ឧកញ៉ា គិត ម៉េង កំពុង​រក​ទុន ២​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​អភិវឌ្ឍ​កោះរុង

កាសែត Financial Times ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ១៧ សីហា ថា ក្រុមហ៊ុន Royal Group របស់​ឧកញ៉ា គិត ម៉េង កំពុង​រក​ទុន ២​ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ក្រុមហ៊ុន​ក្រុង​ហុងកុង​មួយ ឈ្មោះ Millennium Group ពី​វិនិយោគិន​ដទៃ​ទៀត ដើម្បី​អភិវឌ្ឍ​កោះរុង ឲ្យ​ល្អ​ស្រស់​លើស​ក្រុង​កែប​បី​ដង​ទៅ​ទៀត។

ឧកញ៉ា គិត ម៉េង មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដូចជា ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ូប៊ីតែល ទូរទស្សន៍ ស៊ីធីអិន ធនាគារ ANZ សណ្ឋាគារ​កាបូឌីយ៉ាណា កាស៊ីណូ ក្រុមហ៊ុន​ធានា​រ៉ាប់រង Infinity Insurance Companyជាដើម។

យោង​តាម​ទស្សនាវដ្តី អេស្យា​ថែមស៍ (Asia Times) ក្រុមហ៊ុន Royal Group មាន​ទាក់ទង​នឹង​ការទិញ​យក​មន្ទីរពេទ្យ ព្រះ​មុនីវង្ស និង​សាល​មហោស្រប​ទន្លេ​បាសាក់ ដោយ​ផ្តល់​ប្រាក់​ឲ្យ​សិល្បករ សិល្បការិនី ម្នាក់ៗ ៣០០​ដុល្លារ​ឲ្យ​ដើរ​ចេញ​ពី​ទីនោះ ដែល​ដី​មាន​តម្លៃ​ដល់​ទៅ ១​ពាន់​ដុល្លារ ក្នុង​១​ម៉ែត្រ​ការ៉េ៕