គ្រូ​បង្រៀន​នៅ​ខេត្ត​តាកែវ​ចោទ​ថ្នាក់​ដឹកនាំ​ថា​បង្ខំ​ឲ្យ​ទៅ​ប្រជុំ​នៅ​មន្ទីរ​បក្ស​ប្រជាជន

ក្រុម​គ្រូ​បង្រៀន​វិទ្យាល័យ​ភ្ញីមាស ជាង ៧០​នាក់ ក្នុង​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ តវ៉ា​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​ដែល​បង្ខំ​ឲ្យ​ពួក​គាត់​ទៅ​ប្រជុំ​នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មករា ក្នុង​ម៉ោង​ធ្វើ​ការ។

0:00 / 0:00

លោកគ្រូៗ​បាន​ថ្លែង​ថា គាត់​ជា​មន្ត្រី​ឯករាជ គាត់​មិន​ត្រូវ​ការ​គណបក្ស​នយោបាយ​មក​ក្តោប​ក្តាប់​ពួក​គាត់​ទេ។ ហេតុ​នេះ ការ​ប្រជុំ​នៅ​ថ្ងៃ​សៅរ៍ ទី១៩ មករា នៅ​មន្ទីរ​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពួក​គាត់​ទំនង​ជា​មិន​ចូល​រួម​ប្រជុំ​ឡើយ។ លោក​ថា គ្រូ​មិន​ព្រម​ចុះ​ហត្ថលេខា​ចូល​រួម​ប្រជុំ​ទេ ប៉ុន្តែ​នាយក​រង​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា បង្ខំ​ឲ្យ​គាត់​ចាំបាច់​ត្រូវ​តែ​ចូល​ប្រជុំ។

នាយក​រង​វិទ្យាល័យ​ភ្ញីមាស លោក គឹម ហ៊ត ថ្លែង​ថា លោក​ពុំ​បាន​ដឹង​ពី​កិច្ចការ​ប្រជុំ​នោះ​ទេ។ ប៉ុន្តែ​ការិយាល័យ​អប់រំ​ស្រុក​ព្រៃកប្បាស បាន​ទូរស័ព្ទ​មក​ប្រាប់​គ្រប់​សាលា​ថា ថ្ងៃ​ទី១៩ ខែ​មករា គ្រូ​ទាំង​អស់​ត្រូវ​ចូល​រួម​ប្រជុំ​នៅ​មន្ទីរ​បក្ស​ស្រុក​ព្រៃកប្បាស នោះ។ លោក​មិន​ដឹង​ខ្លឹមសារ​ប្រជុំ​នោះ​ជា​ការងារ​ពង្រឹង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ជា​ការងារ​ប្រជុំ​ផ្នែក​អប់រំ​ទេ។

ពាក់ព័ន្ធ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទាក់​ទង​ការិយាល័យ​អប់រំ​ស្រុក​ព្រៃកប្បាស ដើម្បី​បំភ្លឺ​តប​ចម្ងល់​នោះ ប៉ុន្តែ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។