តើ​ប្រិយ​មិត្ត​អាស៊ីសេរី​ចាប់​អារម្មណ៍​ខ្លាំង​លើ​រឿង​អ្វី​ខ្លះ​នៅ​ឆ្នាំ​២០១៣?

នៅ​ឆ្នាំ​២០១៣ មាន​ព្រឹត្តិការណ៍​ជា​ច្រើន​បាន​កើត​ឡើង។ ព្រឹត្តិការណ៍​ខ្លះ​មាន​ប្រជាពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ច្រើន រី​ឯ​ព្រឹត្តិការណ៍​ខ្លះ​ទៀត ប្រជាពលរដ្ឋ​គ្រាន់​តែ​តាម​ដាន​ពេល​ដែល​កើត​ឡើង ហើយ​ក៏​បំភ្លេច​ចោល​ក្រោយ​ពេល​ស្ដាប់​ឬ​អាន​រួច។

0:00 / 0:00

សម្រាប់​ពលរដ្ឋ​ខ្លះ​ទៀត ពួកគេ​មិន​ត្រឹម​តែ​តាម​ដាន​ស្ដាប់ ឬ​ក៏​អាន​ព្រឹត្តិការណ៍​ទាំង​នោះ​ទេ តែ​ថែម​ទាំង​បាន​ចំណាយ​ពេល​វេលា​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន និង​ចែក​រំលែក​ព័ត៌មាន​ទាំង​នោះ ឲ្យ​អ្នក​ដទៃ​បាន​អាន ឬ​ស្ដាប់​ទៀត​ផង។

តើ​ប្រិយ​មិត្ត​អ្នក​ស្ដាប់​និង​អាន​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ក្នុង​ឆ្នាំ​២០១៣ បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​រឿង​អ្វី​ខ្លះ?

ព្រឹត្តិការណ៍​ដែល​ប្រិយមិត្ត​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ចាប់​អារម្មណ៍​ខ្លាំង​ដំបូង​គេ​នោះ គឺ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ក្នុង​នោះ​រួម​មាន​ព័ត៌មាន​អំពី​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​កម្ពុជា​នឹង​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ពលរដ្ឋ​ម្នាក់​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ព័ត៌មាន​ពី​អង្គការ​ខុមហ្វ្រែល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ បាន​ព្រមាន​ថា ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នៅ​ខែ​កក្កដា គឺ​នឹង​បង្ក​ឲ្យ​កម្ពុជា ផ្ទុះ​សង្គ្រាម​ផ្ទៃ​ក្នុង និង​បង្ក​ឲ្យ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​របស់​កម្ពុជា។ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ទៀត​ថា ប្រសិន​បើ​លោក​ចាញ់​ឆ្នោត​មែន​នោះ លោក​នឹង​មិន​ឲ្យ​គេ​ចាប់​ខ្លួន​លោក​យក​ទៅ​កាត់​ទោស​ស្រួលៗ​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែប​នេះ បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កាល​នោះ​នៅ​ក្រៅ​បរទេស​នៅ​ឡើយ បាន​ថ្លែង​ថា លោក​នឹង​ចាប់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​ពេល​បច្ចុប្បន្ន​ទាំង​អស់​យក​ទៅ​កាត់​ទោស នៅ​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​ឆ្នោត។

ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ដែល​មាន​អ្នក​ស្ដាប់​បញ្ចេញ​ទស្សនៈ​ច្រើន​ដែរ​នោះ គឺ​ការ​ស្លាប់​របស់​ពលរដ្ឋ​ម្នាក់​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​កាល​ពី​ខែ​កញ្ញា ចំ​ថ្ងៃ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។ តែ​មក​ទល់​ពេល​នេះ ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ឡើយ។

រឿង​បោះ​ឆ្នោត​ដដែល​នេះ តែ​ទាក់ទង​នឹង​ការ​អំពាវ​នាវ​របស់​អង្គការ​ខុមហ្រ្វែល ឲ្យ​រដ្ឋាភិបាល​បោះ​ឆ្នោត​ឡើង​វិញ។ ការ​អំពាវនាវ​កាល​ពី​ពេល​ថ្មីៗ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​មួយ​នេះ បាន​រក​ឃើញ​ ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក។ ការ​អំពាវនាវ​នេះ ក៏​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​អ្នក​គាំទ្រ​របស់​ខ្លួន​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ទាមទារ​រដ្ឋាភិបាល​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

