កូន​ចិញ្ចឹម​លោក ប៉ែន សុវណ្ណ អំពាវនាវ​រក​ជំនួយ​សប្បុរស​បន្ថែម

ដោយ វោហារ ជាតិ
2015.03.01
ប៉ែន សុវណ្ណ ៦២០ លោក ប៉ែន សុវណ្ណ សម្រាក​ព្យាបាល​នៅ​ផ្ទះ ក្នុង​ក្រុង​តាកែវ ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៥
RFA/Vohar Cheath

ស្ថានភាព​ជំងឺ​នៃ​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ ដែល​សព្វថ្ងៃ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​ខេត្ត​តាកែវ ស្ថិត​ក្នុង​ភូមិ​ស្នោ ឃុំ​រកាក្នុង ក្រុង​តាកែវ ​ មាន​ភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ហើយ តែ​ខ្វះ​ថវិកា​ព្យាបាល​បន្ត។

កូន​ចិញ្ចឹម​របស់​លោក គឺ​អ្នកស្រី ប៉ែន សុទ្ធា អាយុ ៤៣​ឆ្នាំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ មីនា ថា លោក ប៉ែន សុវណ្ណ មាន​ទឹក​មុខ​ស្រស់​ស្រាយ មាន​អារម្មណ៍​យល់​ដឹង​​ជាង​មុន តែ​នៅ​មិន​ទាន់​អាច​និយាយ​បាន និង​ដើរ​រួច​នៅ​ឡើយ។

អ្នកស្រី​ថា លោក ប៉ែន សុវណ្ណ អាយុ ៧៩​ឆ្នាំ ដែល​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ចាប់​ពី​​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១ គ្មាន​ក្រុម​គ្រួសារ​ទី​ពឹង​ទេ ហើយ​ក៏​គ្មាន​សល់​ប្រាក់ ឬ​ទ្រព្យ​សម្បត្តិ​សម្រាប់​មើល​ជំងឺ​ដែរ៖ «សុំ​អំពាវនាវ​ដល់​បងប្អូន​ខ្មែរ​យើង​នៅ​ឯ​នាយ​សមុទ្រ និង​នៅ​ក្នុង​ស្រុក សុំ​គាត់​ជួយ បើ​សិន​គាត់​នៅ​មាន​ទឹក​ចិត្ត​ស្រឡាញ់​រាប់​អាន សុំ​ជួយ​ឧបត្ថម្ភ​ថែម​បន្តិច​ទៀត។ សម្រាប់​គាត់​អត់​មាន​ក្រុម​គ្រួសារ​សម្រាប់​ទី​ពឹង​ទេ មាន​តែ​ក្មួយ​ហ្នឹង​ឯង ដល់​ពេល​អ៊ីចឹង​ក្មួយ​មិន​ដឹង​ទៅ​រក​អី​ចំណាយ​ធំដុំ​ជា​មួយ​គាត់ គឺ​គ្មាន​ទេ»

លោក ប៉ែន សុវណ្ណ ​បាន​ដួល​សន្លប់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៥ ​នៅ​ភ្នំពេញ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ក្នុង​ស្រុក​មួយ​ចំនួន និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សិង្ហបុរី (Singapore) ដោយ​បាន​ចំណាយ​ថ្លៃ​យន្ត​ហោះ​អស់​ប្រមាណ ២​ម៉ឺន​៤​ពាន់​ដុល្លារ ដែល​ចំនួន​នេះ​មិន​ទាន់​គិត​ថ្លៃ​ព្យាបាល​នៅ​ឡើយ។ បច្ចុប្បន្ន លោក​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។