មនុស្ស​២​នាក់​ត្រូវ​តុលាការ​កាត់​ទោស​ពី​បទ​ទាក់ទង​នឹង​ចលនា​មហា​នគរ

ចំណែកឯ​រឿង​ចោទប្រកាន់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ពោធិ៍សាត់​ថា បាន​ចូលរួម​ដៃ​ក្នុង​ចលនា​មហានគរ ដើម្បី​ច្បាំង​ទាមទារ​យក​ទឹកដី​ខ្មែរ​ពី​ថៃ​និង​យៀកណាម ហើយ​និង​ទឹកដី​អតីត​រាជាណាចក្រ​ចម្ប៉ា​មក​វិញ​នោះ តុលាការ​ខេត្ត​បាន​បើក​សវនាការ​កាត់​សេចក្តី លើ​បុរស​៤​នាក់ ជាប់ចោទ​ក្នុង​រឿង​ដែល​អាជ្ញាធរ​ចោទ​ថា នាំ​គ្នា​ឃុបឃិត​បង្កើត​ចលនា​កម្លាំង​ប្រដាប់​អាវុធ​នេះ ។

យោងតាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​សវនាការ​ដ៏​ឆាប់​បំផុត កាលពី​ថ្ងៃ​អង្គារ ១៥ កក្កដា ចៅក្រម​តុលាការ​ខេត្ត​ពោធិ៍សាត់ គឺ​លោក ប៉ុល យន បាន​សម្រេច​ឲ្យ​ជនជាតិ​ចាម​ឈ្មោះ នី កុសល និង ទុល ម៉ាន រួចខ្លួន​ពី​ការចោទ​និង​ទោស​កំហុស​ផ្សេង​ៗ ដោយ​ហេតុ​ថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ។ ចំណែកឯ បុរស​ឈ្មោះ ច័ន្ទ តារា ហៅ វាសនា ដែល​ថា​គេ​ថា​ជា​មេខ្លោង​និង​បុរស​ឈ្មោះ ថាប់ ថេ ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ ។

ទៅជា​យ៉ាងណា​ក៏​ដោយ មេធាវី​ការពារ​ជន​ជាប់ចោទ​ទាំងអស់ និង​តំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ដែល​តាមដាន​រឿង​នេះ សុទ្ធតែ​និយាយ​ថា ការវិនិច្ឆ័យ​ក្តី​រឿង​នេះ មាន​សម្ពាធ​ឬ​មាន​ការភ័យ​ខ្លាច​ពី​អ្នកនយោបាយ​កាន់​អំណាច ៕