ចំពោះ​រឿង​នយោបាយ​វិញ ដំណើរ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ព្រឹត្តិការណ៍​ដែល​ប្រិយមិត្ត​ចាប់​អារម្មណ៍​ច្រើន។ លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ខែ​កក្កដា បន្ទាប់​ពី​បាន​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​ជាង ៤​ឆ្នាំ​រួច​មក និង​បន្ទាប់​ពី​ព្រះមហាក្សត្រ បាន​ប្រទាន​ការ​លើក​លែង​ទោស​ឲ្យ​លោក​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​សរុប ១២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ក្តីក្តាំ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ព្រំដែន​កម្ពុជា-​វៀតណាម ខេត្ត​ស្វាយរៀង។

បញ្ហា​នយោបាយ​នេះ​ដដែល តែ​ទាក់ទង​នឹង​រឿង​រដ្ឋាភិបាល​ឯកបក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​គណៈរដ្ឋមន្ត្រី ដែល​គេ​យល់​ថា មាន​ក្បាល​ធំ​ជាង​ខ្លួន។ អត្ថបទ​ព័ត៌មាន​បាន​សរសេរ​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ី កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ក្បាល​ធំ ប៉ុន្តែ​មាន​មាឌ​តូច។ អាច​និយាយ​ម៉្យាង​ទៀត​ថា កម្ពុជា​តូច​មែន​ពិត​តែ​សម្បូរ​ទៅ​ដោយ​អ្នក​ដឹកនាំ​ដែល​មិន​សូវ​ឃើញ​ចូល​និវត្តន៍​សោះ បើ​ទោះ​ជា​ដល់​អាយុ​ហើយ​ក្តី។

អត្ថបទ​ដដែល​បន្ត​ថា ទំហំ​នៃ​សមាជិក​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ក្នុង​ឆ្នាំ​២០១៣ នេះ កាន់​តែ​រីក​ធំ​ឡើងៗ។ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ចិន និង​ប្រទេស​ថៃ ដែល​មាន​ប្រជាជន​ច្រើន​ជាង​កម្ពុជា ឆ្ងាយ​នោះ គណៈរដ្ឋមន្ត្រី​កម្ពុជា មាន​សមាជិក​ច្រើន​ជាង​ប្រទេស​ទាំង​ពីរ​នេះ​ឆ្ងាយ​ណាស់។

ងាក​មក​មើល​ព្រឹត្តិការណ៍​សង្គម​វិញ​ម្ដង ព្រឹត្តិការណ៍​ដែល​មាន​ប្រិយមិត្ត​ចូល​រួម​បញ្ចេញ​ទស្សនៈ​ច្រើន មាន​ដូច​ជា​ព័ត៌មាន​ទាក់ទង​នឹង​និស្សិត​ខ្មែរ​មួយ​ក្រុម ស្នើ​ឲ្យ​លុប​ចោល​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ត្រូវ​បាន​និស្សិត​ខ្មែរ​មួយ​ក្រុម​ចូល​រួម​ក្នុង​សិក្ខា​សាលា​មួយ​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា បាន​ក្រោក​ឡើង​លើក​បដា​តវ៉ា មិន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​លោក​នៅ​កម្ពុជា។ ក្រុម​និស្សិត​ទាំង​អស់​នោះ បាន​ចោទ​ប្រកាន់​លោក ស៊ូប៊ែឌី ថា​បាន​សរសេរ​របាយការណ៍​អវិជ្ជមាន​អំពី​កម្ពុជា។

ព្រឹត្តិការណ៍​សង្គម​មួយ​ទៀត​ដែល​មាន​គេ​បញ្ចេញ​ទស្សនៈ​ច្រើន​ដែរ​នោះ គឺ​ករណី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch= HRW) ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់​លោក ជាម យៀប នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ បាន​លើក​ឡើង​ថា លោក ជាម យៀប អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ។ ក្រៅ​ពី​នេះ ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ​កាត់​ដេរ ១៦០​ដុល្លារ ក្នុង​មួយ​ខែ ក៏​ត្រូវ​បាន​ប្រិយមិត្ត​ចូល​រួម​បញ្ចេញ​ទស្សនៈ​ជា​ច្រើន។

