អាជ្ញាធរ​កោះ​ហៅ​គ្រួសារ​កម្មករ​ដែល​រង​ការ​បាញ់​សម្លាប់​មក​សាកសួរ

អាជ្ញាធរ​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ នៅ​ថៃ្ង​អង្គារ ២០ តុលា​នេះ បាន​កោះ​ហៅ​ក្រុម​គ្រួសារ សាច់ញាតិ​របស់​សព​កម្មករ​ម្នាក់ ដែល​រង​ការ​បាញ់​សម្លាប់​ដោយ​មន្ត្រី​ប្រដាប់​អាវុធ​នៃ​កង​អន្តរាគមន៍​កាល​ពី​យប់​ថៃ្ង​១៨ តុលា ដើម្បី​សាក​សួរ​ជុំវិញ​ហេតុការណ៍​នៃ​ការ​បាញ់​ប្រហារ​នោះ។

0:00 / 0:00

លោក ប៊ុត វីរៈ អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សំណង់​និង​ជា​បង​ប្រុស​បង្កើត​របស់​សព​កម្មករ​ឈ្មោះ ប៊ុត សារឿន អាយុ​៣៥​ឆ្នាំ ដែល​រង​ការ​បាញ់​សម្លាប់​នោះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា រូប​លោក​និង​សាក្សី​ចំនួន​៣​នាក់​ទៀត ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​ឯ​កងរាជអាវុធហត្ថ​ក្រុង​ភ្នំពេញ នៅ​ថៃ្ង​អង្គារ ទី​២០ ខែ​តុលា។

លោក ប៊ុត វីរៈ បាន​ប្រាប់​ដូច្នេះ ៖ «ឥឡូវ​នេះ​ប៉េអឹម​ក្រុង​គាត់​ជួយ​ដោះស្រាយ ខ្ញុំ​សង្ឃឹម​ថា ១០០%​គាត់​ជួយ​ខ្ញុំ តែ​ទៅ​ថ្ងៃ​មុខ​ទៀត​យ៉ាងម៉េច​ខ្ញុំ​មិន​អាច​ដឹង​បាន​ទេ»

នៅ​មិន​ទាន់​មាន​លទ្ធផល​ពី​ការ​សាកសួរ​ចម្លើយ​ខាង​លើ​នេះ​នៅ​ទ្បើយ​ទេ នៅ​គ្រា​ដែល​សាក្សី​និង​សាច់ញាតិ​ជន​រង​គ្រោះ កំពុង​តែ​រង់ចាំ​ចូល​បំភ្លឺ​នៅ​ល្ងាច​ថៃ្ង​អង្គារ ២០ តុលា​នេះ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​នៃ​ការ​បាញ់​សម្លាប់​កម្មករ​សំណង់​ឈ្មោះ ប៊ុត សារឿន គេ​បាន​ដឹង​អត្តសញ្ញាណ​ហើយ គឺ​ជា​កង​កម្លាំង​នៃ​អគ្គនាយកដ្ឋាន​កង​អន្តរាគមន៍​នៃ​ក្រសួង​មហាផៃ្ទ។

លោក ជួប សុខហេង ជា​មន្រ្តី​នគរបាល​នៃ​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ ដែល​បាន​តាម​ដាន​ហេតុការណ៍​នៃ​ការ​បាញ់​ប្រហារ​នោះ បាន​មាន​ប្រសាសន៍​ដូច​ជា​មិន​សូវ​អើពើ​អំពី​មូលហេតុ​នៃ​ការ​បាញ់​នោះ​ថា ការ​បើក​ការ​ស៊ើប​អង្កេត ឬ​ចាប់​ខ្លួន​ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នោះ គឺ​ជា​សមត្ថកិច្ច​ថ្នាក់​លើ។

លោក ជួប សុខហេង មាន​ប្រសាសន៍​ដូច្នេះ ៖ «វា​រាល​កៃ​ហើយ ពីព្រោះ​កម្មករ​ពីរ​ក្រុម​ឈ្លោះ​គ្នា មួយ​ក្រុម​២០ មួយ​ក្រុម​៣០​នាក់។ នេះ​យើង​ប្រតិបត្តិការ​ក្នុង​នាម​ចុះ​បំបែក​ក្រុម​ឈ្លោះ​គ្នា។ ផ្ទុះ​ឡើង​លើ វា​មិន​ឡើង​លើ វា​ទន់​ដៃ កាណុង​មក​ក្រោម បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់»

លោក អំ សំអាត ជា​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​លីកាដូ ដែល​កំពុង​តែ​តាម​ដាន​ករណី​ឃាតកម្ម​នេះ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ ឬ​ជន​ដៃ​ដល់​ក្នុង​រឿង​ឃាតកម្ម​នេះ​ត្រូវ​តែ​ផ្តន្ទាទោស បើ​មិន​ដូច្នោះ​ទេ ករណី​និទណ្ឌភាព​នៅ​តែ​បន្ត។

លោក អំ សំអាត មាន​ប្រសាសន៍​ថា ៖ «រឿង​នេះ​យើង​កំពុង​តែ​ធ្វើការ​ស៊ើប​អង្កេត ហើយ​និង​មាន​គម្រោង​ធ្វើ​អន្តរាគមន៍​ដើម្បី​រក​ជន​ដៃ​ដល់​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ»

កាល​ពី​ល្ងាច​ថៃ្ង​អាទិត្យ ទី​១៨ ខែ​តុលា ថ្មីៗ​នេះ មាន​ក្រុម​កម្មករ​សំណង់​មួយ​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់​បាន​ស៊ី​ផឹក​ស្រវឹង ហើយ​មាន​ជម្លោះ​ក្នុង​ការ​ចែក​លុយ​គ្នា។ ក្រោយ​មក​នៅ​វេលា​ម៉ោង​៨​យប់ មេ​ភូមិ​ត្រពាំង​ថ្លឹង ឈ្មោះ ជ័យ សុខម បាន​ហៅ​ក្រុម​នគរបាល​អន្តរាគមន៍​ជា​ច្រើន​នាក់ មក​ជួយ​ដោះស្រាយ​បង្ក្រាប​ជម្លោះ ប៉ុន្តែ​កង​អន្តរាគមន៍​ម្នាក់​បាន​បើក​ការ​បាញ់​រះ ហើយ​គ្រាប់​កាំភ្លើង​ក៏​បាន​មក​ប៉ះ​ចំ​កម្មករ​សំណង់ ឈ្មោះ ប៊ុត សារឿន អាយុ​៣៥​ឆ្នាំ ធ្លាយ​បំពង់​ក​ស្លាប់​ភ្លាមៗ នៅ​ខណៈ​ដែល​លោក​កំពុង​តែ​ឈរ​និយាយ​លេង​នៅ​ខាង​មុខ​ផ្ទះ​របស់​បង​ប្រុស​របស់​លោក នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ។ ហើយ​នៅ​គ្រា​នោះ​ដែរ ក្រុម​គ្រួសារ ឬ​សាច់ញាតិ​របស់​លោក​ដែល​បាន​មាន​ជីវិត បាន​រង​ការ​ចាប់​វាយ​ដំ​ដោយ​ក្រុម​កម្លាំង​អន្តរាគមន៍​នៅ​ក្នុង​ការ​បង្រ្កាប​នោះ៕