ចំណែកអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា យល់ឃើញថា គេពិបាកជឿចំពោះការស៊ើបអង្កេតថា អាចមានលទ្ធផលណាស់ ហើយប្រសិនបើការបាត់ខ្លួននេះមានជាប់ទាក់ទិននឹងរឿងនយោបាយនោះរឹតតែពិបាករកឲ្យទៅទៀត។
ក្លឹបអ្នកកាសែតអន្តរជាតិដែលមានឈ្មោះថា អេហ្វ.ស៊ី.ស៊ី.ធី (FCCT) បានដាក់ការសង្ស័យថា អ្នកកាសែតបរទេស និងជាអ្នកផលិតខ្សែភាពយន្តឯកសារដែលបានបាត់ខ្លួនដោយមិនដឹងពីមូលហេតុកាលពីថ្ងៃទី១៤ កុម្ភៈ កន្លងទៅនេះ អាចជាប់ពាក់ព័ន្ធនឹងការងារស៊ើបអង្កេតរបស់ខ្លួនអំពីរបបខ្មែរក្រហម ហើយការស៊ើបអង្កេតនោះ អាចមានជាប់សង្ស័យនឹងមន្ត្រីក្នុងបក្សកាន់អំណាច។
ភ្ជាប់នឹងបញ្ហានេះ ស្នងការនគរបាលខេត្តសៀមរាប លោក សត ណាឌី ឲ្យដឹងនៅថ្ងៃទី១ ខែមីនា ថា មន្ត្រីជំនាញនៅមិនទាន់រកមុខសញ្ញា និងមូលហេតុនៃការបាត់ខ្លួនអ្នកកាសែតនេះឃើញនៅឡើយទេ។ លោកបន្តថា ទោះជាយ៉ាងណានគរបាលនឹងបន្តការស្រាវជ្រាវរបស់ខ្លួនបន្តទៀត។
គិតមកដល់ពេលនេះ មានរយៈពេល ២សប្ដាហ៍មកហើយ ចាប់តាំងពីការបាត់ខ្លួនកាលពីថ្ងៃទី១៤ កុម្ភៈ នៅខេត្តសៀមរាប។ លោក ដេវីដ វ៉កឃើ (David Walker) ជាជនជាតិកាណាដា ហើយក៏ជាផលិតករផ្នែកខ្សែភាពយន្ត។
កាលពីថ្ងៃអង្គារ ទី២៥ កុម្ភៈ ក្លឹបអ្នកកាសែតអាស៊ីអាគ្នេយ៍ បានចេញលិខិតចំហរបស់ខ្លួនដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យនគរបាលក្នុងតំបន់ និងកងកម្លាំងយោធា បើកការស៊ើបអង្កេតមួយដ៏ម៉ត់ចត់ និងត្រូវប្រាកដថា ការស៊ើបអង្កេតនោះ ត្រូវធ្វើដោយអស់ពីចិត្តពីថ្លើម។
លើសពីនេះ ក្លឹបអ្នកឆ្លើយឆ្លងអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសថៃ អេហ្វ.ស៊ី.ស៊ី.ធី វិញ បង្ហាញការព្រួយបារម្ភ និងដាក់ការសង្ស័យថា ការបាត់ខ្លួនលោក ដេវីដ វ៉កឃើ នេះ ទំនងមានជាប់ពាក់ព័ន្ធនឹងការងាររបស់លោកដែលធ្លាប់បានស៊ើបអង្កេតពីរបបខ្មែរក្រហម។ហើយជាពិសេស ការស៊ើបអង្កេតរបស់លោកនេះ មានជាប់ទាក់ទងនឹងមន្ត្រីគណបក្សកំពុងកាន់អំណាចបច្ចុប្បន្ន ហើយធ្លាប់មានសកម្មភាពនយោបាយកាលពីអំឡុងទសវត្សរ៍ឆ្នាំ៧០ ផង។
លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬហៅថា ស៊ី. ស៊ី.អាយ.អឹម (CCIM) អះអាងថា អំពើនិទ្ទណ្ឌភាព ឬ ភាពគ្មានទោសពៃ ចំពោះអ្នកប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងអ្នកការពារសិទ្ធិមនុស្ស និងអ្នកកាសែត នៅបន្តរស់ក្រៅសំណាញ់ច្បាប់នៅឡើយ ហើយជីវិតអ្នកតស៊ូមតិ និងអ្នកសារព័ត៌មាននៅតែមានភាពផុយស្រួយក្នុងដំណាក់កាលចុងក្រោយនេះ។
លោកបន្តថា គេហាក់ពុំមានជំនឿសោះឡើយថា ការស៊ើបអង្កេតអាចនាំអ្នកប្រព្រឹត្តបទល្មើសយកមកផ្ដន្ទាទោសបាន ជាពិសេសបើសំណុំរឿងនេះ ពាក់ព័ន្ធនឹងរឿងនយោបាយទៀតនោះ។
មានអ្នកកាសែតកម្ពុជា មិនតិចជាង ១០នាក់មកហើយ ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់ ហើយសមត្ថកិច្ចនៅមិនទាន់រកឃើញអ្នកប្រព្រឹត្តបទល្មើស និងអ្នកនៅពីក្រោយខ្នងមកផ្ដន្ទាទោសនៅឡើយទេ។
លោក ប៉ា ងួនទៀត ចាត់ទុកថា មានរឿងពីរដាច់ដោយឡែកពីគ្នាសម្រាប់ទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា។ បរិបថទីមួយបើរឿងនោះ ជាចំណុចរសើបរបស់រដ្ឋាភិបាល គេសង្កេតឃើញថា ចំណាត់ការដ៏លឿនដូចផ្លេកបន្ទោរ នឹងអាចវែកមុខសញ្ញាអ្នកប្រព្រឹត្តបទល្មើសបានភ្លាមៗ តួយ៉ាងដូចសំណុំរឿងរបស់លោក ហេង ពៅ និងលោក លី រ៉ាស៊ី ជាដើម។
ក៏ប៉ុន្តែបើវិវាទ ឬសំណុំរឿងជាប់ពាក់ព័ន្ធនឹងសកម្មជនការពារសិទ្ធិមនុស្ស ឬអ្នកកាសែត និងសកម្មជនដីធ្លី ឆន្ទៈក្នុងការស៊ើបអង្កេតនឹងពុំអាចទៅរួចឡើយ ទោះជាចំណាយពេលវេលា នៃការស៊ើបអង្កេតនោះយូរយ៉ាងក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
