ការ​បូជា​បាយបិណ្ឌ បាយ​បិត្តបូរ​ និង​ផ្កាបិណ្ឌ

ដោយ កេសរណ្ណីយ្យា
2014.09.23
ភ្ជុំបិណ្ឌ ៣០៥ ពុទ្ធ​បរិស័ទ​រៀបចំ​បោះ​បាយ​បិណ្ឌ​នៅ​វត្ត​ទួលសាន់វ៉ាន់ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​១៥ កញ្ញា ២០០៩។
RFA/Sophorn

ក្នុង​អំឡុង​ពេល ១៥​ថ្ងៃ នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ពុទ្ធបរិស័ទ​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​តែង​ប្រជុំ​គ្នា​កាន់​វេន​ដាក់​បិណ្ឌ​ជា​រៀងរាល់​ថ្ងៃ​ចាប់​ពី​បិណ្ឌ​១ រហូត​ដល់​បិណ្ឌ​១៤ លើកលែងតែ​ថ្ងៃ​ភ្ជុំបិណ្ឌ។

​នៅ​ឱកាស​នៃ​ពិធី​កាន់បិណ្ឌ​ទាំង ១៤​ថ្ងៃនេះ  នៅ​តាម​វត្ត​អារាម​នានា មាន​ការ​រៀបចំ​ចាត់ចែង​ផ្គត់ផ្គង់​ចង្ហាន់​បិណ្ឌបាត និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​រយៈពេល​៣​ខែ។  រី​ឯ​គ្រឿង​បូជា​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​ដែល​ជា​ទំនៀម​ប្រពៃណី​ពី​បរម​បុរាណ​មក មាន​បាយបិណ្ឌ បាយបត្តបូរ និង​ផ្កាបិណ្ឌ។

អ្នកនាង កេសរណ្ណីយ្យា ជូន​សេចក្ដី​អធិប្បាយ​អំពី​គ្រឿង​រណ្ដាប់​បូជា​ទាំង​បី​មុខ​នេះ ដែល​ម្ចាស់​វេន​កាន់បិណ្ឌ​តែង​វេរ​ប្រគេន​ព្រះសង្ឃ ឧទ្ទិស​បុណ្យ​កុសល​ដល់​ក្រុម​គ្រួសារ​ញាតិ​មិត្ត​នៅ​ឱកាស​បុណ្យ​ដ៏​ធំ​មួយ​នេះ៖

តាម​ទំនៀម បាយបិណ្ឌ បាយ​បិត្តបូរ និង​ផ្កាបិណ្ឌ គឺ​ជា​គ្រឿង​រណ្ដាប់​បូជា​ដ៏​សំខាន់​ដែល​តែង​ស្ថិតនៅ​ជាមួយ​គ្នា​នៃ​ពិធី​វេន​កាន់បិណ្ឌ​នីមួយៗ។

សៀវភៅ «ពិធី​ប្រចាំ​ដប់​ពីរ​ខែ» ដែល​ជា​ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ព.. ២៥០៨ កាល​ពី​ជាង ៥០​ឆ្នាំ​មុន​នោះ សរសេរ​ថា បិណ្ឌៈ គឺ​ជា​ដុំ​បាយ​ដំណើប​ដែល​គេ​ចម្អិន​ដោយ​ខ្ទិះ​ដូង​ហើយ​លាយ ឬ​បុក​ជាមួយ​គ្រឿងផ្សំ​ឯទៀត​តាម​ទម្លាប់​អ្នក​ស្រុក។

