សម្រាប់ពលរដ្ឋខ្លះទៀត ពួកគេមិនត្រឹមតែតាមដានស្ដាប់ ឬក៏អានព្រឹត្តិការណ៍ទាំងនោះទេ តែថែមទាំងបានចំណាយពេលវេលាបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងចែករំលែកព័ត៌មានទាំងនោះ ឲ្យអ្នកដទៃបានអាន ឬស្ដាប់ទៀតផង។
តើប្រិយមិត្តអ្នកស្ដាប់និងអានព័ត៌មានរបស់វិទ្យុអាស៊ីសេរី ក្នុងឆ្នាំ២០១៣ បានចាប់អារម្មណ៍ខ្លាំងលើរឿងអ្វីខ្លះ?
ព្រឹត្តិការណ៍ដែលប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរី ចាប់អារម្មណ៍ខ្លាំងដំបូងគេនោះ គឺព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ក្នុងនោះរួមមានព័ត៌មានអំពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាកម្ពុជានឹងមានសង្គ្រាមផ្ទៃក្នុងបើបក្សប្រឆាំងឈ្នះឆ្នោត ព័ត៌មានអំពីការស្លាប់របស់ពលរដ្ឋម្នាក់នៅគល់ស្ពានអាកាសក្បាលថ្នល់ និងព័ត៌មានពីអង្គការខុមហ្វ្រែល អំពាវនាវឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតឡើងវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០១៣ បានព្រមានថា ការបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតនៅខែកក្កដា គឺនឹងបង្កឲ្យកម្ពុជា ផ្ទុះសង្គ្រាមផ្ទៃក្នុង និងបង្កឲ្យមានសង្គ្រាមជាមួយប្រទេសជិតខាងរបស់កម្ពុជា។ លោក ហ៊ុន សែន ក៏បានប្រកាសទៀតថា ប្រសិនបើលោកចាញ់ឆ្នោតមែននោះ លោកនឹងមិនឲ្យគេចាប់ខ្លួនលោកយកទៅកាត់ទោសស្រួលៗនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកាលនោះនៅក្រៅបរទេសនៅឡើយ បានថ្លែងថា លោកនឹងចាប់អតីតមេដឹកនាំខ្មែរក្រហមក្នុងពេលបច្ចុប្បន្នទាំងអស់យកទៅកាត់ទោស នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។
ព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតដែលមានអ្នកស្ដាប់បញ្ចេញទស្សនៈច្រើនដែរនោះ គឺការស្លាប់របស់ពលរដ្ឋម្នាក់នៅគល់ស្ពានអាកាសក្បាលថ្នល់កាលពីខែកញ្ញា ចំថ្ងៃបាតុកម្មគណបក្សសង្គ្រោះជាតិ។ តែមកទល់ពេលនេះ ជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការនៅឡើយ។
រឿងបោះឆ្នោតដដែលនេះ តែទាក់ទងនឹងការអំពាវនាវរបស់អង្គការខុមហ្រ្វែល ឲ្យរដ្ឋាភិបាលបោះឆ្នោតឡើងវិញ។ ការអំពាវនាវកាលពីពេលថ្មីៗនេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នមួយនេះ បានរកឃើញ ភាពមិនប្រក្រតីជាច្រើនក្នុងការបោះឆ្នោតកន្លងមក។ ការអំពាវនាវនេះ ក៏ធ្វើឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិ បានដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្មជារៀងរាល់ថ្ងៃដើម្បីទាមទាររដ្ឋាភិបាលរៀបចំការបោះឆ្នោតឡើងវិញ និងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
