ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​​ខេត្ត​ព្រះសីហនុ​ធ្លាក់​ចុះ

0:00 / 0:00

​គិត​ត្រឹម​២​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ ខេត្ត​ដែល​ទាក់ទាញ​វិស័យ​ទេសចរណ៍​មួយ​ចំនួន ដូច​ជា​ខេត្ត​នៅ​ភូមិ​ភាគ​ភាគ​ឦសាន​ប្រទេស មាន​មណ្ឌលគិរី និង​រតនគិរី ជាដើម អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​មាន​កំណើន​ទ្វេ​ដង​បើ​ប្រៀបធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ខេត្ត​ព្រះសីហនុ វិញ ចំនួន​អ្នក​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ មាន​ការ​ថយ​ចុះ​បើ​ធៀប​ក្នុង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ។

អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា គិត​ត្រឹម​២​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សម្រាប់​ឆ្នាំ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ពុំ​មាន​ការ​កើន​ឡើង​ទេ នេះ​បើ​ធៀប​នឹង​រយៈពេល ២​ថ្ងៃ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ខេត្ត​កែប ចំនួន​អ្នក​ដើរ​កម្សាន្ត​មាន​កំណើន​ទ្វេ​ដង ស្រប​ពេល​ដែល​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី លំហូរ​ភ្ញៀវ​ទេសចរ​ក៏​មាន​កំណើន​ជាង​ឆ្នាំ​កន្លង​ទៅ​ដែរ​នោះ។

អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក អឿ វិបុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មេសា ថា ក្នុង​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សម្រាប់​ឆ្នាំ​២០១៤ នេះ ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​បន្តិច​វិញ បើ​ធៀប​នឹង​ឆ្នាំ​មុន។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ ចំនួន​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​សម្រាប់​ឆ្នាំ​នេះ ពុំ​មែន​បណ្ដាល​ពី​សេវាកម្ម ឬ​ហេតុ​ផល​ណា​មួយ​ដែល​ជា​រាំងស្ទះ​របស់​ខេត្ត​ឡើយ ក៏​ប៉ុន្តែ​ថា ដោយសារ​នៅ​ខេត្ត​សៀមរាប មាន​ពិធី​រៀបចំ​អង្គរ​សង្ក្រាន្ត ហេតុ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ឆ្នាំ​ថ្មី​នេះ ហាក់​ថយ​ចុះ​បន្តិច​សម្រាប់​ខេត្ត​ព្រះសីហនុ។

លោក អឿ វិបុល៖ «ប៉ាន់ស្មាន​របស់​ខ្ញុំ​ទេ​ណា ៥​ពាន់ ទៅ ៦​ពាន់​នាក់​ទេ មិន​បរិបូរ​ដូច​ពី​ឆ្នាំ​មុន មាន​មួយ​ម៉ឺន​ទៅ​ពីរ​ម៉ឺន​អ៊ីចឹង​ណា។ ប៉ុន្តែ​ដល់​ថ្ងៃ​ទី​ពីរ​ហាក់​បី​ដូច​ជា​ច្រើន​ជាង​ពី​ថ្ងៃ​ម្សិលមិញ​បន្តិច ដោយសារ​មាន​កម្មវិធី​លេង​ស្រាបៀ​អាន់ឆឺរ មាន​កីឡា​វាយ​បាល់​ទាស់​ លើ​វាលខ្សាច់​ហ្នឹង ហើយ​និង​មាន​ការ​ប្រកុំ​តន្ត្រី​របស់​ហង្សមាស ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​គួរ​សម»

លោក អឿ វិបុល ឲ្យ​ដឹង​​ថា ថ្វី​បើ​ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ហាក់​ថយ​ចុះ​បន្តិច នៅ​ខេត្ត​ព្រះសីហនុ ក៏​ពិត​មែន តែ​ថា អ្នក​ដើរ​កម្សាន្ត​បាន​បង្វែរ​ទិសដៅ​ពី​លេង​នៅ​តាម​ឆ្នេរ​សមុទ្រ ពួក​គេ​​ទៅ​ទស្សនា​តាម​កោះ​វិញ ដូច​ជា​កោះរុង កោះ​ទន្សាយ និង​កោះ​តូច​ជាដើម។ លោក អឿ វិបុល ថ្លែង​ទៀត​ថា របាយការណ៍​ជា​បឋម​ក្នុង​រយៈពេល ២​ថ្ងៃ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​មាន​ប្រមាណ ២​ពាន់​នាក់​ប៉ុណ្ណោះ។ តួលេខ​នេះ បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​មុន ភ្ញៀវ​ទេសចរ​ប្រមាណ ១០​ម៉ឺន​នាក់ ដែល​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ។

