ខេត្តព្រះវិហារ ដែលស្ថិតនៅចម្ងាយជិត ៣០០គីឡូម៉ែត្រ ភាគឧត្តរពីទីក្រុងភ្នំពេញ គឺជាទីតាំងរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ធ្លាប់ប្រមូលទ័ពដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពចម្ប៉ា កាលពីអំឡុងសតវត្សទី១២ នៃគ្រីស្ដសករាជ។ បច្ចុប្បន្នទីនោះ នៅមានប្រាសាទបូរាណជាច្រើនកប់តាមព្រៃ ដោយមិនមានការថែរក្សា និងការពារឱ្យបានត្រឹមត្រូវនៅឡើយ។
ប្រាសាទបូរាណមួយចំនួននៅខេត្តព្រះវិហារ កំពុងទទួលរងការគំរាមកំហែងដោយដើមឈើធំៗដុះចាក់ឫស ភ្លើងព្រៃឆេះ ព្រមទាំងមានជនខិលខូចខ្លះលួចដាប់យករូបចម្លាក់ថ្មទៅជួញដូរជាវត្ថុបូរាណជាដើម។
ប្រជាពលរដ្ឋមួយចំនួនអំពាវនាវឱ្យរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធខ្លះទៀតផ្ដោតកិច្ចការពារទៅលើប្រាសាទបុរាណ ព្រះខ័ន កំពង់ស្វាយ ដែលមានទីតាំងស្ថិតនៅជិតភូមិកន្សែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី របស់ខេត្តព្រះវិហារ។
ការអំពាវនាវបានធ្វើឡើងបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌកន្លងទៅមានប្រជាពលរដ្ឋមួយចំនួនបានទៅទស្សនា ហើយមើលឃើញផ្ទាំងចម្លាក់ថ្មរបស់ប្រាសាទបុរាណជាច្រើនត្រូវគេលួចដាប់យកទៅជួញដូរខុសច្បាប់។
បុរសម្នាក់ជាប្រជាពលរដ្ឋរស់នៅស្រុកសង្គមថ្មីដែលសុំមិនបញ្ចេញឈ្មោះ។ គាត់មានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែកញ្ញាថា កាលពីថ្ងៃទី២២ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ គឺគាត់បានទៅកម្សាន្តនៅរមណីដ្ឋាន ប្រាសាទព្រះខ័ន កំពង់ស្វាយ ក៏ប៉ុន្តែគាត់បានធ្លាក់ទឹកចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញចម្លាក់ថ្មបុរាណ១ផ្ទាំងរបស់ប្រាសាទនេះ ត្រូវគេលួចដាប់យកទៅបាត់។
បុរសដដែលអះអាងថា ចម្លាក់បុរាណ១ផ្ទាំងនេះ ទើបតែត្រូវគេលួចដាប់យកថ្មីៗ ពីព្រោះតែកាលពីថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០១៤ គាត់បានទៅលេងទីនោះ គឺឃើញផ្ទាំងចម្លាក់នៅឡើយ៖ «កាលពីចូលឆ្នាំខ្ញុំទៅអត់អីផង! ដល់ទៅពេលភ្ជុំនេះឃើញស្នាមដាប់យក ឃើញអំបែងថ្មធ្លាក់ពីលើមក។ ខ្ញុំអត់បានមើលថាជារូបអីទេ គ្រាន់តែដឹងថា នៅកន្លែងហ្នឹងគឺមានចម្លាក់ក្បាច់ប្រហែលជាទំហំ ០.៥០ម៉ែត្រអីដែរ។ ស្ដាយដែរមិនដឹងធ្វើម៉េច បើគេអភិរក្សឱ្យស្អាតទៅ វាអាចសល់ដែរ បើគេងាកតែវាយអ៊ីចឹង ១ឆ្នាំបន្តិចៗ វាអាចខូចអស់»។
