ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយចំនួន សុំមិនបញ្ចេញឈ្មោះ បានស្នើឲ្យសមាគមទេសចរណ៍ ឧត្តម រិទ្ធី កាត់បន្ថយការចំណាយថវិកាឲ្យទៅមន្ត្រីនានានៅក្នុងស្ថាប័នរដ្ឋពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ និងបញ្ឈប់ការគាបសង្កត់មកលើក្រុមហ៊ុនជាបន្តទៀត។
តំណាងក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរសុំមិនបញ្ចេញឈ្មោះបានថ្លែងនៅថ្ងៃពុធ ទី២០ សីហាថា សមាគមទេសចរណ៍ ឧត្តម រិទ្ធី និងដឹកជញ្ជូន បានចំណាយថវិកាជាងមួយម៉ឺនដុល្លារឲ្យមន្ត្រីទៅថ្នាក់លើជារៀងរាល់ខែ ហើយបានគាបសង្កត់ឲ្យក្រុមហ៊ុនជាអ្នកបង់ខាត ៖ «សមាគមបង្កើតឡើងមកដូចជាមានការគាបសង្កត់ទៅលើក្រុមហ៊ុនខ្លាំងពេក។ វាប្រៀបធៀបទៅដូចថា បង់លុយប្រចាំថ្ងៃដូចថា ភ្ញៀវម្នាក់បង់ ៣៥០បាត ហើយពេលដល់គម្រប់ខែ យើងត្រូវការចំណាយច្រើន ហើយយើងចេញលុយហោប៉ៅទៅទៀត មិនបានចំណេញហើយ ចេញលុយហោប៉ៅទៅទៀត»។
ការស្នើសុំនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរទាំងនោះទទួលរងការខាតបង់និងបង់ខាតទៅឲ្យសមាគមជាបន្តបន្ទាប់ក្នុងមួយខែៗ ពី ៥០០ ទៅ ៦០០ដុល្លារ រយៈពេលជាងមួយឆ្នាំមកនេះ។
តំណាងក្រុមហ៊ុនមួយរូបផ្សេងទៀត បានថ្លែងថា ចាប់តំាងពីសមាគមទេសចរណ៍ ឧត្តម រិទ្ធី និងដឹកជញ្ជូនដែលមានលោកស្រី អ៊ឹង ស៊ាង រិទ្ធី ធ្វើជាប្រធានដឹកនាំកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៧មក សមាគមនេះ បានបង្ខំឲ្យក្រុមហ៊ុនបង់ខាតទៅឲ្យសមាគមជាច្រើនខែ ដើម្បីយកលុយទាំងនោះទៅឲ្យមន្ត្រីថ្នាក់លើ ៖ «ទោះបីជាក្នុងសមាគមខាតឬចំណេញគឺគាត់អត់ខ្វល់ គាត់ដឹងថា ១ម៉ឺន៦ពាន់ សម្រាប់ឲ្យគាត់ឡើងទៅលើ»។
លោកស្រី អ៊ឹង ស៊ាង រិទ្ធី ប្រធានសមាគមទេសចរណ៍ ឧត្តម រិទ្ធី និងដឹកជញ្ជូន បានថ្លែងប្រតិកម្មថា ការចំណាយទៅឲ្យមន្ត្រីថ្នាក់លើ ឬថ្នាក់ក្រោម គឺជារឿងធម្មតា ហើយវាជាសិទ្ធិរបស់សមាគម ៖ «ការចំណាយទៅថ្នាក់លើ ថ្នាក់ក្រោមជាសិទ្ធិរបស់ក្រុមហ៊ុន របស់សមាគមរកស៊ី បើក្រុមហ៊ុនមួយណាមិនពេញចិត្ត ថាការចំណាយហ្នឹង វាមានចំណាយច្រើន ក្រុមហ៊ុនហ្នឹង អាចដកពាក្យចេញពីសមាគម»។
ទោះជាយ៉ាងនេះក្តី តំណាងក្រុមហ៊ុនដែលជាសមាជិកនៃសមាគមនេះបានថ្លែង ការអនុវត្តរបៀបនេះហើយ បានធ្វើឲ្យក្រុមហ៊ុននីមួយៗ មានការចង់ដកខ្លួនចេញពីសមាគមនេះ ៖ «ក្រុមហ៊ុននីមួយៗ ចង់ប្រះចេញ ចង់បែកសមាគមអីអ៊ីចឹង»។
យោងតាមរបាយការណ៍គណនេយ្យប្រចាំខែរវាងខែមិថុនា និងខែកក្កដា របស់សមាគមទេសចរណ៍ ឧត្តមរិទ្ធី និងដឹកជញ្ជូន ដែលវិទ្យុអាស៊ីសេរី ទទួលបាន មានក្រុមហ៊ុនទេសចរណ៍ចំនួន៨ ដែលជាសមាជិកសមាគម។ សមាគមបានកំណត់ឲ្យក្រុមហ៊ុនទាំង៨ ចេញការបង់ខាតជាប្រចាំ។
បើតាមបុគ្គលិកនិងតំណាងក្រុមហ៊ុនដែលជាសមាជិកបានអះអាងថា របាយការណ៍នេះបានរាយឈ្មោះមន្ត្រីទាំងនោះដែលសរសេរជាអក្សរកាត់ ចាប់តាំងពីមន្ត្រីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រហូតដល់មន្ត្រីជាន់ខ្ពស់ ដែលសមាគមត្រូវបង់លុយជូនជាប្រចាំខែ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ហ៊ុន សែន៖ កម្ពុជានឹងត្រៀមថវិកាសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងតំបន់
ហ៊ុន សែន៖ ផែនការបង្កើតផ្សារហ៊ុននឹងត្រូវពន្យារពេល
វិបត្តិហិរញ្ញវត្ថុពិភពលោកនិងផលប៉ះពាល់ចំពោះប្រទេសកម្ពុជា
ប្រមុខរដ្ឋាភិបាលសំណូមពរឲ្យមានការបញ្ចុះតម្លៃអគ្គិសនីនៅជនបទ
វិបត្តិហិរញ្ញវត្ថុពិភពលោកប៉ះពាល់ដល់ការវិនិយោគទុននៅកម្ពុជា?
កម្ពុជាទាមទារឲ្យមានការបន្ធូរបន្ថយបំណុលដល់ប្រទេសដែលមានអភិវឌ្ឍន៍តិចតួច
ក្រុមហ៊ុនបរទេសលក់សាំងនៅកម្ពុជាយល់ព្រមបញ្ចុះតម្លៃ
ពាណិជ្ជករថៃរិះគន់ថា មន្ត្រីគយខ្មែរនៅច្រកប៉ោយប៉ែតបង្កការលំបាក
សហភាពអឺរ៉ុបចាត់ទុកក្រុមហ៊ុនអាសកាសចរណ៍មួយនៅកម្ពុជាថាគ្មានសុវត្ថិភាព
នាយករដ្ឋមន្ត្រីជំរុញឲ្យក្រុមហ៊ុនប្រេងក្នុងស្រុកបញ្ចុះតម្លៃប្រេង