ទេសចរ​ទៅ​ទស្សនា​ខេត្ត​ក្រចេះ​ឆ្នាំ​២០១១​កើន​ជាង​ឆ្នាំ​២០១០

2012-01-12

មន្ត្រី​ថ្នាក់​ដឹកនាំ​ខេត្ត​ក្រចេះ មាន​មោទនភាព​ចំពោះ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​ទៅ​ទស្សនា​មូលដ្ឋាន​​នេះ​​មាន​អត្រា​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០១១។

RFA/Den Ayuthyea

១១-មករា-២០១២៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទៅ​តំបន់​ផ្សោត​កាំពី នា​ស្រុក​ចិត្តបុរី ខេត្ត​ក្រចេះ។

លោក រ៉ុន ភារ៉ា ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ។ លោក​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​កើន​​ដោយសារ​​ខេត្ត​នេះ​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​សម្បូរ​បែប ព្រមទាំង​ផ្លូវ​ធ្វើ​ដំណើរ​​ងាយ​ស្រួល។

​ខេត្ត​ក្រចេះ​មាន​រមណីយដ្ឋាន​ធម្មជាតិ រមណីយដ្ឋាន​កែច្នៃ និង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​សរុប​ចំនួន ១៦​កន្លែង ផ្ដល់​ជូន​​​ភ្ញៀវ​ទេសចរ​ទស្សនា។ ប៉ុន្តែ​លោក រ៉ុន ភារ៉ា បញ្ជាក់​ថា ក្នុង​ចំណោម​រមណីយដ្ឋាន​ទាំង​១៦ គឺ​មាន​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំពី រមណីយដ្ឋាន​ភ្នំ​សុពណ៌​កាឡី រមណីយដ្ឋាន​វិហារ​សសរ​១០០ រមណីយដ្ឋាន​ភ្នំ​សំបុក និង​តំបន់​ទេសចរណ៍​សហគមន៍​កោះ​ទ្រង់ ដែល​ភ្ញៀវ​និយម​ចូល​ទស្សនា​ច្រើន​ជាង​គេ។

លោក រ៉ុន ភារ៉ា បន្ថែម៖ «ចំនួន ៧០% នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​គាត់​ចូល​មក​ទស្សនា​ខេត្ត​ក្រចេះ ហើយ​ទន្ទឹម​នឹង​នោះ គាត់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​តំបន់​សហគមន៍​ទេសចរណ៍ នៅ​សហគមន៍​ទេសចរណ៍​កោះ​ទ្រង់ សហគមន៍​ទេសចរណ៍​កោះ​ផ្តៅ សហគមន៍​ទេសចរណ៍​កាំពី និង​សហគមន៍​ទេសចរណ៍​រកាកណ្តាល​ជាដើម។ ហើយ​សហគមន៍​ដែល​មាន​ដំណើរ​ការ​មក​ដល់​បច្ចុប្បន្ន ហើយ​ដែល​មាន​ភ្ញៀវ​និយម​ចូល​ទៅ​ទស្សនា​ច្រើន​ជាង​គេ គឺ​សហគមន៍​ទេសចរណ៍​កោះ​ទ្រង់ និង​កោះ​ផ្ដៅ»

ក្រៅ​ពី​នេះ ខេត្ត​ក្រចេះ ក៏​មាន​រមណីយដ្ឋាន​ច្រើន​ទៀត​រង់ចាំ​បម្រើ​សេចក្ដី​ត្រូវ​ការ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​មក​ដល់​មូលដ្ឋាន​នេះ ដូច​ជា​ជិះ​ទូក​កម្សាន្ត​តាម​ទន្លេ ឬ​ចុះ​មើល​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍​ជាដើម។

ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នៅ​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា តាម​ការ​កត់​សម្គាល់​ចាប់​ពី​ដើម​ឆ្នាំ​២០១១ ពិសេស​មក​ដល់​ដើម​ឆ្នាំ​​២០១២ នេះ ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​មក​រក​សេវា​ស្នាក់​នៅ​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

ទាក់ទង​បញ្ហា​នេះ លោក ខាំ ភឿន ជា​អភិបាល​ខេត្ត​ក្រចេះ។ លោក​មាន​មោទនភាព​ថា កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា ខេត្ត​ក្រចេះ នឹង​កើន​ចំនួន​ថែម​ទៀត​នា​បំណាច់​ឆ្នាំ​២០១២ ព្រោះ​​ថ្នាក់ដឹកនាំ​ខេត្ត​កំពុង​ជំរុញ​ឲ្យ​មូលដ្ឋាន​នេះ​ប្រែ​មុខ​មាត់​ថ្មី។

