាំង​សាលា​បឋមសិក្សា​ព្រៃផ្ងាម​មាន​២០​នាក់ អ៊ីចឹង​គេ​តម្រូវ​កាត់​លុយ​បន្ថែម​៥២​ម៉ឺន តាំង​ពី​ប្រជុំ។ កាល​ពី​ប្រជុំ​គេ​ប្រាប់​ថា លុយ​ហ្នឹង​គេ​យក​ទៅ​ជូន​ថ្នាក់​លើ​ដើម្បី​ឲ្យ​បាន​បង្រៀន​ត្រួត។ រឿង​អី​សំខាន់ៗ​នៅ​ខាង​លើ​នាយក​មិន​ដែល​ប្រាប់​ទេ ដូច​ជា​កាត់​អី​ហ្នឹង ដល់​កាត់​ហើយ​បាន​និយាយ​ក្រោយ ដល់​ពេល​នេះ​គេ​និយាយ​មក​ថា ថ្នាក់​លើ​អ្នក​កាត់​ទាំង​អស់...»

ក្នុង​គោលដៅ​ជួយ​បង្កើន​ជីវភាព​គ្រូ​បង្រៀន​និង​ពង្រឹង​គុណភាព​វិស័យ​សិក្សា​ធិការ ក្រសួង​អប់រំ​យុវជន​និង​កីឡា មាន​គោល​ការណ៍​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រូ​កម្រិត​បឋម​សិក្សា​តាម​រយៈ​ការ​ជួយ​បង្រៀន​បន្ថែម​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍។ ការ​បង្រៀន​នេះ លោក​គ្រូអ្នក​គ្រូ បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​១​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ។ តាម​ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​១​ម៉ឺន​រៀល​នេះ ត្រូវ​បាន​នាយក​កាត់​យក​៣​ពាន់​រៀល។

នាយក​សាលា​បឋមសិក្សា​ព្រៃស្នៀត លោក យី សុខន បាន​បដិសេធ​ថា លោក​មិន​បាន​កាក់​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​សាលា​របស់​លោក​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា គ្រូ​បង្រៀន​ទាំង​នោះ​បាន​ស្ម័គ្រ​ចិត្ត​បង់​ប្រាក់​ចូល​សមាជិក​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ ហៅ​ថា ស.ប.ស.ខ គឺ​មាន​ន័យ​ថា ប្រាក់​ទុក​សម្រាប់​ខ្លួន​ឯង​នៅ​ពេល​ស្លាប់។

លោក យី សុខន មាន​ប្រសាសន៍​ដូច្នេះ ៖ «ស.ប.ស.ខ គឺ​សម្រាប់​បង់​ថវិកា​ហ្នឹង​ដល់​ថ្ងៃ​ក្រោយ​គាត់​ទទួល​មរណភាព​អី​អ៊ីចឹង​ទៅ គឺ​សម្រាប់​យក​ប្រាក់​ហ្នឹង​សម្រាប់​ខ្លួន​គាត់​វិញ​ទេ»

គ្រូ​បង្រៀន​ដដែល​បាន​អះអាង​ថា ប្រាក់​បង់​ចូល​សមាគម​នោះ គឺ​បង់​ក្នុង​ម្នាក់​១២០០​រៀល​ទេ​ក្នុង​មួយ​ខែ ប៉ុន្តែ​ការ​កាត់​ប្រាក់​ខែ​របស់​ពួកគាត់​មិន​មែន​ជា​ការ​ស្ម័គ្រ​ចិត្ត​ទេ។

មិន​មាន​ប្រភព​ព័ត៌មាន​ឯករាជ្យ​ណា​មួយ​អះអាង​ថា មាន​ការ​កាត់​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ព្រៃស្នៀត​នោះ​ឡើយ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ការ​កាត់​ប្រាក់​ខែ​នេះ​ជា​ការ​ខុស​ច្បាប់ ហើយ​ក៏​ជា​កក្តា​ដែល​ធ្វើ​ឲ្យ​គុណភាព​អប់រំ​ចុះ​ខ្សោយ​ផង​ដែរ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ៖ «ហើយ​ក្រសួង​ក៏​មិន​ត្រូវ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ចំពោះ​គ្រូ​បង្រៀន ដោយសារ​តែ​នាយក​កេង​ប្រវ័ញ្ច ហើយ​អ្នក​ដែល​ប្រព្រឹត្ត​បែប​ហ្នឹង​ត្រូវ​តែ​យក​មក​ដាក់​ទណ្ឌកម្ម»

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ពារាំង គឺ​លោក ផែង អូន មិន​បាន​ធ្វើការ​អធិប្បាយ​អំពី​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា ជាប់​ប្រជុំ។ រី​ឯ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​និង​កីឡា វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​សៅរ៍ ទី​២ មករា៕