សេចក្ដីប្រកាសចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ របស់សាលាក្រុងភ្នំពេញ បានបញ្ជាក់ថា ដើម្បីបញ្ចៀសឧបទ្ទវហេតុផ្សេងៗ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ម្ចាស់យានយន្តដឹកទំនិញប្រេងឥន្ធនៈ ឧស្ម័នចំហេះ និងរថយន្តធុនធ្ងន់គ្រប់ប្រភេទ អាចធ្វើចរាចរណ៍បានតែចន្លោះម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹកទេ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១២។
បន្ថែមលើនេះ លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បម្រាមមិនឲ្យរថយន្តដឹកទំនិញប្រេងឥន្ធនៈ និងរថយន្តធំៗគ្រប់ប្រភេទ មិនឲ្យបើកបរក្នុងក្រុងមានរយៈពេលត្រឹម ៥ថ្ងៃទេ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដល់ភ្ញៀវចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ ដូច្នេះលោកស្នើឲ្យពលរដ្ឋចូលរួមអនុវត្ត និងយោគយល់ខ្ពស់។
សេចក្ដីជូនដំណឹងរបស់សាលារាជធានី បានជំរុញឲ្យសមត្ថកិច្ចស្នងការនគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពិសេសសមត្ថកិច្ចតាមខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញ ចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