ក្រឡេក​មក​មើល​ទំនាក់ទំនង​ការបរទេស​វិញ ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ។ ទស្សនកិច្ច​នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់ យ៉ុង និង​ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ចុះ​ចេញ​ពី​តំណែង។ ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​វៀតណាម​ពេល​នេះ ត្រូវ​បាន​ពួក​ប្រឆាំង​គិត​ថា ដើម្បី​ស្វែង​រក​គំនិត​ពី​មេដឹកនាំ​វៀតណាម។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​សុន្ទរកថា​ជា​ភាសា​វៀតណាម រំលឹក​ពី​អនុស្សាវរីយ៍​របស់​លោក​ជាមួយ​អតីត​កង​ទ័ព​វៀតណាម ទៀត​ផង។

បើ​ទោះ​ជា​ប្រជាពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​ព្រឹត្តិការណ៍​នយោបាយ ការ​បោះ​ឆ្នោត និង​ព្រឹត្តិការណ៍​សង្គម​ក្តៅៗ ដែល​បាន​កើត​ឡើង​ជា​ហូរហែ​ក្តី បញ្ហា​ក្ដីក្ដាំ​ប្រាសាទ​ព្រះវិហារ​ ក៏​នៅ​តែ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ដែល​ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​រួម​បង្ហាញ​ទស្សនៈ និង​ចែក​រំលែក​ចំណេះ​ដឹង​របស់​ពួកគេ។

បែរ​មក​មើល​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី វិញ​ម្ដង។ ក្នុង​ឆ្នាំ​២០១៣ វេទិកា​អ្នក​ស្តាប់​ដែល​មាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​ពិភាក្សា​លើ​ប្រធានបទ​ស្ដីពី​នីតិវិធី​នៃ​កិច្ច​ប្រជុំ​សភា​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត។

កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ស្ដីពី​នីតិវិធី​នៃ​កិច្ច​ប្រជុំ​សភា​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៣ ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ជា​វាគ្មិន និង​មាន​លោក ជុន ច័ន្ទបុត្រ ជា​អ្នក​សម្របសម្រួល។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ អ្នក​នយោបាយ​ទាំង​ពីរ​បាន​ព្យាយាម​វែកញែក​រក​ត្រូវ​រៀងៗ​ខ្លួន​អំពី ថា​តើ​ការ​មិន​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​សភា​គ្មាន​សុពលភាព​ឬ​ទេ? លោក ឈាន វុន នៅ​ពេល​នោះ​បាន​បក​ស្រាយ​ថា ការ​មិន​ចូល​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​មែន​ជា​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​បើក​សភា និង​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ទេ។

លោក ឈាង វុន៖ «សូម​ជម្រាប​ថា ករណី​របៀប​នេះ យើង​បាន​ឆ្លង​កាត់​រួច​ហើយ​នៅ​ក្នុង​សភា​អាណត្តិ​ទី​៤ ហើយ​រឿង​ដដែល​នេះ គឺ​លើក​មក​ដាក់​លើ​តុ​ម្តង​ទៀត​អាណត្តិ​ទី​៥​នេះ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ ព្រោះ​ថា យើង​ខាត​ពេល​វេលា​ច្រើន​ណាស់។ ខ្ញុំ​បង្ហាញ​រូបថត​តែ​ខ្លី​ទេ ប្រសិន​បើ​អាច​ថត​បាន ខ្ញុំ​សូម​កោត​សរសើរ ថា​គួរ​យក​ទៅ​ផ្សាយ​ដែរ នេះ​ជា​រូបថត​ដែល​ប្រកាស​សភា​អាណត្តិ​ទី​៤ នេះ អាណត្តិ​ទី​៤ ឯកឧត្តម សម រង្ស៊ី គាត់​អង្គុយ​នេះ អាវ​ខ្មៅ ឯកឧត្តម សុន ឆ័យ គាត់​អង្គុយ​នេះ ហើយ​សុទ្ធ​តែ​សមាជិក​គណបក្ស សម រង្ស៊ី ហើយ​ឯកឧត្ដម ហូរ វ៉ាន់ អង្គុយ​នេះ បាន​សេចក្ដី​ថា​ម៉េច? បាន​សេចក្ដី​ថា បញ្ហា​នេះ​បាន​កើត​ឡើង​រួច​ហើយ ហើយ​គេ​បាន​ដោះស្រាយ​រួច​ហើយ អាណត្តិ​ទី​៤ បាន​ជិត​ចប់​ទៀត​ហើយ អ៊ីចឹង​យើង​សួរ​ថា រាំង​ស្ទះ​ទេ? ថា​អត់​ទេ ព្រោះ​នៅ​ក្នុង​អាណត្តិ​ទី​៤​នេះ អ្នក​ចូល​រួម​ប្រជុំ​មាន​តែ ១១៩​នាក់​ទេ ព្រោះ​សមាជិក​សភា​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស ៣​រូប មិន​បាន​ចូល​រួម​ប្រជុំ​ទេ ហើយ​សមាជិក​សភា​ម្នាក់​ទៀត​ឈឺ​ថ្កាត់ ហើយ​បើ​យើង​លើក​ថា ទាល់តែ ១២០​រូប​ទើប​បាន​ដំណើរការ បាន​សេចក្ដី​ថា សភា​អាណត្តិ​ទី​៤​ហ្នឹង​ខុស​ទាំង​អស់​តែម្ដង ដើរ​លែង​កើត»