ចំពោះរឿងនយោបាយវិញ ដំណើរវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាព្រឹត្តិការណ៍ដែលប្រិយមិត្តចាប់អារម្មណ៍ច្រើន។ លោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ នៅខែកក្កដា បន្ទាប់ពីបាននិរទេសខ្លួនឯងនៅក្រៅប្រទេសជាង ៤ឆ្នាំរួចមក និងបន្ទាប់ពីព្រះមហាក្សត្រ បានប្រទានការលើកលែងទោសឲ្យលោកតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកសរុប ១២ឆ្នាំ ពាក់ព័ន្ធនឹងក្តីក្តាំដកតម្រុយបង្គោលព្រំដែននៅព្រំដែនកម្ពុជា-វៀតណាម ខេត្តស្វាយរៀង។
បញ្ហានយោបាយនេះដដែល តែទាក់ទងនឹងរឿងរដ្ឋាភិបាលឯកបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតគណៈរដ្ឋមន្ត្រី ដែលគេយល់ថា មានក្បាលធំជាងខ្លួន។ អត្ថបទព័ត៌មានបានសរសេរថា បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ី កម្ពុជាជាប្រទេសមួយដែលដឹកនាំដោយរាជរដ្ឋាភិបាលក្បាលធំ ប៉ុន្តែមានមាឌតូច។ អាចនិយាយម៉្យាងទៀតថា កម្ពុជាតូចមែនពិតតែសម្បូរទៅដោយអ្នកដឹកនាំដែលមិនសូវឃើញចូលនិវត្តន៍សោះ បើទោះជាដល់អាយុហើយក្តី។
អត្ថបទដដែលបន្តថា ទំហំនៃសមាជិករដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ ដែលកើតចេញពីការបោះឆ្នោតដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០១៣ នេះ កាន់តែរីកធំឡើងៗ។ បើប្រៀបធៀបទៅប្រទេសចិន និងប្រទេសថៃ ដែលមានប្រជាជនច្រើនជាងកម្ពុជា ឆ្ងាយនោះ គណៈរដ្ឋមន្ត្រីកម្ពុជា មានសមាជិកច្រើនជាងប្រទេសទាំងពីរនេះឆ្ងាយណាស់។
ងាកមកមើលព្រឹត្តិការណ៍សង្គមវិញម្ដង ព្រឹត្តិការណ៍ដែលមានប្រិយមិត្តចូលរួមបញ្ចេញទស្សនៈច្រើន មានដូចជាព័ត៌មានទាក់ទងនឹងនិស្សិតខ្មែរមួយក្រុម ស្នើឲ្យលុបចោលតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៣ តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ត្រូវបាននិស្សិតខ្មែរមួយក្រុមចូលរួមក្នុងសិក្ខាសាលាមួយនៅសាកលវិទ្យាល័យមេគង្គកម្ពុជា បានក្រោកឡើងលើកបដាតវ៉ា មិនស្វាគមន៍ចំពោះវត្តមានរបស់លោកនៅកម្ពុជា។ ក្រុមនិស្សិតទាំងអស់នោះ បានចោទប្រកាន់លោក ស៊ូប៊ែឌី ថាបានសរសេររបាយការណ៍អវិជ្ជមានអំពីកម្ពុជា។
ព្រឹត្តិការណ៍សង្គមមួយទៀតដែលមានគេបញ្ចេញទស្សនៈច្រើនដែរនោះ គឺករណីអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch= HRW) ស្នើឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងរថយន្តរបស់លោក ជាម យៀប នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានលើកឡើងថា លោក ជាម យៀប អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ។ ក្រៅពីនេះ ការទាមទារដំឡើងប្រាក់ខែគោលរបស់កម្មករកាត់ដេរ ១៦០ដុល្លារ ក្នុងមួយខែ ក៏ត្រូវបានប្រិយមិត្តចូលរួមបញ្ចេញទស្សនៈជាច្រើន។
