អាមេរិកាំង​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួមភេទ​ជាមួយ​កុមារ

លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា.អេហ្វ.ប៉េ. ថា កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ លោក​បាន​ធ្វើការ​ចោទ​ប្រកាន់​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ឈ្មោះ Richard David Mitchell អាយុ​៦០​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារី​ពេស្យា​អាយុ​១៣​ឆ្នាំ ក្នុង​ទី​ងងឹត​នៅ​លើ​ផ្លូវ​ថ្នល់​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក អ៊ម រតនា នាយ​ប៉ូលិស​ក្រុង​ភ្នំពេញ​ទទួល​បន្ទុក​ផ្នែក​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​មាន​ប្រសាសន៍​ថា Richard David Mitchell បាន​ត្រូវ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​កន្លង​មក​នេះ ខណៈ​ដែល​កំពុង​ប្រព្រឹត្ត​ការរួមភេទ​ជាមួយ​កុមារី​ពេស្យា​នោះ។

នៅ​ពេល​ប៉ូលិស​សួរ​ចម្លើយ Mitchell បាន​បដិសេធ​ចំពោះ​ការចោទ​ប្រកាន់​នេះ ក៏​ប៉ុន្តែ Mitchell នឹង​អាច​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ដល់​១៥​ឆ្នាំ ប្រសិន​បើ​តុលាការ​រកឃើញ​កំហុស​ពិត​ប្រាកដ​និង​មាន​ភស្តុតាង បញ្ជាក់​ថា បាន​ប្រព្រឹត្ត​អំពើ​អនាចារ​នោះ​មែន៕