ក្មេង​​១០​នាក់​ព្រួត​វាយ​មន្ត្រី​ប៉ូលិស​២​នាក់​ឲ្យរបួសទាំងកណ្តាលអាធ្រាត្រ

ក្រុម​ក្មេង​ទំនើងមួយ​ក្រុម​មាន​គ្នា​ប្រមាណ ១០​នាក់​បាន​ព្រួត​គ្នា​កាប់​នគរបាល ២​រូប​ដែល​កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ព្រងិល ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ បណ្តាល​ឲ្យ​រង​របួសទាំងយប់។

លោក​អនុសេនីយ៍​ទោរ​ សុខ ប៊ុនធឿន​ នៅ​អង្គភាព​កង​រាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​០៥ មករា​ថា ៖ «ខ្ញុំ​ចុះ​ធ្វើ​ការ​ល្បាត​យប់​ដល់​ពេល​ជួប​វា​ជួប​ចៃដន្យ ​យើង​អត់​មាន​បាន​ការ​ពារ​អី​ទេ វា​នៅ​ពួន​តាម​ព្រៃ​ អត់​ឃើញ​វា​ផង​ ដល់​ជិៈ​ទៅ​ដល់​វា​ចេញ​មក ព្រៃ​សង​ខាង​ផ្លូវ​នោះ! វា​ព័ទ្ធ​តែ​ម្តង​ ខ្ញុំ​ចុះ​ពី​លើ​ម៉ូតូ​មិន​ចង់​ទាន់​ផង​ហ្នឹង! ម៉ូតូ​អត់​អី​ទេ វា​បម្រុង​ប្លន់​ម៉ូតូ វា​អូស​យក​ទៅ​បាន​ប្រហែល​កន្លះ​គីឡូ​ហើយ​ តែ​ដល់​ខ្ញុំ​ហៅ​កម្លាំង​មក​ពី​មុខ​វា​ឃើញ​ភ្លើង​ឡាន​មក​ពី​មុខ​វា​ក៏​ទុក​ចោល​ហើយ​រត់​គេច​កាត់​ស្រែ​បាត់​ទៅ»

លោក សុខ ប៊ុនធឿន បន្ត​ថា កាល​ពី​យប់​ថ្ងៃ​ទី​០៤ មករា​ វេលា​ម៉ោង​ប្រមាណ ១១​អាធ្រាត្រ​​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​នៅ​ភូមិ​សំរោង​យា ​មាន​ជម្លោះ​ជា​មួយ​ក្មេង​នៅ​ភូមិ​ផ្សេង។ បន្ទាប់​ពី​វាយ​តប់​គ្នា​ពួក​នេះ​ក៏​រត់​ត្រឡប់​មក​ភូមិ​សំរោងយា​វិញ។ គាប់​ជួន​ពេល​នោះ​រូប​លោក​ផ្ទាល់​រួម​ជា​មួយ​ លោក​អនុសេនីយ៍​ត្រី អ៊ឹម ចាន់រិទ្ធី មន្ត្រី​ប៉ូលិស​នៅ​ខេត្ត​ពោធិ៍សាត់ កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត។ ក្រុម​ក្មេង​នេះ​នឹក​ស្មាន​ថា​ កម្លាំង​សមត្ថកិច្ច​តាម​ចាប់​ពួក​នេះ​ក៏​ពួន​ស្ទាក់​វាយ​ប្រហារ​លើ​រូប​លោក និង​លោក​អនុសេនីយ៍​ត្រី អ៊ឹម ចាន់រិទ្ធី​តែ​ម្តង។ លោក​ថា លោក​ត្រូវ​ក្មេង​ទាំង​នោះ​កាប់​ត្រូវ​ក្បាល​មួយ​ពូថៅ​ និង​​លោក​អនុសេនីយ៍​ត្រី អ៊ឹម ចាន់រិទ្ធី ត្រូវ​ក្មេង​វាយ​ជា​ច្រើន​ដំបងឡើង​​ខៀវ​ភ្នែក​៕