ក្រឡេកមកមើលទំនាក់ទំនងការបរទេសវិញ ព្រឹត្តិការណ៍ដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះ គឺដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។ ទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់ យ៉ុង និងស្របពេលដែលគណបក្សប្រឆាំងកំពុងធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងចុះចេញពីតំណែង។ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅវៀតណាមពេលនេះ ត្រូវបានពួកប្រឆាំងគិតថា ដើម្បីស្វែងរកគំនិតពីមេដឹកនាំវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសុន្ទរកថាជាភាសាវៀតណាម រំលឹកពីអនុស្សាវរីយ៍របស់លោកជាមួយអតីតកងទ័ពវៀតណាម ទៀតផង។
បើទោះជាប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្លាំងពីព្រឹត្តិការណ៍នយោបាយ ការបោះឆ្នោត និងព្រឹត្តិការណ៍សង្គមក្តៅៗ ដែលបានកើតឡើងជាហូរហែក្តី បញ្ហាក្ដីក្ដាំប្រាសាទព្រះវិហារ ក៏នៅតែជាព្រឹត្តិការណ៍សំខាន់មួយដែលប្រិយមិត្តជាច្រើនបានចូលរួមបង្ហាញទស្សនៈ និងចែករំលែកចំណេះដឹងរបស់ពួកគេ។
បែរមកមើលវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី វិញម្ដង។ ក្នុងឆ្នាំ២០១៣ វេទិកាអ្នកស្តាប់ដែលមានគេចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺការពិភាក្សាលើប្រធានបទស្ដីពីនីតិវិធីនៃកិច្ចប្រជុំសភាក្រោយការប្រកាសលទ្ធផលបោះឆ្នោត។
កិច្ចពិភាក្សាលើប្រធានបទស្ដីពីនីតិវិធីនៃកិច្ចប្រជុំសភាក្រោយការប្រកាសលទ្ធផលបោះឆ្នោត ត្រូវបានធ្វើឡើងនៅដើមខែសីហា ឆ្នាំ២០១៣ ដែលមានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ជាវាគ្មិន និងមានលោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល។
នៅក្នុងកិច្ចពិភាក្សានោះ អ្នកនយោបាយទាំងពីរបានព្យាយាមវែកញែករកត្រូវរៀងៗខ្លួនអំពី ថាតើការមិនចូលរួមប្រជុំសភាលើកដំបូងរបស់គណបក្សសង្គ្រោះជាតិ អាចជាឧបសគ្គធ្វើឲ្យសភាគ្មានសុពលភាពឬទេ? លោក ឈាន វុន នៅពេលនោះបានបកស្រាយថា ការមិនចូលរួមរបស់គណបក្សសង្គ្រោះជាតិ នឹងមិនមែនជាការរាំងស្ទះដល់ដំណើរការបើកសភា និងបង្កើតរដ្ឋាភិបាលថ្មីនោះទេ។