តែ​សម្រាប់​លោក សុន ឆ័យ វិញ។ លោក​បាន​បក​ស្រាយ​ថា ជា​គោលការណ៍​ដំណើរ​ការ​រដ្ឋ​សភា​ក្តី និង​ដំណើរ​អ្វី​ផ្សេង​ទៀត​ដែល​រដ្ឋ​សភា​ធ្វើ​សេចក្ដី​សម្រេច​ក្តី គឺ​មិន​អាច​ជៀស​ផុត​ពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ៖ «មាត្រា​៧៦ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា រដ្ឋ​សភា​មាន​សមាជិក​របស់​ខ្លួន​យ៉ាង​តិច ១២០​រូប ហើយ​ករណី​ហ្នឹង​វា​មាន​បញ្ហា​កន្លង​ទៅ ទើប​បាន​ជា​មាន​ការ​សួរ​នាំ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០០៣​ហ្នឹង ក៏​បាន​ធ្វើ​សេចក្ដី​សម្រេច​របស់​ខ្លួន​មួយ​បាន​ពន្យល់​មក​រដ្ឋ​សភា​វិញ​យ៉ាង​ច្បាស់ អា​នេះ​យើង​និយាយ​អំពី​ការ​គោរព​ច្បាប់ ការ​អនុវត្ត​ច្បាប់ ឬ​ការ​បំពាន​ច្បាប់។ រឿង​វា ២​ខុស​គ្នា បើ​យើង​និយាយ​អំពី​ការ​គោរព​ច្បាប់ វា​មាន​នីតិវិធី​វា​បែប​ហ្នឹង ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ចែង​អ៊ីចឹង។ គាត់​ពន្យល់​មក​វិញ​ថា យោង​ទៅ​តាម​មាត្រា ៧៦ នៃ​រដ្ឋធម្មនុញ្ញ គឺ​មាន​ន័យ​យ៉ាង​ដូច្នេះ​ថា រដ្ឋ​សភា​មាន​សមាជិក​ជា​តំណាងរាស្ត្រ​យ៉ាង​តិច ទើប​អាច​បង្កើត​សភា​ក្នុង​នីតិកាល​នីមួយៗ​បាន»

ការ​ពិភាក្សា​ចេះ​តែ​បន្ត​ខ្វែង​គំនិត​គ្នា ហើយ​វាគ្មិន​ទាំង​ពីរ​ក៏​ចេះ​តឹង​សរសៃ​ក​ដាក់​គ្នា ព្រម​ទាំង​និយាយ​ដឺដង​ដាក់​គ្នា​ទៀត​ផង។ ក្រោយ​ការ​បកស្រាយ​របស់​លោក សុន ឆ័យ អ្នក​សម្របសម្រួល​បាន​អាន​ច្បាប់​ទាក់ទង​ចំនួន ដែល​សមាជិក​សភា​សរុប​ក្នុង​ថ្ងៃ​ប្រជុំ​សភា​ដំបូង តែ​អាន​មិន​ទាន់​ចប់​សព្វ​គ្រប់​ផង ស្រាប់​តែ​លោក ឈាង វុន បាន​សុំ​ពេល​ដើម្បី​បកស្រាយ​ម្តង។

បន្ទាប់​មក​ទៀត នៅ​ពេល​អ្នក​សម្របសម្រួល​និយាយ​អំពី​នីតិវិធី​ទាក់ទង​ក្ដីក្ដាំ​ប្រាសាទ​ព្រះវិហារ ដែល​រដ្ឋាភិបាល​កម្ពុជា ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​សុំ​បក​ស្រាយ​ភាព​មន្ទិល​សង្ស័យ​សាលក្រម​ឆ្នាំ​១៩៦២ ដើម្បី​ប្រៀបធៀប​ទៅ​នឹង​បញ្ហា​កំពុង​ពិភាក្សា លោក ឈាង វុន ក៏​បាន​តវ៉ា​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។