គ្រូបង្រៀននៅគ្រឹះស្ថានឧត្ដមសិក្សានានារបស់រដ្ឋមួយចំនួន បានសំណូមពរក្រសួងអប់រំយុវជន និងកីឡា ដោះស្រាយបញ្ហាបើកប្រាក់ខែឲ្យពួកគេចំនួន ៥ខែ ដែលពួកគេបានបង្រៀនតាំងពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៥។ គ្រូបង្រៀនទាំងនោះ បានត្អូញត្អែរពីបញ្ហាជីវភាពដោយពុំទទួលបានប្រាក់បៀវត្ស។ បញ្ហានេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានសន្យាថា នឹងពិនិត្យមើលករណីនេះ។
គ្រូបង្រៀនកម្រិតឧត្ដមបង្រៀននៅគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈចំនួន ២៥នាក់ បានទាមទារក្រសួងពាក់ព័ន្ធ ពិសេសក្រសួងអប់រំយុវជន និងកីឡា គិតគូរពីបញ្ហាបើកប្រាក់ខែឲ្យពួកគាត់ដែលបានធ្វើការជិត ៥ខែមកហើយ។
គ្រូបង្រៀនឯកទេសសីលធម៌ ពលរដ្ឋ នៃវិទ្យាស្ថានជាតិអប់រំ លោក ឃិន វណ្ឌី ថ្លែងនៅថ្ងៃទី១៥ ឧសភា ថា ពួកគាត់ទាំង ២៥នាក់ គឺជាគ្រូបង្រៀនកម្រិតឧត្ដម ត្រូវធ្វើកម្មសិក្សារយៈពេល ១២ខែ។ លោកថា តាមប្រកាសស្ដីពីការតែងតាំងគ្រូបង្រៀនកម្រិតឧត្ដមសិក្សា ពួកគាត់អាចទទួលបៀវត្សមូលដ្ឋានប្រភេទក៣.៤ ដែលមានប្រាក់ខែចាប់ពី ៩០ម៉ឺនរៀល ឬជាង ២០០ដុល្លារឡើងទៅ។ លោកស្នើឲ្យក្រសួងចំនួន៤ ដែលពាក់ព័ន្ធដូចជា ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែពន្លឿនបើកប្រាក់ខែឲ្យពួកគាត់។
លោកបញ្ជាក់ថា បច្ចុប្បន្នពួកគាត់កំពុងជួបការលំបាកខាងជីវភាពដោយសារធ្វើការពុំទទួលបានបៀវត្ស៖ «កម្រិតគ្រូប៉ុណ្ណឹងៗដែរ ហាក់ដូចជាក្រសួងមិនយកចិត្តទុកដាក់។ កំណែទម្រង់យ៉ាងម៉េច? កំណែទម្រង់តែវិន័យ តែសេដ្ឋកិច្ចអត់កំណែទម្រង់»។
ស្រដៀងគ្នានេះដែរ គ្រូបង្រៀនម្នាក់ទៀត ដែលវិទ្យុអាស៊ីសេរី សម្ភាស បានបដិសេធអត្ថាធិប្បាយ ដោយថា លោកសុខចិត្តទ្រាំដោយយកលុយអ្នកផ្ទះចាយ ព្រោះថា លោកមិនហ៊ាននិយាយប៉ះពាល់ស្ថាប័ននោះទេ។
ឆ្លើយតបបញ្ហានេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា អាចដោយសារបញ្ហាការរៀបចំបញ្ជីឈ្មោះមន្ត្រីរាជការមានភាពយឺតយ៉ាវ។ តែទោះជាយ៉ាងណា លោកអះអាងថា លោកនឹងពិនិត្យមើលឡើងវិញចំពោះភាពយឺតយ៉ាវនេះ៖ «អាស្រ័យទៅលើសាកលវិទ្យាល័យនីមួយៗ ក្នុងការរៀបចំបញ្ជីឈ្មោះ ហើយបញ្ចូលទៅក្នុងបញ្ជីបើកប្រាក់បៀវត្ស។ លោកថា សម្រាប់បុគ្គលិកចាស់មិនមានបញ្ហានេះទេ ពីព្រោះប្រាក់ខែឥឡូវបើកតាមធនាគារ»។
គ្រូបង្រៀនដែលកំពុងជួបបញ្ហាទាមទារឲ្យក្រសួងបើកប្រាក់បៀវត្សនេះ គឺជាគ្រូបង្រៀនកម្រិតឧត្ដមសិក្សា ដែលបានប្រឡងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤។ គ្រូបង្រៀនទាំង ២៥នាក់នេះ កំពុងបម្រើការនៅវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ និងសាកលវិទ្យាល័យស្វាយរៀង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