ពុទ្ធបរិស័ទ​ខ្មែរ​មួយ​រូប​ដែល​កំពុង​ចូលរួម​ពិធី​កាន់បិណ្ឌ​នៅ​វត្ត​ខ្មែរ ក្នុង​ក្រុង​ម៉ូដេសតូ (Modesto) រដ្ឋ​កាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក គឺ​លោក ហ៊ន ចាន់ រៀបរាប់​អំពី​ការ​រៀបចំ​ដាំ​បាយ​បិណ្ឌ តាម​ទំនៀម​នៃ​អ្នកស្រុក​នៅ​វត្ត​ខ្មែរ​នៅ​តំបន់​នេះ៖ «បាយ​បិណ្ឌ បាយ​បិត្តបូរ​ហ្នឹង មុន​ដំបូង​យើង​លាង​អង្ករ​ដាំ​បាយ ដាំ​បាយ​ឆ្អិន​ហើយ រលាក់​បាយ​ហ្នឹង​ដាក់​ទុក​ឱ្យ​ត្រជាក់​ទៅ បាន​យើង​លីង​ល្ង។ លីង​ល្ង​ឱ្យ​ឡើង​ឈ្ងុយ​បុក​ឱ្យ​ហ្មត់​ទៅ យក​ល្អ​ហ្នឹង​រោយ​ពី​លើ​មក ហើយ​យើង​កោស​ដូង​ទុំ​លាយ​ខ្ទិះដូង​ដាក់​ជាមួយ យើង​ពូត​ដុំៗ​ប៉ុនៗ​មេ​ជើង​ហ្នឹង​ទៅ។ ប៉ុន្តែ​ដែល​ពូត​ដុំ​ហ្នឹង​ដាក់​បាយ​បិត្តបូរ​ហ្នឹង​ផ្សេង​ទៅ ដាក់​សម្រាប់​ចង្ហាន់​ព្រះសង្ឃ​ផ្សេង ហើយ​បាយបិណ្ឌ​សម្រាប់​យាយៗ​មក​កាន់​បិណ្ឌ​នៅ​វត្ត​ហ្នឹង ពេល​ព្រហាម​ឡើង​ព្រឹក​ម៉ោង​៤ គាត់​ឡើង​បោះ​បាយបិណ្ឌ នៅ​ពេល​ព្រះសង្ឃ​សូត្រ​បរាភវសូត្រ»

«សំឡេង​ព្រះសង្ឃ​សូត្រ​បរាភវសូត្រ»

តាម​ពុទ្ធប្រវត្តិ មុន​ពេល​បាន​ត្រាស់​ដឹង ព្រះសម្មាសម្ពុទ្ធ​សមណគោតម ទ្រង់​បាន​ទទួល​ចង្ហាន់​បិណ្ឌ​បាត​ពី​នាង​សុជាតា ជា​ភរិយា​មហាសេដ្ឋី​កុដុម្ពី​ម្នាក់ ដែល​នាង​បាន​ចម្អិន​យ៉ាង​ផ្ចិតផ្ចង់ រួច​ដោះ​ដួស​ដាក់​ក្នុង​ភាជន៍មាស​ប្រកប​ដោយ​ជើង​ទម្រ គ្រប​ដោយ​សាជី មាន​កំពូល​យ៉ាង​ស្រួច​រាវ​តូច​ទៅ​លើ ហើយ​បាន​ទូល​យក​ទៅ​ថ្វាយ​ព្រះអង្គ ដែល​កំពុង​គង់​នៅ​ក្រោម​ដើម​ជ្រៃ​ធំ។ ចង្ហាន់​បិណ្ឌបាត​នេះ​ឈ្មោះ​ថា «មធុបាយាស» ដែល​ជា​បាយ​ម្យ៉ាង​គេ​ដាំ​រំងាស់​ជាមួយ​ទឹកដោះគោ ប្រកប​ដោយ​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​ពិសា។

តើ​ទំនៀម​ចម្អិន​បាយបិណ្ឌ បាយ​បិត្តបូរ ដែល​ខ្មែរ​និយម​នាំគ្នា​ធ្វើ​នា​រដូវ​ភ្ជុំបិណ្ឌ​សព្វថ្ងៃ​នេះ មាន​ជាប់​ទាក់ទង​នឹង «មធុបាយាស» នៅ​សម័យ​ពុទ្ធកាល​ដែរ​ឬ​យ៉ាង​ណា?