ក៏ប៉ុន្តែទាំងប៉ូលិសដែលប្រចាំការពារប្រាសាទបុរាណ និងមន្ត្រីមន្ទីរវប្បធម៌វិចិត្រសិល្បៈ ខេត្តព្រះវិហារ បានច្រានចោលថា បច្ចុប្បន្នមិនមានជនខិលខូចណាអាចចូលទៅដាប់យកចម្លាក់ថ្មបូរាណទាំងនោះទេ។
ប៉ូលិសទេសចរណ៍ដែលប្រចាំការនៅប្រាសាទព្រះខ័ន កំពង់ស្វាយ គឺលោក ប៉ាន់ បដិសេធថា មិនមានការលួចដាប់យករូបចម្លាក់ថ្មរបស់ប្រាសាទបុរាណដូចអ្នកភូមិអះអាងនោះទេ។
ប៉ូលិសដដែលបញ្ជាក់ថា កាលពីអំឡុងទសវត្សទី៩០ គឺពិតជាមានក្រុមអ្នកជួញដូរវត្ថុបូរាណចូលទៅលួចដាប់យករូបចម្លាក់ពីប្រាសាទព្រះខ័ន កំពង់ស្វាយ ជាច្រើនកន្លែងមែន ហើយស្នាមនេះ បានបន្សល់ទុកហាក់ថ្មីៗ ធ្វើឱ្យអ្នកចូលទៅទស្សនាចេះតែយល់ច្រឡំ៖ «ទេ! ភ្ជុំខ្ញុំនៅជាប់ដែរ ខ្ញុំនៅនឹងខ្លោងទ្វារមុខ បើគាត់ដឹងមិននិយាយប្រាប់ខ្ញុំ។ មួយទៀតខ្ញុំដើររកមើលដែរ ដូចមិនឃើញ មានតែអំបែងតូចៗដែលវាបែកបាក់ពីមុន គឺមានមែន តែថាថ្មីដូចជាមិនឃើញ»។
ចំណែកអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ លោក គល់ វីរៈ បានអះអាងប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្នលោកបានដាក់ឆ្មាំការពារនិងបោសសំអាតនៅប្រាសាទព្រះខ័ន កំពង់ស្វាយ ប្រមាណ ៣០នាក់ ហើយលោកមិនជឿថា មានជនខិលខូចអាចចូលទៅដាប់យករូបចម្លាក់បុរាណបានទេ៖ «ទេអត់មានដាប់អីផង ឆ្មាំរបស់ខ្ញុំហ្នឹងនៅថែរក្សារៀងរាល់ថ្ងៃ។ អាដាប់ហ្នឹងយូរហើយតាំងពីសម័យ ១០ឆ្នាំមុននោះ ស្នាមដាប់»។
ប្រាសាទព្រះខ័ន កំពង់ស្វាយ ឬខ្លះហៅថា ប្រាសាទបាកាន ដែលស្ថិតនៅចម្ងាយជាង ១០០គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងលិចពីទីរួមខេត្តព្រះវិហារ គឺជាកន្លែងលាក់ខ្លួនរបស់ព្រះបាទជ័យវរ្ម័ន ទី៧ នាអំឡុងឆ្នាំ១១៨១ នៅមុនពេលដែលព្រះអង្គឡើងគ្រងរាជ្យ ជាព្រះមហាក្សត្រ។
ប្រភពពីអ្នកភូមិឱ្យដឹងថា បច្ចុប្បន្ននៅប្រាសាទនេះ គឺមានតែប៉ូលិសទេសចរម្នាក់ដែលទៅយាមនៅពេលថ្ងៃ ហើយមានបុរសចំណាស់ម្នាក់ដែលជាអ្នកភូមិកន្សែងតែងទៅបោសសំអាតប្រាសាទ គឺមិនមានឆ្មាំការពារច្រើនដូចការអះអាងរបស់មន្ត្រីមន្ទីរវប្បធម៌នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
