មន្ត្រី​សិទ្ធិ​មនុស្ស​សុំ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ករណី​បុរស​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ទាមទារ​ឲ្យ​តុលាការ​និង​សមត្ថកិច្ច​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លើ​ករណី​បុរស​ម្នាក់​នៅ​ព្រះវិហារ ដែល​អះអាង​ថា រូប​គាត់​ត្រូវ​ប៉ូលិស​ការពារ​ក្រុមហ៊ុន​ចិន​បាញ់​ឲ្យ​រង​របួស​ជើង​ធ្ងន់ធ្ងរ។

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ទាមទារ​ឲ្យ​មន្ត្រី​តុលាការ​និង​សមត្ថកិច្ច​ប៉ូលិស​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ឲ្យ​​ច្បាស់​លាស់​ទៅ​លើ​ករណី​បុរស​អ្នក​ភូមិ​ត្រពាំងទទឹម ឃុំ​រមទម ស្រុក​រវៀង ម្នាក់​បាន​រង​របួស​ជើង​ធ្ងន់ធ្ងរ ដែល​ជន​រងគ្រោះ​អះអាង​ថា គេ​ត្រូវ​បាន​ប៉ូលិស​ការពារ​ក្រុមហ៊ុន​ចិន​រែង​រ៉ែ​មាស បាញ់​រះ​បណ្ដាល​ឲ្យ​រង​របួស​ ប៉ុន្តែ​ត្រូវ​បាន​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះវិហារ បដិសេធ​​ថា មិន​មាន​ការ​បាញ់​ណា​មួយ​ទេ​នោះ។

លោក ប្រាក់ សារ៉ាន់ អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែ​មីនា ថា ក្រុម​ការងារ​របស់​លោក​បាន​ចុះ​ធ្វើការ​ស៊ើប​អង្កេត​នៅ​ឃុំ​រមទម ដោយ​រក​ឃើញ​បុរស​ឈ្មោះ ឈួ ហឿង អាយុ​ ៤២​ឆ្នាំ បាន​រង​របួស​ជើង​ដូច​ជា​ត្រូវ​គ្រាប់​កាំ​ភ្លើង។ សកម្មជន​សិទ្ធិ​មនុស្ស​ដដែល​បាន​មាន​ប្រសាសន៍​ថា តាម​ការ​សាក​សួរ​អ្នក​ជិត​ខាង​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ត្រូវ​គ្រាប់​កាំភ្លើង​​​ដោយសារ​ប៉ូលិស​ការពារ​ក្រុមហ៊ុន​ចិន​រែង​រ៉ែ​មាស នៅ​តំបន់​ភ្នំ​លុង បាញ់​រះ បន្ទាប់​ពី​អ្នក​ភូមិ​ស្រី​ប្រុស​ជាង ៤០​នាក់​បាន​នាំ​គ្នា​​ចូល​ទៅ​ក្បែរ​ការដ្ឋាន​ក្រុមហ៊ុន​ចិន​ពេល​យប់ ដើម្បី​សុំ​កើប​អាចម៍​ដី​ដែល​ក្រុមហ៊ុន​រែង​រួច​ហើយ​នោះ​មក​រែង​រក​​មាស​ដែល​សេស​សល់​ខ្លះៗ។ អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លាស់។

លោក ប្រាក់ សារ៉ាន់ មាន​ប្រសាសន៍​ដូច្នេះ ៖ «សមាគម​អាដហុក បាន​ចុះ​ដល់​ផ្ទះ​អ្នក​រង​របួស​នោះ ពិនិត្យ​ឃើញ​ថា ជើង​ខាង​ស្កាំ​ក្រោម​កំភួន​ជើង​​ហ្នឹង មុខ​របួស​ដូច​មុខ​គ្រាប់​ត្រូវ​អ៊ីចឹង ពីព្រោះ​វា​ធ្លាយ​ប៉ុន​មេ​ដៃ។ អ្នក​ជិត​ខាង​គេ​បំភ្លឺ​ថា គេ​បាន​ដឹង​ថា ត្រូវ​គេ​បាញ់​របួស​តែ​គេ​មិន​ហ៊ាន​ផ្ដិត​មេ​ដៃ​យើង។ ឥឡូវ​យើង​អះអាង​តាម​សម្ដី​ប្រជាជន យើង​ក៏​អត់​បាន​ឃើញ​ដែរ យើង​ថត​បាន​ទាំង​របួស​ជើង​ទៀត។គាត់​ថា ប៉ូលិស​អត់​បាន​បាញ់​អា​ហ្នឹង​យើង​អត់​ដឹង​ទេ។ សូម​ឲ្យ​តុលាការ​ក៏ដោយ ប៉ូលិស​ក៏ដោយ ស៊ើប​អង្កេត​ទៅ​ថា តើ​របួស​ហ្នឹង​ស្នាម​អី?»

