ភរិយា​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ចន ម៉ាកខេន មក​កម្ពុជា

លោកស្រី Cindy McCain ភរិយា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នៃ​គណបក្ស​សាធារណរដ្ឋ​លោក John McCain បាន​ទៅ​ទស្សនា​កន្លែង​ចាក់​សំរាម នៅ​ស្ទឹង​មានជ័យ ក្នុង​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង ប្រទេស​ថៃ ។

លោក ប៉ែន កុសល មន្ត្រី​នៃ​អង្គការ​សម្រាប់​ភាពញញឹម​របស់​កុមារ (For the Smile of a Child) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារាំង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អេ.ភី. ថា លោកស្រី Cindy McCain ដែល​ចូលរួម​យ៉ាង​សកម្ម ជាយូរ​មក​ហើយ ជាមួយ​អង្គការ​ជំនួយ​មនុស្សធម៌ គឺ​ជា​មនុស្ស​សាមញ្ញ និង​ចូល​ចិត្ត​ក្មេង​ៗ​ទាំងនោះ​ណាស់ ។

លោកថា នៅពេល​ជួប​សំណេះ​សំណាល ជាមួយ​កុមារ​រើស​សំរាម ដែល​អង្គការ​របស់​លោក​បាន​ផ្តល់​អាហារ​ពេលព្រឹក​សម្រាប់​ពួកគេ​នោះ លោកស្រី Cindy McCain បាន​ឱប​កុមារ​ទាំងនោះ ដោយ​មិន​ខ្ពើម​រអើម​ឡើយ បើ​ទោះ​ជា​ពួកគេ​មាន​សម្លៀក​បំពាក់​កខ្វក់ ក៏ដោយ ។

លោក ចេហ្វ ដៃហ្គល (Jeff Daigle) អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Cindy McCain ភរិយា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នៃ​គណបក្ស​សាធារណរដ្ឋ លោក John McCain នៅ​កម្ពុជា​ឡើយ ដោយ​គ្រាន់តែ​ថ្លែង​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​ឯកជន​តែ​ប៉ុណ្ណោះ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ស្បៀង​អាហារ​ពិភពលោក ។

សូមជម្រាប​ថា អង្គការ For the Smile of a Child បាន​ទទួល​ជំនួយ​ជា​អង្ករ ពី​អង្គការ​ស្បៀង​អាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​ឧបត្ថម្ភ​ដល់​កុមារា​និង​កុមារី ប្រមាណ​ជា ៦០០០​នាក់ ដែល​ភាគច្រើន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ នៅក្បែរ​កន្លែង​ចាក់​សំរាម ហើយ​នាំគ្នា​រុករក​កកាយ​រើស​កំប៉ុង សម្បក​ដប និង​ថង់​ផ្លាស្ទីក ពី​គំនរ​សំរាម ដើម្បី​លក់​យក​កម្រ​ៃចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ ៕