ចំណែក​អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក ប៉ុក សៀង វិញ​បញ្ជាក់​ថា ឆ្នាំ​២០១៤ នេះ ភ្ញៀវ​ទេសចរ​មាន​កំណើន​ទ្វេ​ដង​បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន។ លោក​បន្ត​ថា សម្រាប់​ខេត្ត​កែប ឆ្នាំ​នេះ ចាប់​ពី​ផ្សារ​ក្ដាម រហូត​ដល់​ឆ្នេរ​ថ្មី ភ្ញៀវ​ទេសចរ​បាន​បន្ត​កកស្ទះ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ខុស​ពី​ឆ្នាំ​កន្លង​ទៅ។ ទោះ​ជា​បែប​ណា​លោក​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​អាច​ប៉ាន់​ស្មាន​ពី​ចំនួន​ពិត​ប្រាក់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​បាន​នៅ​ឡើយ​ទេ។

លោក ប៉ុក សៀង៖ «ខ្ញុំ​អង្គុយ​រហូត​ទល់​ម៉ោង ៦​ឡាន​នៅ​តែ​មាន​អ្នក​ចេញ ហើយ​និង​មាន​អ្នក​ចូល​រហូត​ដល់​យប់ ហើយ​យើង​មាន​ចរាចរណ៍។ ការ​ចូល​ពី​ផ្សារ​ក្ដាម ហើយ​និង​រហូត​ទល់​ទៅ​នឹង​ឆ្នេរ​ថ្មី នៅ​ហួស​មុខ​មន្ទីរ​ហិរញ្ញវត្ថុ​ហ្នឹង​ក៏​មាន​នៅ​សកម្មភាព​ណែន​រហូត​ហូរហែ​អ៊ីចឹង»

នៅ​ខេត្ត​ឦសាន​ប្រទេស​វិញ ដូច​ជា​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី មន្ត្រី​ទទួល​បន្ទុក​វិស័យ​ទេសចរណ៍​បាន​អះអាង​ថា សកម្មភាព​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង មាន​កំណើន​ជាង​ឆ្នាំ​មុនៗ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ញ៉ែត វិទូ ថ្លែង​ថា សម្រាប់​ឆ្នាំ​នេះ ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ទស្សនា​​នៅ​ខេត្ត​រតនគិរី ប្រមាណ ៧​ពាន់​នាក់។ លោក​បន្ត​ថា តួ​លេខ​នេះ​មាន​កំណើន ១១​ភាគរយ។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​ចាស់​ដែល​មាន​ត្រឹម​តែ ៩​ភាគរយ៖ «ព្រោះ​យើង​គិត​ថា អូតែល​យើង​ឡើង​មួយ​ពាន់​បន្ទប់​កាល​ពី​ឆ្នាំ​ទៅ។ អូតែល​សឹង​បាន​គ្រប់​មួយ​ពាន់​ផង។ ឆ្នាំ​នេះ អូតែល​ឡើង ៣០០​បន្ទប់​ជាង​នៅ​ពេញ​ទៀត»

ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី វិញ លោក ងិន សុវិមាន ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​នេះ​គេ​មិន​ទាន់​អាច​បូក​សរុប​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​ខេត្ត​​ភាគ​ឦសាន បាន​នៅ​ឡើយ​ទេ សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នេះ។

លោក​បន្ត​ថា ផ្អែក​តាម​ការ​អង្កេត​គ្រប់​ផ្ទះសំណាក់ និង​សណ្ឋាគារ គឺ​គ្មាន​សេសសល់​បន្ទប់​ឡើយ៖ «ស្ទាបស្ទង់​ជាក់ស្ដែង តាម​ផ្ទះ​សំណាក់​សណ្ឋាគារ​អី យើង​ឃើញ​ទៅ​ច្រើន​ណាស់។ ផ្ទះ​សំណាក់​សណ្ឋាគារ​ពេញ​អស់»

មន្ត្រី​ទទួល​បន្ទុក​វិស័យ​ទេសចរណ៍​ឲ្យ​ដឹង​ថា តម្លៃ​សេវា​ដូច​ជា ផ្ទះ​សំណាក់ សណ្ឋាគារ និង​ម្ហូប​អាហារ ត្រូវ​បាន​គេ​បង្កើន​ថ្លៃ​ខុស​សព្វ​មួយ​ដង នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​នេះ។ ជុំវិញ​បញ្ហា​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា នេះ​ដោយសារ​កម្ពុជា ប្រកាន់​គោលការណ៍​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ ចំណែក​សង្គម​ស៊ីវិល​វិញ ស្ដី​បន្ទោស​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ពុំ​អាច​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​អ្វីៗ​នៅ​រដូវ​មាន​បុណ្យទាន​ម្ដងៗ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​ពុំ​មាន​ឆន្ទៈ​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។