ភិក្ខុ វ៉ិត សានមុនី គង់​នៅ​វត្ត «ប៉ូម៉ូណា» ក្នុង​ក្រុង​ប៉ូម៉ូណា (Pomona) រដ្ឋ​កាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក មាន​ថេរដីកា​បញ្ជាក់​ថា ពុំ​មាន​ឃើញ​ចែង​ច្បាស់លាស់​ក្នុង​ឯកសារ​គម្ពីរ​ដីកា​អំពី​រឿង​នេះ​ឡើយ ប៉ុន្តែ​អាច​ដូនតា​ខ្មែរ​យក​លំនាំ​តាម​ដំណើរ​រឿង​នេះ៖ «តាម​ដំណើរ​ចាស់ៗ​ដែល​គាត់​រៀបចំ​ធ្វើ​ហ្នឹង វា​ប្រហាក់​ប្រហែល​គ្នា​ដែរ តែ​គ្រាន់តែ​មិន​បាន​គ្រប់​ដូច​ពី​សម័យ​ពុទ្ធកាល​ដែល​នាង​សុជាតា បាន​ធ្វើ​មធុបាយាស។ មធុបាយាស​ហ្នឹង​បាន​ន័យ​ថា បាយ​ដែល​មាន​រសជាតិ ៨​យ៉ាង មាន​ទឹក​ឃ្មុំ ទឹកដោះគោ ទឹកអំពៅ ជាដើម។ ប៉ុន្តែ​ដល់​បាយ​បិត្តបូរ ឬ​បាយបិណ្ឌ​នេះ យើង​ធ្វើ​អត់​គ្រប់​ទាំង​៨​ទេ មាន ២​យ៉ាង​ក៏​មាន ៣​យ៉ាង ៤-៥​យ៉ាង យើង​ធ្វើ​ទៅតាម​តំបន់ តាម​កន្លែង។ ដូច​នៅ​វត្ត​អាត្មា​នេះ ដែល​ឃើញ​ញោមៗ​គាត់​រៀបចំ​ធ្វើ​មាន​ពិធី​ដាំបាយ​ហ្នឹង​ហើយ មាន​បុក​ល្អ​ប្រឡាក់​ជាមួយ​សណ្ដែក ហើយ​ស្ករ​អំពៅ និង​អំបិល​តិចៗ​ទៅ»

«សំឡេង​សូត្រ​ធម៌​នមស្ការ»

«មធុបាយាស» នេះ គឺ​គេ​ច្រើន​ប្រើ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ ដែល​មកពី​ពាក្យ «មធុ» ជា​ភាសា​បាលី​មាន​ន័យ​ថា ទឹកឃ្មុំ និង​ពាក្យ «បាយាស» មាន​ន័យ​ថា បាយ​ដែល​ចម្អិន​លាយ​នឹង​ទឹក​ដោះគោ ព្រមទាំង​គ្រឿងផ្សំ​ដ៏​មានតម្លៃ​ផ្សេងៗ។

ចំណែក «បាយបិណ្ឌ» នៅ​សម័យ​នេះ ឯកសារ​ខ្លះ​កត់ត្រា​ថា គេ​ពូត​ជា​ដុំ​តូចៗ ហើយ​រៀប​ដាក់​ជុំវិញ «បាយ​បិត្តបូរ» ដែល​គេ​ពូត​ជា​ពំនូត​រាង​ធំ​បន្តិច គ្រប​ដោយ​សាជី​ស្លឹក​ចេក​មាន​កំពូល​ស្រួច ហើយ​និង​មាន​ដោត​ទង់ជ្វាលា ទៀន​ធូប ផ្កា​ភ្ញី​ជា​លំអ​ផង ហើយ​គេ​រៀប​ដាក់​លើ​ថាស ឬ​តោក គឺ​ភាជន៍​ធ្វើ​អំពី​ឈើ ឬ​ផ្តៅ។