លោក សោ សាវុធ ប្រធាន​តុលាការ​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ករណី​ដែល​ថា បុរស​ម្នាក់​រង​របួស​នោះ គឺ​ជា​មួយ​គ្នា​នឹង​ករណី​បុរស​ម្នាក់​ទៀត​ដែល​ប៉ូលិស​បាន​ចាប់​ខ្លួន​បញ្ជូន​មក​តុលាការ​ ពាក់ព័ន្ធ​នឹង​ក្រុម​ប្រជាពលរដ្ឋ​មួយ​ក្រុម​បាន​លើក​គ្នា​ចូល​ទៅ​ការដ្ឋាន​ក្រុម​ហ៊ុន​ចិន​មួយ​ដែល​រែង​រ៉ែ​មាស​ទី​នោះ នៅ​វេលា​ម៉ោង ៩-​១០​យប់ មាន​ទាំង​កាន់​កាំបិត ពូថៅ​ទៅ​ផង ហើយ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​ប្ដឹង​ពី​បទ​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​គេ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ស្វែង​រក​ភាព​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ ហើយ​តុលាការ​កំពុង​ធ្វើការ​ក្នុង​ដំណាក់កាល​ស៊ើប​សួរ​ក្នុង​រឿង​អង្គ​សេចក្ដី​ពាក់ព័ន្ធ​បណ្ដឹង​របស់​ក្រុមហ៊ុន ដែល​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ទៅ​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​គេ​នៅ​ពេល​យប់​នោះ។

លោក សោ សាវុធ បាន​ឲ្យ​ដឹង​ថា ៖ «រឿង​ក្តី​នេះ​កំពុង​រង់ចាំ​នូវ​ការ​អង្កេត​ថា តើ​ពួកគាត់​បាន​ប្រព្រឹត្ត​អំពើ​ដូច​ការ​ចោទ​ប្រកាន់​ដែរ​ឬ​អត់? បើ​សិន​ណា​ជា​ការ​ស៊ើប​អង្កេត​ក្នុង​រឿង​អង្គ​សេចក្ដី​ទី​១​ឃើញ​ថា គាត់​មាន​ចេតនា​ទុច្ចរិត​មែន​ពិត​អា​ហ្នឹង​ជា​ការ​រង​គ្រោះ​ដោយ​កំហុស​របស់​គាត់​ហើយ ព្រោះ​ការ​ចូល​ទៅ​ក្នុង​ទីតាំង ឬ​លំនៅ​ដែល​គេ​ហាម​ឃាត់​ក្នុង​ចន្លោះ​ម៉ោង​៦​យប់ ទៅ​ម៉ោង ៦​ព្រឹក​ហ្នឹង»

បុរស​ឈ្មោះ ឈួ ហឿត ដែល​រង​របួស​បាន​អះអាង​ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មីនា ប្រជាពលរដ្ឋ​ប្រុស​ស្រី​ជាង ៤០​នាក់​និង​រូប​គាត់​ផង បាន​នាំ​គ្នា​ទៅ​កន្លែង​ក្រុមហ៊ុន​ចិន​មួយ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ ដើម្បី​សុំ​អាចម៍​ដី​ដែល​ក្រុមហ៊ុន​ចិន​បាន​រែង​រក​រ៉ែ​មាស​រួច​ហើយ មក​រែង​រក​កម្ទេច​មាស​ដែល​អាច​នឹង​សេស​សល់​ខ្លះៗ ប៉ុន្តែ​ប៉ូលិស​ការពារ​ក្រុមហ៊ុន​ចិន​នោះ បាន​ប្រើ​អាវុធ​បាញ់​រះ​មក​លើ​ក្រុម​អ្នក​ភូមិ​តែម្ដង។ ក៏​ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា កន្លង​មក ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក ម៉ៅ ពៅ បាន​បដិសេធ​ថា ពុំ​មាន​ប៉ូលិស​បាញ់​រះ​ទៅ​លើ​អ្នក​ភូមិ​ទាំង​នោះ​ទេ៕