អាភីស៊ិត​ថា ថៃ​មិន​ចាញ់​ប្រៀប​ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ

នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​ចាញ់​ឆ្នោត លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ថ្លែង​បន្ទាប់​ពី​មាន​សេចក្ដី​សម្រេច​ពី​តុលាការ​យុត្តិធម៌​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ ថា​ការ​សម្រេច​នោះ ជា​សេចក្ដី​សម្រេច​បណ្ដោះ​អាសន្ន។

ការ​ដាក់​ទីនោះ​ជា​តំបន់​ដក​ទ័ព ហើយ​ពុំ​មាន​ការ​ចង​លក្ខខណ្ឌ​ដាច់​ខាត​បែប​ណា​មួយ​លើ​អធិបតេយ្យភាព​ប្រទេស​ថៃ​នោះ​ទេ ដូច្នេះ​ថៃ​ក៏​មិន​ចាញ់​ប្រៀប ឬ​ខាត​បង់​អ្វី​ដែរ។

អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​បន្ត​ថា សេចក្ដី​សម្រេច​នោះ ក៏​តម្រូវ​ឲ្យ​កម្ពុជា​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​ព្រះវិហារ និង​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ​ដែរ។ លោក​ជឿ​ថា សេចក្ដី​សម្រេច​នោះ បន្ធូរ​ភាព​តាន​តឹង​ច្រើន​ណាស់។ ប៉ុន្តែ​មេ​បញ្ជា​ការ​យោធភូមិភាគ​ទី​២ ថៃ ឧត្ដមសេនីយ៍ ថាវ៉ាតចៃ សាមុតសាខុន (Thawatchai Samutsakhon) គិត​ថា សេចក្ដី​សម្រេច​នោះ អាច​នាំ​មក​នូវ​បញ្ហា​ច្រើន​ទៅ​វិញ ព្រោះ​ថា ការ​ដក​ទ័ព​ចេញ​ពី​ទី​នោះ មិន​មែន​ជា​ការ​ងាយ​ទេ។ ដំណាល​ពេល​គ្នា​នេះ គណ​បក្ស​ជំទាស់​ដឹក​នាំ​ដោយ​លោក​សម​រង្ស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ ជា​ការ​អាម៉ាស់​មួយ ព្រោះ​ថា ស្ថាប័ន​ច្បាប់​អន្តរ​ជាតិ ដែល​កាត់​ក្ដី​ឲ្យ​ដក​ទ័ព​ទាំង​សង​ខាង គឺ​ធ្វើ​ឲ្យ​អ្នក​រំលោភ​គេ និង​ជន​រង​គ្រោះ មាន​សិទ្ធិ​ស្មើ​គ្នា។

គណបក្ស​សម​រង្ស៊ី​បន្ត​ថា តុលាការ​នេះ​កាត់​ក្ដី​មិន​ទៀត​ទាត់​ចំពោះ​ប្រាសាទ​នៅ​លើ​ដី​ខ្មែរ ដែល​ក្នុង​ឆ្នាំ​១៩៦២ វិនិច្ឆ័យ​ថា ប្រាសាទ​ព្រះវិហារ​ជា​ប្រាសាទ​ខ្មែរ នៅ​លើ​ដី​ខ្មែរ​នោះ៕