អាជ្ញាធរ​អប្សរា​ចាប់​បរទេស​ថតរូប​ស្រាត​៣​នាក់​នៅ​ប្រាសាទ​តាព្រហ្ម

មន្ត្រី​អាជ្ញាធរ​អប្សរា បាន​អះអាង​ថា គេ​បាន​ចាប់​ខ្លួន​ទេសចរ​បរទេស​ចំនួន ៣​នាក់​ជា​ថ្មី​ទៀត ពេល​ដែល​កំពុង​ថតរូប​អាក្រាត​កាយ​នៅ​ក្នុង​តំបន់​ប្រាសាទ​បុរាណ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា កន្លង​ទៅ។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​ឧសភា ថា កម្លាំង​របស់​អាជ្ញាធរ​អប្សរា បាន​ចាប់​ខ្លួន​ស្ត្រី​អ្នក​ទេសចរ​បរទេស​ម្នាក់ និង​ប្រុស ២​នាក់ ដែល​បាន​ថតរូប​អាក្រាត​កាយ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​តាព្រហ្ម កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​ឧសភា កន្លង​ទៅ។

លោក ឡុង កុសល បញ្ជាក់​ថា ជនបរទេស​ទាំង​៣ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នោះ គឺ​ជនជាតិ​អ៊ីតាលី​ម្នាក់ ជនជាតិ​ហុឡង់ដ៍ ម្នាក់ និង​អាហ្សង់ទីន ម្នាក់៖ «នៅ​ពេល​ដែល​ភ្នាក់ងារ​ទេសចរណ៍​របស់​អាជ្ញាធរ​អប្សរា​បាន​ឃើញ គឺ​គាត់​កំពុង​ថតរូប​បង្ហាញ​រាង​កាយ​ផ្នែក​ខាងក្រោយ​របស់​គាត់ ហើយ​យើង​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ខាង​នគរបាល​ទេសចរណ៍»

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ទេសចរ​បរទេស​ពាក់ព័ន្ធ​នឹង​ការ​ថត​រូប​អាក្រាត​កាយ នៅ​ក្នុង​តំបន់​ប្រាសាទ​បុរាណ​នៃ​ខេត្ត​សៀមរាប។ កាល​ពី ៣-​៤​ខែ​មុន សមត្ថកិច្ច​ធ្លាប់​បាន​ឃាត់​ខ្លួន​បុរស​ជនជាតិ​បារាំង ២​រូប និង​ស្ត្រី​ជនជាតិ​អាមេរិកាំង ២​រូប ពាក់ព័ន្ធ​នឹង​ការ​ថតរូប​អាក្រាត​នៅ​ក្នុង​តំបន់​ប្រាសាទ​បុរាណ​ដែរ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។