UNDP​ចែកចាយ​សៀវភៅ​ស្ដីពី​ជំងឺ​អេដស៍​ដល់​តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធ​សភា

ប្រទេស​កម្ពុជា​កំពុង​តែ​ប្រឹង​ប្រែង​កាត់​បន្ថយ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ តាម​វិធី​ច្រើន​យ៉ាង រាប់​ទាំង​តាម​រយៈ​អ្នក​តំណាង​រាស្ត្រ​ផង។

កម្មវិធី​អភិវឌ្ឍន៍​របស់​អ.ស.ប. (UNDP) ប្រចាំ​ប្រទេស​កម្ពុជា បាន​ចែកចាយ​សៀវភៅ​ស្ដី​អំពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ដោយ​មិន​យក​កម្រៃ​អ្វី​ឡើយ ដល់​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់ ដើម្បី​ឲ្យ​ជួយ​បង្កើន​ការ​យល់​ដឹង​និង​អប់រំ បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ក្រុង​នានា នៅ​ក្នុង​មណ្ឌល​របស់​ខ្លួន។

ការ​ធ្វើ​ដូច្នេះ នៅ​គ្រា​ដែល​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​តែ​កំពុង​ចោទ​ជា​ការ​គំរាម​នៅ​ឡើយ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ការ​រើសអើង​នៅ​ក្នុង​សង្គម។

តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក ទ្បុង រី មណ្ឌល​ខេត្ត​ក្រចេះ ដែល​បាន​ទទួល​សៀវភៅ​នេះ​ជាង​មួយ​សប្ដាហ៍​មក​ហើយ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដក​ស្រង់​ខ្លឹមសារ​ពី​សៀវភៅ​នេះ​ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​អំពី​វិធី​បង្ការ និង​ចៀស​វាង​ការ​រើសអើង​អ្នក​កើត​ជំងឺ​អេដស៍​នៅ​មូលដ្ឋាន។

លោក ទ្បុង រី បាន​បញ្ជាក់​ថា ៖ «មាន​ការ​សាទរ​ចូលរួម​ចំណែក ប្រតិបត្តិ​ស្ដាប់​តាម​ការ​ណែនាំ​របស់​សៀវភៅ ឲ្យ​យក​ចិត្ត​ទុក​ដាក់ ពីព្រោះ​ជំងឺ​នេះ​វា​ជា​ជំងឺ​មួយ​កាច​សាហាវ ហើយ​រាតត្បាត​ច្រើន​ណាស់​នៅ​ប្រទេស​ដែល​កំពុង​តែ​ទន់​ខ្សោយ។ នៅ​ក្នុង​សៀវភៅ​នេះ​គេ​បាន​ណែនាំ ជា​ពិសេស​ខ្ញុំ​បាន​ចុច​យក​ចំណុច​សំខាន់​ទាក់ទង​ទៅ​នឹង​ការ​បង្ការ​និង​ការ​ទប់​ស្កាត់ ហើយ​ចំណុច​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​ការ​រើសអើង»

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ស្រី ហូ ណូន មណ្ឌល​ខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​ថា ៖ «គណៈកម្មការ​ទី​៨ របស់​រដ្ឋ​សភា​បាន​ចុះ​ទៅ​ដល់ មិន​មែន​តែ​ក្នុង​មណ្ឌល​នៅ​ក្នុង​ខេត្ត​កណ្ដាល​នេះ​ទេ ចុះ​ទៅ​ផ្សព្វផ្សាយ​ដល់​ចុងកាត់មាត់ញក ទៅ​ដល់​បណ្ដា​ខេត្ត​ផ្សេងៗ ច្រើន​ខេត្ត​ណាស់។ ថ្មីៗ​មក​នេះ​បាន​ចុះ​ទៅ​ស្រុក​រុក្ខ​គិរី នៅ​ខេត្ត​បាត់ដំបង ដែល​ជា​ស្រុក​បង្កើត​ថ្មី នៅ​ដាច់​ស្រយាល​នោះ​ណា៎​!»

ទាក់ទង​នឹង​ការ​ចូល​រួម​ពី​តំណាង​រាស្ត្រ​នានា​ក្នុង​ការ​អប់រំ និង​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍ លោក ហោ ប៊ុនទ្បេង ជា​អគ្គ​លេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​សម្ដែង​ការ​ស្វាគមន៍​ថា ៖ «ជោគជ័យ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ហ្នឹង គឺ​ដោយសារ​ការ​ចូលរួម​របស់​គាត់​ខ្លាំង​ណាស់។ សំខាន់​បំផុត​គឺ​គាត់​មិន​ត្រឹម​តែ​ចេញ​អនុម័ត​ច្បាប់​ពេទ្យ​របស់​យើង​កាល​ពី​ឆ្នាំ​២០០២ ប៉ុណ្ណោះ​ទេ ហើយ​ចាប់​ពី​ច្បាប់​ហ្នឹង​មក គឺ​តំណាង​រាស្ត្រ​ទាំង​អស់ ជា​ពិសេស​ខាង​គណៈកម្មការ​ទី​៨ លោក​តែងតែ​ជួយ​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ច្បាប់​ហ្នឹង​ទៅ​ទៀត ហើយ​និង​តាមដាន​ការ​អនុវត្ត​ជាមួយ​អាជ្ញាធរ គឺ​ជា​ចំណុច​ការ​គាំទ្រ​កម្រិត​ខ្ពស់​មួយ​ខាង​នយោបាយ»

ឯកសារ​សៀវភៅ​តំណាង​រាស្ត្រ​ស្ដីពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា អ្នក​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ក្នុង​ឆ្នាំ​២០០៨ បាន​ថយ​ចុះ​មក​អត្រា ០,៩% និង​គេ​បាន​រំពឹង​ទុក​ថា អត្រា​នេះ​នឹង​ថយ​ចុះ​ជា​បន្ត​ទៀត។

អង្គការ UNDP បាន​បោះ​ពុម្ព​សៀវភៅ​ចំនួន ៥០០​ក្បាល​ជា​ភាសា​ខ្មែរ និង ១៥០​ក្បាល​ជា​ភាសា​អង់គ្លេស កាល​ពី​ខែ​មករា ឆ្នាំ​២០១០ ដើម្បី​ចែក​ជូន​តំណាង​រាស្ត្រ​ចំនួន ១២៣​នាក់ និង​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ៦២​នាក់ អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ បណ្ណាគារ ព្រមទាំង​មន្ត្រី​ការទូត​បរទេស​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​ជំនាញការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ និង​តំណាង​រាស្ត្រ ចង់​ឲ្យ​មាន​ការ​បោះពុម្ព​សៀវភៅ​នេះ​បន្ថែម​ទៀត ដើម្បី​ចែក​ជូន​ដល់​ព្រះ​សង្ឃ មេ​ដឹក​នាំ​សាសនា​អ៊ិស្លាម និង​ក្រុម​យុវជន​នៅ​កម្ពុជា សម្រាប់​ការ​អប់រំ។

ប្រទេស​កម្ពុជា​មាន​ច្បាប់​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជាតិ កាល​ពី​ឆ្នាំ​២០០២​កន្លង​ទៅ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​និង​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍៕