នាយក​រដ្ឋមន្ត្រី​ថៃ​ច្រាន​ចោល​សំណើ​របស់​ក្រុម​បាតុករ​អាវ​ក្រហម

នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ដែល​មាន​កង​កម្លាំង​យោធា​គាំទ្រ​បាន​បដិសេធ​ចោល​នូវ​ការ​ទាមទារ​របស់​ក្រុម​បាតុករ​អាវ​ក្រហម ដែល​បាន​កំណត់​ឧសានវាទ​ឲ្យ​រដ្ឋាភិបាល​ថៃ​រំលាយ​រដ្ឋ​សភា​ចោល​នៅ​ថ្ងៃ​១៥ មីនា​នេះ ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ថ្មី។

ចំណែក​ក្រុម​បាតុករ​អាវ​ក្រហម​វិញ​បាន​គំរាម​ថា គេ​នឹង​ប្រើ​ឈាម​ស្រស់​របស់​ខ្លួន​ជះ​ស្រោច​ទៅ​លើ​អគារ​វិមាន​របស់​រដ្ឋាភិបាល និង​ជះ​ទៅ​លើ​កៅអី​ដែល​មន្ត្រី​រដ្ឋាភិបាល​អង្គុយ ប្រសិន​បើ​រដ្ឋ​សភា​មិន​ត្រូវ​បាន​រំលាយ​តាម​សំណើ​របស់​ពួក​គេ​ទេ​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន អេភី (AP) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​មិ្សលមិញ​បាន​ឲ្យ​ដឹង​ថា មេ​ដឹកនាំ​ក្រុម​បាតុករ​អាវ​ក្រហម​បាន​ស្នើសុំ​ឲ្យ​បាតុករ​ជា​ច្រើន​ពាន់​នាក់​បរិច្ចាគ​ឈាម​ឲ្យ​បាន​ពី​ចំនួន ២ ទៅ ២០​ស្លាប​ព្រា​បាយ​ក្នុង​បាតុករ​ម្នាក់ៗ។ មេ​ដឹកនាំ​ក្រុម​បាតុករ​អាវ​ក្រហម​បាន​បញ្ជាក់​ទៀត​ថា គេ​គ្រោង​នឹង​ប្រមូល​ឈាម​ស្រស់​ឲ្យ​បាន ៩៨០​លីត្រ។

មន្រ្តី​កាកបាទ​ក្រហម​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​សុខភាព​ផ្នែក​អនាម័យ​ចំពោះ​គម្រោងការ​បូម​ឈាម​ចំនួន​ដ៏​ច្រើន​នេះ ហើយ​ក៏​បាន​បញ្ជាក់​ដែរ​ថា វា​គួរ​ឲ្យ​សោក​ស្តាយ​ណាស់​ដែល​យក​ឈាម​ទាំង​នោះ​ទៅ​ជះ​ចោល ពីព្រោះ​គេ​អាច​ប្រើ​ឈាម​ដ៏​ច្រើន​នោះ​ទៅ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​នាក់​ណាស់៕