លោក​ថា បច្ចុប្បន្ន​ទាំង​សេវា​ស្នាក់​នៅ និង​សេវា​ហូប​ចុក ពិសេស​រមណីយដ្ឋាន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ គឺ​មាន​លក្ខណៈ​សំបូរ​បែប ដែល​ខុស​ប្លែក​ពី​ពេល​មុន។

លោក ខាំ ភឿន៖ «ក្រុង​ក្រចេះ​កំពុង​តែ​កែ​លំអ ហើយ​អ្នក​ទេសចរ​អាច​ផ្ដិត​យក​រូប​ភាព​ថ្ងៃ​លិច​ពេល​ល្ងាច ដោយ​ថត​យក​រូបភាព​ល្អៗ​នា​ទីក្រុង​ក្រចេះ។ មើល​ផ្សោត​នៅ​កាំពី ដែល​មាន​តែ​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ការ​ទាក់ទាញ​ខ្ពស់​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ។ ទៅ​មើល​ជីវភាព​រស់​នៅ​របស់​អ្នក​ស្រុក ជា​ពិសេស​ខេត្ត​ក្រចេះ មាន​ការ​ទាក់​ទាញ​ច្រើន​ពី​រស់​ជាតិ​ក្រូច​ថ្លុង និង​ក្រឡាន ដែល​មាន​រស់​ជាតិ​ឆ្ងាញ់»

លោក​ថា នៅ​ខេត្ត​ក្រចេះ​មាន​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ប្រមាណ ៤០​កន្លែង និង​មាន​ភោជនីយដ្ឋាន​ច្រើន​ទៀត រង់ចាំ​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​មិន​ឲ្យ​ខក​បំណង​ទេ។

អ្នក​ទេសចរណ៍​សំខាន់​ចំនួន ១០​ប្រទេស ដែល​ចូល​ទស្សនា​ខេត្ត​ក្រចេះ នាំ​មុខ រួម​មាន ប្រទេស​បារាំង (French) ចិន (China) អង់គ្លេស (England) វៀតណាម (Vietnam) អាល្លឺម៉ង់ (Germany) អូស្ត្រាលី (Australia) ហូល្លង់ដ៍ (Netherlands) សហរដ្ឋ​អាមេរិក (Unites Stated) ស្វីស (Switzerland) និង កាណាដា (Canada)។

មន្ត្រី​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១១ ខេត្ត​ក្រចេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ជិត ១​សែន​៥​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​២០១០ គឺ​កើន​ជាង ១​ម៉ឺន​៧​ពាន់​នាក់។ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ ទទួល​បាន​ជាង ១​ម៉ឺន​៧​ពាន់​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​២០១០ កើន​ឡើង​ជាង ៣​ពាន់​៥​រយ​នាក់។ ក្នុង​នោះ​ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប​មាន​ជិត ១​ម៉ឺន​នាក់ មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​ជាង ៦​ពាន់​នាក់ មក​ពី​តំបន់​អាមេរិក​មាន​ជាង ១​ពាន់​២​រយ​នាក់ និង​មក​ពី​ទ្វីប​ដទៃ​មាន​ជិត ២០០​នាក់៕

អ្នក​អាន​អនាមិក :

Jan 13, 2012 09:18 PM

ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

សំណង់​ទំនប់​វារីអគ្គិសនី​កំចាយ​ប៉ះពាល់​ដល់​រមណីយដ្ឋាន​ទឹក​ឈូ

យុទ្ធសាស្ត្រ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន

ប្រតិកម្ម​ជំទាស់​ចំពោះ​​គម្រោងសាង​​សង់​ប្រាសាទ​ចំលង​តាម​អង្គរវត្ត​កម្ពុជា

កម្ពុជា​ត្រៀម​ទាក់ទាញ​ទេសចរ​ពី​តំបន់​អាស៊ាន

ពលរដ្ឋ​នៅ​សៀមរាប​បាន​ផល​តិចតួច​ពី​វិស័យ​ទេសចរណ៍

សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​នៅ​កោះកុង

សេវា​ទេសចរណ៍​នៅ​ក្រចេះ​ឡើង​ថ្លៃ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ថៃ​មក​រក​ស៊ី​អត់​ច្បាប់​អនុញ្ញាត​នៅ​តាតៃ

យុទ្ធសាស្ត្រ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org