លោក ឈាង វុន៖ «សូមជម្រាបថា ករណីរបៀបនេះ យើងបានឆ្លងកាត់រួចហើយនៅក្នុងសភាអាណត្តិទី៤ ហើយរឿងដដែលនេះ គឺលើកមកដាក់លើតុម្តងទៀតអាណត្តិទី៥នេះ ហើយខ្ញុំគិតថា នេះជារឿងមួយគួរឲ្យសោកស្ដាយ ព្រោះថា យើងខាតពេលវេលាច្រើនណាស់។ ខ្ញុំបង្ហាញរូបថតតែខ្លីទេ ប្រសិនបើអាចថតបាន ខ្ញុំសូមកោតសរសើរ ថាគួរយកទៅផ្សាយដែរ នេះជារូបថតដែលប្រកាសសភាអាណត្តិទី៤ នេះ អាណត្តិទី៤ ឯកឧត្តម សម រង្ស៊ី គាត់អង្គុយនេះ អាវខ្មៅ ឯកឧត្តម សុន ឆ័យ គាត់អង្គុយនេះ ហើយសុទ្ធតែសមាជិកគណបក្ស សម រង្ស៊ី ហើយឯកឧត្ដម ហូរ វ៉ាន់ អង្គុយនេះ បានសេចក្ដីថាម៉េច? បានសេចក្ដីថា បញ្ហានេះបានកើតឡើងរួចហើយ ហើយគេបានដោះស្រាយរួចហើយ អាណត្តិទី៤ បានជិតចប់ទៀតហើយ អ៊ីចឹងយើងសួរថា រាំងស្ទះទេ? ថាអត់ទេ ព្រោះនៅក្នុងអាណត្តិទី៤នេះ អ្នកចូលរួមប្រជុំមានតែ ១១៩នាក់ទេ ព្រោះសមាជិកសភាមកពីគណបក្សសិទ្ធិមនុស្ស ៣រូប មិនបានចូលរួមប្រជុំទេ ហើយសមាជិកសភាម្នាក់ទៀតឈឺថ្កាត់ ហើយបើយើងលើកថា ទាល់តែ ១២០រូបទើបបានដំណើរការ បានសេចក្ដីថា សភាអាណត្តិទី៤ហ្នឹងខុសទាំងអស់តែម្ដង ដើរលែងកើត»។
តែសម្រាប់លោក សុន ឆ័យ វិញ។ លោកបានបកស្រាយថា ជាគោលការណ៍ដំណើរការរដ្ឋសភាក្តី និងដំណើរអ្វីផ្សេងទៀតដែលរដ្ឋសភាធ្វើសេចក្ដីសម្រេចក្តី គឺមិនអាចជៀសផុតពីច្បាប់រដ្ឋធម្មនុញ្ញនោះទេ៖ «មាត្រា៧៦ នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋសភាមានសមាជិករបស់ខ្លួនយ៉ាងតិច ១២០រូប ហើយករណីហ្នឹងវាមានបញ្ហាកន្លងទៅ ទើបបានជាមានការសួរនាំទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៣ហ្នឹង ក៏បានធ្វើសេចក្ដីសម្រេចរបស់ខ្លួនមួយបានពន្យល់មករដ្ឋសភាវិញយ៉ាងច្បាស់ អានេះយើងនិយាយអំពីការគោរពច្បាប់ ការអនុវត្តច្បាប់ ឬការបំពានច្បាប់។ រឿងវា ២ខុសគ្នា បើយើងនិយាយអំពីការគោរពច្បាប់ វាមាននីតិវិធីវាបែបហ្នឹង ហើយក្រុមប្រឹក្សាធម្មនុញ្ញបានចែងអ៊ីចឹង។ គាត់ពន្យល់មកវិញថា យោងទៅតាមមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញ គឺមានន័យយ៉ាងដូច្នេះថា រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រយ៉ាងតិច ទើបអាចបង្កើតសភាក្នុងនីតិកាលនីមួយៗបាន»។
ការពិភាក្សាចេះតែបន្តខ្វែងគំនិតគ្នា ហើយវាគ្មិនទាំងពីរក៏ចេះតឹងសរសៃកដាក់គ្នា ព្រមទាំងនិយាយដឺដងដាក់គ្នាទៀតផង។ ក្រោយការបកស្រាយរបស់លោក សុន ឆ័យ អ្នកសម្របសម្រួលបានអានច្បាប់ទាក់ទងចំនួន ដែលសមាជិកសភាសរុបក្នុងថ្ងៃប្រជុំសភាដំបូង តែអានមិនទាន់ចប់សព្វគ្រប់ផង ស្រាប់តែលោក ឈាង វុន បានសុំពេលដើម្បីបកស្រាយម្តង។
បន្ទាប់មកទៀត នៅពេលអ្នកសម្របសម្រួលនិយាយអំពីនីតិវិធីទាក់ទងក្ដីក្ដាំប្រាសាទព្រះវិហារ ដែលរដ្ឋាភិបាលកម្ពុជា ស្នើទៅអង្គការសហប្រជាជាតិសុំបកស្រាយភាពមន្ទិលសង្ស័យសាលក្រមឆ្នាំ១៩៦២ ដើម្បីប្រៀបធៀបទៅនឹងបញ្ហាកំពុងពិភាក្សា លោក ឈាង វុន ក៏បានតវ៉ាម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
