យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញចុះផ្សាយថ្ងៃទី១ ខែកក្កដា វគ្គបណ្តុះបណ្តាលនេះ ដែលមានរយៈពេល៤ខែនឹងផ្តោតការយកចិត្តទុកដាក់ទៅលើប្រព័ន្ធគ្រប់គ្រងទិន្នន័យយុត្តិធម៌ ប្រព័ន្ធអ៊ិនត្រាណេតសម្រាប់ចែករំលែកព័ត៌មាននៅក្នុងការិយាល័យ និងគេហទំព័រសម្រាប់ផ្សព្វផ្សាយនូវព័ត៌មានក្នុងតុលាការ ដូចជាចំនួនរឿងក្តីនិងអត្រានៃការជំនុំជម្រះជាដើម។
ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Carol Rodley នៅក្នុងពិធីសម្ពោធបើកវគ្គបណ្តុះបណ្តាលនេះដែលប្រារព្ធធ្វើនៅឯក្រសួងយុត្តិធម៌ កាលពីថ្ងៃអង្គារម្សិលមិញ បានថ្លែងអំពីអំណរស្វាគមន៍ចំពោះការបណ្តុះបណ្តាលប្រព័ន្ធព័ត៌មានថ្មីនេះ ថាគឺជាសក្តានុពលជាកម្លាំងក្នុងការពង្រឹងផ្នែកជាច្រើននៃកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធ៌ម។
ក្នុងឆ្នាំនេះទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ថវិកាជំនួយចំនួនប្រមាណ២លានដុល្លារដើម្បីពង្រឹងនូវប្រព័ន្ធច្បាប់នៅកម្ពុជា ដោយបណ្តុះបណ្តាលចៅក្រម មេធាវី និងផ្តល់នូវមធ្យោបាយដល់មជ្ឈដ្ឋានសាធារណៈឲ្យមានលទ្ធភាពអាចទទួលបានព័ត៌មានអំពីតុលាការ៕