ចុះ​ចំណែក​ផ្កាបិណ្ឌ​វិញ​នោះ តើ​គេ​រៀប​ដាក់​នៅ​កន្លែង​ណា​ដែរ​ទៅ? ត្រង់​ប្រការ​នេះ ឧបាសក ហី មាដ នៅ​ភូមិ​ផ្សារ​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប រៀបរាប់​អំពី​ទំនៀម នៃ​ការ​រៀប​គ្រឿង​រណ្ដាប់​ផ្កាបិណ្ឌ​របស់​អ្នកស្រុក​នៅ​តំបន់​នោះ ដែល​គេ​និយម​ធ្វើ​ពី​ក្រដាស​ពណ៌​ផ្សេងៗ៖ «នៅ​ក្នុង​ពិធី​បិណ្ឌ​ហ្នឹង វត្ត​កំពង់​ឃ្លាំង គឺ​នៅ​មាន​ធ្វើ​សេចក្ដី​ហ្នឹង។ បុរាណ​ពី​ដើម​គេ​ធ្វើ​ក្នុង​ផ្កា​ហ្នឹង​គេ​ដោត​ដើម​ផ្កា​មួយ​ដើម គេ​មាន​កន្ទោង គេ​ដាក់​បាយ បាយ​ហ្នឹង​គេ​ធ្វើ​អំពី​ល្ង​ច្របាច់​ជាមួយ បាយ​ដំណើប​គេ​ដាំ ហើយ​មាន​អំពៅ​គេ​យក​សំបក​ចេញ​​ហើយ​ច្រៀក​តូចៗ ក៏​ដាក់​ក្នុង​កន្ទោង​ហ្នឹង​ទៅ ហើយ​មាន​គ្រឿង​ដូចជា​បង្អែម នៅ​កន្លែង​ខ្លះ​ទៀត គេ​ដាក់​ក្នុង​កន្ទោង​នៅ​ទៅ ហ្នឹង​គេ​ហៅ​ថា ផ្កាបិណ្ឌ»

«ភ្លេង​ពិណពាទ្យ»

ឯកសារ​ខ្លះ​សរសេរ​ថា ផ្កាបិណ្ឌ​នេះ ជា​គោល​សំខាន់ ឬ​ជា​វត្ថុ​ចាំបាច់​ក្នុង​ការ​កាន់បិណ្ឌ ជា​ការ​បូជា​ឧទ្ទិស​ព្រះ​ចូឡាមណី​ចេតិយ នា​ស្ថាន​ត្រៃ​ត្រឹង ជាទី​តម្កល់​ទុក​នូវ​ព្រះកេសា គឺ​សក់​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​បាន​កាត់​មៅ​ពេល​យាង​ចាក​រាជសម្បត្តិ​ចេញ​សាង​ផ្នួស។

ចំណែក​បាយ​បិត្តបូរ ឬ​បាយបត្តបូរ​វិញ​នោះ មាន​ន័យ​ថា «បាយ​សម្រាប់​បំពេញ​ផល​ឱ្យ​ប្រេត» ពោល​គឺ​បាយ​ដែល​ទាយក​ទាយិកា​ប្រគេន​ភិក្ខុសង្ឃ ហើយ​ឧទ្ទិស​ផល​បុណ្យ​ជូន​ទៅ​បុគ្គល ដែល​ចែក​ឋាន​ទៅ​កាន់​បរលោក​ដូច​គ្នា​នឹង​ការ​បូជា​បាយ​បិណ្ឌ​ដែរ។

«ភ្លេង​ពិណពាទ្យ»

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តែង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ១៥​រោច ខែ​ភទ្របទ។ ឯកសារ​ខ្លះ​សរសេរ​ថា ការ​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ក្នុង​ខែភទ្របទ​ជា​រៀងរាល់​ឆ្នាំ គឺ​ម្យ៉ាង​ជា​ការ​រំលឹក​ដល់​កាលដែល​ព្រះសម្មាសម្ពុទ្ធ សមណគោតម ទ្រង់​គង់​ចាំ​វស្សា​ទី​១០។ នៅ​ពេល​នោះ គឺ​ព្រះអង្គ​គង់នៅ​យ៉ាង​ស្ងប់ស្ងាត់​តែមួយ​អង្គ​ឯង​ជាមួយ​សត្វ​ស្វា ដំរី និង​បក្សាបក្សី​ក្នុង «ព្រៃ​បាលិលេយ្យ» តាម​ដង «ព្រៃរក្ខិតវ័ន» ដែល​មាន​ន័យ​ថា​ជា​ព្រៃ​រក្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។